ភ្នំពេញៈ ការធ្លាក់ចុះ​សកម្មភាព និង​ការផ្អាក​សាងសង់ ដោយសារ​ឥទ្ធិពល​នៃ​ការបន្ត​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើ​ឱ្យប្រាក់​ដែល​កម្ពុជា​ចំណាយ​ទៅលើ​ការនាំចូល​ដែក និង​ស៊ីម៉ងត៍​ក្នុង​ឆ្នាំ​ ២០២០ ធ្លាក់​ជិត ៣០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​។

របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២០ របស់​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចូល​ដែក និង​ស៊ីម៉ងត៍​ក្នុង​តម្លៃ​សរុប ៤៦៩,៨៨ ​លាន​ដុល្លារ ធ្លាក់ចុះ ២៨,៦៦ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​តម្លៃ ៦៥៨,៧១ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចូល​ដែក​មាន​ទឹកប្រាក់ ៤០៣,៦៣ ​លាន​ដុល្លារ ធ្លាក់ ២៧,៥២ ​ភាគរយ ពី​ចំនួន ៥៥៦,៨៥ ​លាន​ដុល្លារ និង​ស៊ីម៉ងត៍​មានតម្លៃ ៦៦,២៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៤៨,៥៩ ​ភាគរយ ពី​ចំនួន ១២៨,៨៦ ​លាន​ដុល្លារ​។

ប្រធាន​គ្រប់គ្រង​ទូទៅ​សមាគម​អ្នកសាងសង់​កម្ពុជា លោក ជីវ ស៊ីវផេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការធ្លាក់ចុះ​ចំនួន​ប្រាក់​នាំចូល​ដែក និង​ស៊ីម៉ងត៍​ក្នុង​ឆ្នាំ​ ២០២០ គឺ​ជាប់ទាក់ទង​ផ្ទាល់​ទៅនឹង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បាន​បង្ខំ​ឱ្យ​ការដ្ឋាន​មួយចំនួន​មិនអាច​ដំណើរការ​លឿន​ទៅមុខ​បាន​ដូច​ការគ្រោងទុក​។

ទីផ្សារ​នេះ ​នឹងមាន​សម្ទុះ​ឡើងវិញ​លុះត្រាតែ​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​ទាំងស្រុង ដោយ​ពេលនោះ​ការបោះ​ទុនវិនិយោគ​លើ​វិស័យ​សំណង់​ប្រាកដជា​នឹង​ស្ទុះ​ឡើងវិញ​។

លោក​ប្រាប់ថា​៖ «​ពេល​សកម្មភាព​សាងសង់​ធ្លាក់ចុះ គ្រប់​សម្ភារ​ដែល​ទ្រទ្រង់​ក្នុង​វិស័យ​សំណង់​នឹង​ធ្លាក់ចុះ​ដូចគ្នា​។ សូម្បីតែ​ទុនវិនិយោគ​វិស័យ​សំណង់​ដែល​ក្រសួង​រៀបចំ​ដែនដី អនុម័ត​ក្នុង​ឆ្នាំ​ ២០២០ ក៏​បង្ហាញ​ពី​សញ្ញា​អវិជ្ជមាន​ដែរ​ធៀប​នឹង​ឆ្នាំ​ ២០១៩»​។

ជាមួយ​គ្នា​នេះ​លោក ស៊ីវផេង ក៏បាន​លើកឡើង​ដែរ​ថា សម្រាប់​ការធ្លាក់ចុះ​ទឹកប្រាក់​ពី​នាំចូល​ស៊ីម៉ងត៍​ដែលមាន​ទំហំ​ជិត ៥០ ​ភាគរយ​នោះ គឺ​ដោយសារ​ការផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា​កើនឡើង​ជា​បន្តបន្ទាប់​។

អគ្គលេខាធិការ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា លោក ពុត ចន្តារិទ្ធ កាលពី​ខែកុម្ភៈ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ទោះ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ បន្ត​អូស​បន្លាយពេល​ជាង ១ ​ឆ្នាំ ក៏​ការផលិត​ស៊ីម៉ងត៍​របស់​រោងចក្រ​ទាំង​ ៥ នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០២០ មិនបាន​ធ្លាក់ចុះ​ឡើយ​។

តាម​ទិន្នន័យ​ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​ផលិត​ស៊ីម៉ងត៍​បាន​សរុប ៧,៩ ​លាន​តោន កើនឡើង ៧ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៩​។

លោក​បន្ថែមថា ជាមួយនឹង​ស្ថានភាព​កាន់តែ​ប្រសើរ​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ លោក​រំពឹងថា ការផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ នឹងមាន​កំណើន​លើស​ឆ្នាំ​ ២០២០​។

លោក​បន្ថែមថា​៖ «​កំណើន​ផលិតផល​ក្នុងស្រុក​នឹង​ដើរតួនាទី​សំខាន់​ដើម្បី​ជំនួស​ការនាំ​ចូល ខណៈ​បច្ចុប្បន្ន​កម្ពុជា​នៅមាន​នាំចូល​ស៊ីម៉ងត៍​ពី​ប្រទេស​វៀតណាម ថៃ និង​ចិន​»​។ ផលិតផល​ក្នុងស្រុក គឺជា​ចំណែក​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ​»​។

លោក សួន រិទ្ធី ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​នាំចូល​ដែក PEB Steel បាន​ប្រាប់ថា ការលក់​របស់​ក្រុមហ៊ុន PEB Steel កាលពី​ឆ្នាំ ​២០២០ បាន​ធ្លាក់ចុះ​បន្តិចបន្តួច ព្រោះ​ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ការសាងសង់​មួយចំនួន​ផ្អាក​សកម្មភាព​។ តម្រូវការ​ដែក​នឹង​កើនឡើង​វិញ​នៅពេល​ជំងឺ​កូវីដ​ ១៩ បញ្ចប់​។ លោក​បន្តថា ក្រៅពី​ការចាប់ផ្តើម​បង្កើនល្បឿន​សាងសង់​ឡើងវិញ​ក៏​នឹងមាន​គម្រោង​ថ្មីៗ​ចាប់ផ្តើម​ផងដែរ​។

លោក​អះអាងថា​៖ «​កំណើន​នៃ​ការនាំចូល​ដែក​ពី​បរទេស​មក​កម្ពុជា នឹង​ហក់​ឡើងវិញ​អាស្រ័យ​ថា តើ​ពេលណា​ជំងឺ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​»​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី​ឱ្យ​ដឹងថា ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២០ មាន ៥ ៨៦៨ ​លាន​ដុល្លារ ថយចុះ ៩,៦ ​ភាគរយ​ពី ៦ ៤៩៤ ​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩៕LA