The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​រំពឹង​ទុក​ដ៏​អស្ចារ្យ​

ការ​រំពឹង​ទុក​ដ៏​អស្ចារ្យ​

Content image - Phnom Penh Post

ការ​រំពឹង​ទុក​ដ៏​អស្ចារ្យ​

កាល​ពី​អតីតកាល វា​អាច​ជា​រឿង​ពិបាក​សម្រាប់​អ្នក​ទិញ​រថយន្ត​នៅ​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​រថយន្ត​របស់​ចិន​ជំនួស​ឲ្យ​រថយន្ត​ជប៉ុន ​និង​រថយន្ត​មក​ពី​អឺរ៉ុប ប៉ុន្តែ​បច្ចុប្បន្ន​នេះ​វា​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​។​

អគ្គនាយក​ក្រុមហ៊ុន Worldwide Motors (WMC) ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត Great Wall នៅ​កម្ពុជា​បាន​ថ្លែង​ថា ​វា​ជា​ពេលវេលា​ដ៏​រំភើប​សម្រាប់​ឧស្សាហកម្ម​យានយន្ត​របស់​ចិន​នៅ​កម្ពុជា​។

លោក Peang Mann អគ្គនាយក​ក្រុមហ៊ុន WMC ថ្លែង​ថា​ ការ​អភិវឌ្ឍ​ថ្មីៗ​កំពុង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​កើន​ឡើង​នូវ​វត្តមាន​រថយន្ត​ចិន​នៅ​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស ​កម្ពុជា​។​

លោក​បញ្ជាក់​ថា​ ការ​ផ្លាស់ប្តូរ​ការ​យល់​ឃើញ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ទៅ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន គួប​ផ្សំ​នឹង​តម្លៃ​ប្រកួត​ប្រជែង និង​សេវាកម្ម​បន្ទាប់​ពី​ការ​លក់​ធ្វើ​ឱ្យ​មាន​វត្តមាន​រថយន្ត​មក​ពី​ក្រុមហ៊ុន​យក្ស​អាស៊ី​មួយ​នេះ​កើន​ឡើង​។​

លោក Mann បន្ត​ថា​៖ «​ទស្សនៈ​អវិជ្ជមាន​ចម្បង​លើក​ឡើង​ថា​ រថយន្ត​ចិន​មាន​តម្លៃ​ទាប ដូច្នេះ​គេ​គិត​ថា ​វា​មាន​គុណភាព​ទាប​ដែរ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ប្រជាជន​ចាប់​ផ្តើម​ដឹង​ថា ​គុណភាព​រថយន្ត​ចិន ​គឺ​​ល្អ​មិន​ចាញ់​រថយន្ត​ផ្សេង​ទៀត​នៅ​លើ​ទីផ្សារ​នោះ​ទេ​»​។

ជាមួយ​នឹង​តម្រូវ​ការ​រថយន្ត​ចិន​កំពុង​កើនឡើង​ក្រុមហ៊ុន WMC គ្រោង​នឹង​បើក​រោងចក្រ​ដំឡើង​រថយន្ត​ថ្មី​មួយ​ទំហំ​ពី ៣៣ ទៅ ៥០ ហិកតា នៅ​ខេត្ត​ព្រៃវែង​ជិត​ព្រំដែន​វៀតណាម​ក្នុង​ឆ្នាំ​នេះ ដោយ​មាន​ជំនួយ​បច្ចេកទេស​ពី​ក្រុមហ៊ុន​រថយន្ត Great Wall ដើម្បី​ធានា​ថា​ គ្រប់​រថយន្ត​របស់​ខ្លួន​ទាំង​អស់​មាន​គុណភាព​ខ្ពស់​បំផុត​មុន​ពេល​ទៅ​ដល់​ដៃ​អតិថិជន​។

Content image - Phnom Penh Post

លោក Mann បាន​បញ្ជាក់​ថា​៖ «​រោងចក្រ​នេះ​មាន​សមត្ថភាព​ដំឡើង​រថយន្ត​បាន​ចំនួន ​៥ ​ម៉ឺន​គ្រឿង ក្នុង​ ១ ឆ្នាំ​ ហើយ​យើង​សង្ឃឹម​ថា​ នៅ​ក្នុង​រយៈពេល ​២ ​ឬ ​៣ ឆ្នាំ​ដំបូង យើង​អាច​ដំឡើង​រថយន្ត​បាន​ចន្លោះ​ពី ​៥០០​ ទៅ​ ១ ០០០ ​គ្រឿង ​ក្នុង ​១ ​ឆ្នាំ ប៉ុន្តែ​ចំនួន​នេះ​នឹង​កើន​ឡើង ​ខណៈ​វិនិយោគិន​ចូល​មក​កាន់​តែ​ច្រើន​»​។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​រថយន្ត Great Wall ទិញ​រោងចក្រ​របស់​ក្រុមហ៊ុន General Motors នៅ​ប្រទេស ​ថៃ ដើម្បី​ពង្រីក​ទីផ្សារ​ទៅ​ក្នុង​ទីផ្សារ​អាស៊ាន​ដែល​រួម​មាន​ទាំង​ប្រទេស ​មីយ៉ាន់ម៉ា​ វៀតណាម និង​ប្រទេស ​ឡាវ និង​បង្កើន​ចំណែក​ទីផ្សារ​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ខ្លួន​ដំណើរការ​រួច​ហើយ រួម​ទាំង​ប្រទេស ​កម្ពុជា ជាមួយ​ប្រទេស ​ម៉ាឡេស៊ី​ និង​ប្រទេស ​ឥណ្ឌូនេស៊ី។

ក្រុមហ៊ុន WMC លក់​រថយន្ដ​ចិន​ច្រើន​ម៉ូដែល​ដូចជា​រថយន្ត​ម៉ាក Great Wall រថយន្ត ភិកអាប់ រថយន្ត ប្រភេទ SUV រាប់​ចាប់​ពី​ម៉ាក Haval, Zotye Huanghai, Traum និង FAW ក៏​ដូច​ជា​រថយន្ត​មីនីវ៉ែន BAW ជាដើម ដែល​ចាប់​ផ្តើម​ប្រតិបត្តិការ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៣​ មក​ម្ល៉េះ។

ចំពោះ​តម្លៃ​វិញ​មាន​ចាប់ពី ២០ ៧០០ ​​ដុល្លារ សម្រាប់​រថយន្ត Great Wall Voleex C30 និង 45,000 ទៅ ៦៨ ០០០ ដុល្លារ សម្រាប់​រថយន្ត Haval H6 រហូត​ដល់ ៧៣ ០០០ ​ដុល្លារ សម្រាប់​រថយន្ត​ប្រភេទ Haval H9 SUV​។ ចំពោះ​រថយន្ត H9 គឺ​ជា​រថយន្ត​ធំ​ទូលាយ​ដ៏​ទំនើប មាន ​៧ កៅអី ​នឹង​មាន​តម្លៃ​សមរម្យ​។

ជាមួយ​នឹង​ការ​យល់ដឹង​យ៉ាង​ឆាប់​រហ័ស​នៃ​គុណភាព​ដ៏​ខ្ពស់​ទើប​ក្រុមហ៊ុន WMC បាន​មើលឃើញ​ការ​លក់​រថយន្ត​ចិន​កើន​ឡើង​ចំនួន ​៦០ ​ភាគរយ​កាល​ពី​ឆ្នាំ​មុន ធៀប​ទៅ​នឹង​ឆ្នាំ ​២០១៨ ពោល​គឺ​កើន​ឡើង​ពី ​៣០០ ​ទៅ ​៥០០ ​គ្រឿង​។

លោក Mann បាន​ប្តេជ្ញា​ចិត្ត​ថា ​នឹង​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ឡាន​ថ្មី​ផ្ទាល់​ខ្លួន​ហើយ​លោក​បាន​និយាយ​ថា​ការ​ទិញ​រថយន្ត​របស់​លោក​ក៏​មាន​ការ​បង់​មុន​ត្រឹម​តែ ​១៥ ​ទៅ ​២០ ​ភាគរយ ​នៃ​តម្លៃ​រថយន្ត​នៅ​ក្នុង​ប្រទេស ​កម្ពុជា និង​មាន​ការ​ផ្តល់​សេវា​ប្រចាំ​ឆ្នាំ​ដោយ​ឥតគិត​ថ្លៃ​​សម្រាប់​អំឡុង​ពេល​បង់​ប្រាក់ និង​មាន​ការ​ធានា​រយៈពេល​ពី ​៥ ​ទៅ ​៧ ​ឆ្នាំ​។

Content image - Phnom Penh Post

លោក​បាន​ស្វះស្វែង​ឲ្យ​មាន​ការ​ជួយ​​​ពី​ធនាគារ​នៅ​ក្នុង​គោលដៅ​​នេះ​ ដើម្បី​ផ្តល់​ជម្រើស​ឥណទាន​កាន់​តែ​ច្រើន​ដល់​ទាំង​អ្នក​ទិញ ​និង​អ្នក​ចែកចាយ ហើយ​បាន​អញ្ជើញ​វិនិយោគិន​ឲ្យ​មក​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។

លោក Mann ថ្លែង​ថា​ ការ​កសាង​គុណភាព​រថយន្ត​ចិន គឺ​វា​បាន​ឆ្លុះ​បញ្ចាំង​លើ​កត្តា​សុវត្ថិភាព​។​

«​ម៉ាក Haval និង​ម៉ាក​ដ៏ទៃ​ទៀត បាន​ទទួល​ចំណាត់​ថ្នាក់​សុវត្ថិភាព​ខ្ពស់​បំផុត​លំដាប់​ផ្កាយ ​៥ ពី​កម្មវិធី​វាយ​តម្លៃ​សុវត្ថិភាព​រថយន្ត ANCAP [Australian New Car Assessment Program]។

លោក​មាន​ប្រសាសន៍​ថា​៖ «ការ​កសាង​គុណភាព​នៃ​រថយន្ត​ចិន​របស់​យើង​យ៉ាង​ហោច​ណាស់ ​គឺ​ដូចគ្នា​នឹង​រថយន្ត​មក​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន កូរ៉េ អាមេរិក ឬ​អាល្លឺម៉ង់ ដោយ​ភាគ​ច្រើន​នៃ​រថយន្ត​ទាំង​នេះ ​គឺ​ផលិត​នៅ​ក្នុង​ប្រទេស ​ចិន​»​។

ពិត​ណាស់​ការ​យល់​ឃើញ​អំពី​គុណភាព​នៃ​រថយន្ត​ចិន​បាន​ផ្លាស់ប្តូរ​អស់​មួយរយៈ​ពេល​មក​ហើយ​។

លោក Robin Page អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​រចនា​ម៉ូឌែល​នៅ​ក្រុមហ៊ុន​រថយន្ត Volvo បាន​ឲ្យ​ដឹង​ថា បើ​ងាក​ត្រឡប់​ទៅ​មើល​ឆ្នាំ ​២០១៨ ​វិញ គឺ​ថា​គុណភាព​នៃ​ការ​ផលិត​រថយន្ត​ចិន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊ុយអែត​បាន​ជ្រើសរើស​ការ​ផលិត​រថយន្ត​នៅ​ក្នុង​ប្រទេស ​ចិន​។

លោក Page ថ្លែង​ប្រាប់​គេហទំព័រ​រថយន្ត Go Auto របស់​អូស្ត្រាលី​ថា​៖ «​អ្វី​ដែល​យើង​រក​ឃើញ ​គឺ​ថា​គុណភាព​នៃ​រថយន្ត​នៅ​ក្នុង​ប្រទេស ​ចិន ​ទាំង​នោះ​គឺ​ពិត​ជា​ល្អប្រសើរ​ជាង​នៅ​អឺរ៉ុប​ទៅ​ទៀត​។ គ្រប់​គ្នា​ព្រួយ​បារម្ភ​អំពី​គុណភាព​ ប៉ុន្តែ​នៅ​ពេល​ដែល​ចិន​ចាប់​ផ្តើម ​នោះ​គុណភាព​ខ្ពស់​ជាង​នៅ​អឺរ៉ុប​ទៀត​»​។ ​លោក Mann មាន​ទំនុក​ចិត្ត​ថា​ រថយន្ត​ដែល​ត្រូវ​បាន​លក់​ដោយ​ក្រុមហ៊ុន WMC គឺ​អាច​ប្រកួតប្រជែង​ជាមួយ​រថយន្ត​ដទៃ​ទៀត​បាន​។

លោក​បន្ថែម​ថា​៖«​ប្រជាជន​យល់ដឹង​កាន់​តែ​ច្រើន​ថា​ រថយន្ត​ចិន​មាន​ភាព​ទាក់ទាញ​កម្រិត​ណា ទាក់ទង​នឹង​ការ​រចនា លក្ខណ​ពិសេស ក៏​ដូចជា​គុណភាព​។ សាកល្បង​ប្រើប្រាស់​រថយន្ត​ចិន​នោះ​លោក​អ្នក​នឹង​មើល​ឃើញ​ដោយ​ខ្លួន​ឯង​ថា ​វា​ល្អ​កម្រិត​ប៉ុនណា?»៕

អត្ថបទគួរចាប់អារម្មណ៍