ភ្នំពេញៈ ការបន្ត​អូសបន្លាយ​ពេល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ទីផ្សារ​ជួល​លក់រាយ​ (Retail) នៅ​ភ្នំពេញ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ បានបង្ហាញ​សញ្ញា​អវិជ្ជមាន​ជា​បន្តបន្ទាប់​ទាំង​តម្លៃ​ជួល អត្រា​ប្រើប្រាស់ និង​អតិថិជន​។ នេះ​បើតាម​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ស្រាវជ្រាវ​របស់ CBRE Cambodia ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃ​ ៧ ខែមេសា បាន​ឱ្យ​ដឹងថា ក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២១ មាន​គម្រោង​កន្លែង​ជួល​សម្រាប់​លក់រាយ (Retail Project)​ ចំនួន ៤ ​បាន​បញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ ដែល​ធ្វើឱ្យ​ផ្ទៃក្រឡា​កន្លែង​លក់រាយ​ក្នុង​ក្រុងភ្នំពេញ​កើន​ដល់​ជិត ៥០ ​ម៉ឺន​ម៉ែត្រការ៉េ​។

កំណើន​នៃ​ការដាក់ចូល​ទីផ្សារ​នេះ​បាន​ធ្វើឱ្យ​តម្លៃ​ជួល​មាន​ការប្រែប្រួល​ខ្លះ​ដូចជា កន្លែង​ជួល​លក់រាយ​ប្រភេទ Prime High Street (​ហាង​លក់ទំនិញ​តាម​ផ្លូវធំៗ​) បច្ចុប្បន្ន​មាន​តម្លៃ​ជួល​មធ្យម ២៣,៦១ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​រយៈពេល​ ១ ​ខែ ធ្លាក់ចុះ ១០ ​ភាគរយ ​បើ​ធៀប​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២០ ប្រភេទ Prime Shopping Mall និង Prime Retail Podium មានតម្លៃ​នៅ​ថេរ គឺ ២៨,៤៦ ​ដុល្លារ និង ២៤,៥០ ​ដុល្លារ និង​ប្រភេទ Community Mall តម្លៃ ២២,៣១ ​ដុល្លារ កើនឡើង ៤,២ ​ភាគរយ​។

របាយការណ៍​ឱ្យដឹងទៀតថា ក្នុង​ត្រីមាស​ទី​១ អត្រា​ប្រើប្រាស់​កន្លែង​ជួល​លក់រាយ​ធ្លាក់ចុះ ៨,៦ ​ភាគរយ​មក​នៅត្រឹម​ ៧៤,៩ ​ភាគរយ ខណៈ​ចំនួន​អ្នកទិញ​ទំនិញ​នៅ​កន្លែង​លក់រាយ​ធ្លាក់ចុះ​យ៉ាងច្រើន​។

អ្នកនាង គឹម គិនកេសា អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់ថា នៅ​ដើមឆ្នាំ​ ២០២១ ទីផ្សារ Retail ក្នុង​រាជធានី-ភ្នំពេញ​មិនល្អ​ទេ ជាពិសេស​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ​ដែល​ធ្វើឱ្យ​ការជួល អត្រា​ប្រើប្រាស់ និង​ការចេញចូល​របស់​អតិថិជន​ធ្លាក់ចុះ​យ៉ាងគំហុក​។

ការធ្លាក់ចុះ​នេះ​នឹង​អាច​អូសបន្លាយ​ពេល​យូរ​ទៅមុខ​បន្ថែមទៀត​។ អ្នកនាង​បន្តថា យោងតាម​ទិន្នន័យ​របស់ Google Mobility Tracker ការចេញចូល Retail របស់​អតិថិជន​នៅក្នុង​ពាក់កណ្តាល​ខែមីនា ឆ្នាំនេះ​បាន​ធ្លាក់​រហូតដល់ ៤៧ ​ភាគរយ​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២០​។ ចំនួន​នេះ​កើនឡើង​ពី​ជាង ២០ ​ភាគរយ​នៅមុន​ពេល​មាន​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។

អ្នកនាង​ថ្លែងថា​៖ «​តាម​ការព្យាករ​ទីផ្សារ Retail នឹង​បន្ត​រង​ឥទ្ធិពល​អវិជ្ជមាន​បន្តទៀត​ក្នុង​ត្រីមាស​ទី​២ នេះ បន្ទាប់ពី​ការដាក់ចេញ​វិធានការ​មួយចំនួន​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​។ យ៉ាងណាមិញ វិធានការ​ទាំងនេះ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការបញ្ឈប់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​លើក​នេះ​ទាំងស្រុង ដើម្បី​ចៀសវាង​ផលប៉ះពាល់​រយៈពេល​វែង​ក្នុង​វិស័យ​ផ្សារ​លក់រាយ​នៅ​កម្ពុជា​»​។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​ប្រាប់ថា តាំងពី​មាន​ការផ្ទុះឡើង​ជំងឺ​កូវីដ ​១៩ ស្ថានភាព​ទីផ្សារ Retail នៅ​កម្ពុជា​មិនមាន​ភាពល្អប្រសើរ​ទេ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​កាន់តែ​អាក្រក់​បន្ថែមទៀត​នោះ គឺ​ការផ្ទុះឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ ដែល​ធ្វើឱ្យ​ចលនា​នៃ​ការជួល​ទីតាំង​លក់ទំនិញ​ធ្លាក់ចុះ​យ៉ាងគំហុក​។ ការធ្លាក់ចុះ​នេះ​អាច​នឹងត្រូវ​ប្រើពេល​យូរ​បើ​ការឆ្លង​រាលដាល​នៅតែមាន ហើយ​ការចាក់​វ៉ាក់សាំង​មិនទាន់បាន​ច្រើន​ដល់​ប្រជាជន​។

លោក​បាន​បន្ថែមថា​៖ «​ទីផ្សារ​នេះ​នឹង​មាន​ភាពល្អ​ប្រសើរឡើង​វិញ​នៅពេលណា​ដែល​ជំងឺ​កូវីដ ​១៩ អាច​គ្រប់គ្រង​បាន ហើយ​នៅពេលនោះ​មិន​ត្រឹមតែ​អតិថិជន​ក្នុងស្រុក​ទេ សូម្បី​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា​ក៏​នឹងមាន​ច្រើន​ឡើងវិញ ដែល​នឹង​ធ្វើឱ្យ Retail ស្ទុះ​ងើបឡើង​វិញ​»​។

បើ​យោងតាម CBRE Cambodia គម្រោង ៤ ដែល​ដាក់​ចូលក្នុង​ទីផ្សារ​ក្នុង​ត្រីមាស​ទី​១ រួមមាន The Green Avenue Sen Sok ទំហំ ៦ ៨៦៤ ​ម៉ែត្រការ៉េ​, TK Central Toul Kork ទំហំ ៣ ៥៤០ ​ម៉ែត្រការ៉េ​, View Park Mail Daun Penh ទំហំ ៥ ៤៨៥ ​ម៉ែត្រការ៉េ និង Boeung Snor Food Village Chbar Ampov ទំហំ ១២ ០០០ ​ម៉ែត្រការ៉េ​៕ LA