ភ្នំពេញៈ វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​សកល​កូវីដ​ ១៩ បាន​ធ្វើឱ្យ​តម្លៃ​ដីធ្លី​នៅ​ក្រុង​សៀមរាប និង​ក្រុងព្រះសីហនុ​ក្នុង​ឆ្នាំ​ ២០២០ បង្ហាញ​សញ្ញា​ធ្លាក់ចុះ​ព្រម​គ្នា ខណៈ​រាជធានី​ភ្នំពេញ​រក្សាបាន​នូវ​កំណើន​តិចតួច​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ឃី រៀលអ៊ីស្ទេត​។

ក្នុង​បទបង្ហាញ​ «​បច្ចុប្បន្នភាព​នៃ​ទីផ្សារ​អចលនវត្ថុ​ក្នុងអំឡុងពេល​កូវីដ ​១៩»​ ដែល​រៀបចំ​ដោយ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) នៅ​ថ្ងៃទី​ ២០ ខែឧសភា ប្រធាន​ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត លោក សន សៀប បាន​លើកឡើង​ថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​ចរន្ត​ការធ្វើដំណើរ​របស់​វិនិយោគិន​បរទេស​មក​កម្ពុជា​ធ្លាក់ចុះ​នោះ​បាន​បណ្តាល​ឱ្យ​សកម្មភាព​ទិញ-លក់ និង​តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ មិនមាន​កម្លាំង​ខ្លាំង​ដូច​ឆ្នាំ​ ២០១៩ ទេ ជាក់ស្តែង​ក្រៅពី​ក្នុង​រាជធានី​ភ្នំពេញ តម្លៃ​ដី​នៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ចំនួន ២ របស់​កម្ពុជា គឺ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​បាន​បង្ហាញ​ពី​ការធ្លាក់ចុះ​ដូចៗ​គ្នា​។

ការស្រាវជ្រាវ​របស់ ឃី រៀលអ៊ីស្ទេត រកឃើញ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០ ដី​នៅក្នុង​ក្រុង​ព្រះសីហនុ​មាន​តម្លៃ​ជា​មធ្យម ១ ២៤០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ធ្លាក់ចុះ ១០,១ ​ភាគរយ​ធៀប​នឹង ១ ៣៨០ ​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ និង​ដី​ក្នុង​ក្រុង​សៀមរាប​មានតម្លៃ ១ ៥២០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ ធ្លាក់ ៥,០ ​ភាគរយ​ពី ១ ៦០០ ​ដុល្លារ​។

ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ គឺ​នៅ​រក្សា​កំណើន​ត្រឹម ១,៩ ​ភាគរយ ដោយ​ជា​មធ្យម​ដី​មាន​តម្លៃ ២ ១១០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ កើន​ពី​ចំនួន ២ ០៧០ ​ដុល្លារ​។ ក្នុងនោះ​ដី​នៅ​ខណ្ឌដង្កោ មាន​កំណើន​ខ្ពស់​ជាងគេ ១៧,៩ ​ភាគរយ​, សែនសុខ ៧,៣ ​ភាគរយ និង​ខណ្ឌ​ព្រែក​ព្នៅ ៦,៥ ​ភាគរយ ខណៈ​ខណ្ឌ​នៅ​កណ្តាល​ក្រុង​ (​ចំការមន​, បឹង​កេងកង​, ដូនពេញ​, ៧ ​មករា និង​ទួលគោក​) តម្លៃ​ស្ថិតនៅ​ដដែល​។

លោក សន សៀប ប្រាប់ទៀតថា ការធ្លាក់ចុះ​តម្លៃ​ដីធ្លី​នៅក្នុង​ក្រុង​សៀមរាប និង​ក្រុងព្រះសីហនុ គឺ​ជាប់ទាក់ទង​ខ្លាំង​នឹង​ការ​ផ្ទុះឡើង​ជំងឺ​កូវីដ​ ១៩ ដែល​បានក្លាយ​ជា​ឧបសគ្គ​សម្រាប់​ការធ្វើ​ដំណើរ​របស់​វិនិយោគិន​បរទេស ពិសេស​ជនជាតិ​ចិន​មក​កម្ពុជា​។ ទោះយ៉ាងណា​ស្ថានភាព​នេះ​នឹង​ប្រសើរ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាននិង​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​ត្រៀម​ទទួល​យក​កំណើន​សេដ្ឋកិច្ច និង​ការវិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​តម្លៃ​ដីធ្លី​នៅ​កម្ពុជា​នឹងមាន​កំណើន​ឡើងវិញ​នៅ​ចុងឆ្នាំ​ ២០២១ នេះ ឬ​ដើមឆ្នាំ​ ២០២២ ខាងមុខ ព្រោះ​ជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​ការទូត និង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​ប្រទេស​ធំ ពិសេស​ការបង្កើតបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) កម្ពុជា-ចិន វា​នឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ដែលមាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​ បន្ទាប់ពី​កូវីដ​១៩ បញ្ចប់​»​។

ដើម្បី​បង្កើន​ភាពទាក់ទាញ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ រដ្ឋាភិបាល​កម្ពុជា​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ បាន​បញ្ចេញ​ថវិកាជាតិ​ប្រមាណ​ជិត ៣០០ លាន​ដុល្លារ​សម្រាប់​កសាង​ផ្លូវ​ចំនួន ៣៤ ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មាន​ប្រវែង​សរុប ៨៤ គីឡូម៉ែត្រ​។ ១ ​ឆ្នាំ​ក្រោយមក នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២០ រដ្ឋាភិបាល​ក៏បាន​ចំណាយ​ថវិកា​ប្រមាណ ១៥០ ​លាន​ដុល្លារ​ទៀត​លើ​ការសាងសង់​ផ្លូវ​ចំនួន ៣៨ ​ខ្សែ​នៅ​ខេត្តសៀមរាប​។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹក សុខនីម បាន​លើកឡើង​ថា ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ការរឹតបន្តឹង​ការធ្វើដំណើរ​ជា​លក្ខណៈ​អន្តរជាតិ​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០២០ និង​ដើម​ឆ្នាំនេះ ដែល​ការវិនិយោគ​ភាគច្រើន​គឺជា​របស់​ជនបរទេស​។

លោក​បន្តថា ទោះយ៉ាងណា​ពេល​នេះ​លោក​សង្កេតឃើញ​ថា កំណើន​ការវិនិយោគ​ពី​សំណាក់​វិនិយោគិន​ក្នុង​ស្រុក​ពេលនេះ​ក៏មាន​ចំនួន​កាន់តែច្រើន​គួរឱ្យ​កត់សម្គាល់​ផងដែរ​។

លោក​បាន​បន្ថែមថា តាមរយៈ​ការខិតខំ​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ របស់​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា លោក​រំពឹង​ថា​ទីផ្សារ​នេះ​នឹង​មាន​សម្ទុះ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​។

លោក​អះអាងថា​៖ « សម្រាប់​ជនបរទេស​ (​ភាគច្រើន​ជនជាតិ​ចិន​) អាច​នឹង​ចាប់ផ្តើម​ចូលមក​វិនិយោគ​នៅ​កម្ពុជា​វិញ​ក្នុង​រយៈពេល ៣-៤ ​ខែ​ខាងមុខ ប៉ុន្តែ​ចំពោះ​ការវិនិយោគ​ក្នុងស្រុក​គឺ​បានចាប់ផ្តើម​មាន​ឡើងវិញ​ហើយ​»​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឱ្យដឹងថា ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​រយៈពេល ៩ ខែ ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៥ ៨៦៨ លាន​ដុល្លារ ថយចុះ ៩,៦ ​ភាគរយ ពី​ចំនួន ៦ ៤៩៤ លាន​ដុល្លារ​កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩៕ LA

វីដេអូ៖