ភ្នំពេញៈ អគារ «Financial building» ​ដែលមាន​តម្លៃ​សាងសង់​ប្រមាណ ៥០ ​លាន​ដុល្លារ​ នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង Olympia City របស់​ក្រុមហ៊ុន OCIC បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​កាលពីដើម​ខែកុម្ភៈ​កន្លងមក​ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៤​។

«Financial building» ដែលមាន​ទីតាំង​ជាប់​របង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​សាងសង់​ឡើងជា​លក្ខណៈ​អគារ​ប្រើប្រាស់​ចម្រុះ​មានដូចជា ហាង​លក់ទំនិញ ភោជនីយដ្ឋាន និង​មន្ទីរ​សម្រាក​ព្យាបាល​ជាដើម​។ អគារ​នេះ​នឹង​ចែកចេញ​ជា ២៧ ​ល្វែង​ដោយ​ល្វែង​នីមួយៗ​មាន​ទទឹង ៨,២ ​ម៉ែត្រ បណ្តោយ ២៤ ​ម៉ែត្រ និង​មាន​មួយចំនួន​កម្ពស់ ១០ ​ជាន់ និង​ខ្លះទៀត​កម្ពស់ ៨ ​ជាន់ ចំណែក​នៅក្រោម​ដី ១ ​ជាន់​ (​លក្ខណៈ​ឯកជន​) និង​ចំនួន ២ ​ជាន់​ទៀត​ប្រើប្រាស់​ជា​ចំណត​រួម​។

លោក ម៉េង ចំរើន ប្រធាន​គ្រប់គ្រង​នៃ​គម្រោង Olympia City បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២៤ ខែមីនា​ថា ទោះបីជា​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​រីករាលដាល​ខ្លាំង​នៅ​កម្ពុជា ក៏​សកម្មភាព​សាងសង់​នៅក្នុង​គម្រោង​អភិវឌ្ឍន៍ Olympia City មិនបាន​ផ្អាក​សកម្មភាព​នោះទេ​។

ជាក់ស្តែង​កាលពីដើម​ខែកុម្ភៈ​នេះ ក្រុមហ៊ុន​បានចាប់ផ្តើម​សង់​អគារ​ដ៏ទំនើប​មួយទៀត​មាន​ឈ្មោះថា «Financial building»​។ លោក​បន្តថា អគារ​នេះ​នឹងមាន​លក្ខណពិសេស ព្រោះ​គ្រាន់តែ​ការសាងសង់ ក្រុមហ៊ុន​គ្រោង​នឹង​ចំណាយ​ប្រមាណ ៥០ ​លាន​ដុល្លារ ខណៈ​តម្លៃ​ដី​មិនត្រូវ​បូក​បញ្ចូល​នោះទេ​។

លោក​បាន​ប្រាប់ថា​៖ «​តម្រូវការ​ទីផ្សារ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន OCIC ធ្វើការ​សាងសង់​អគារ Financial building ឡើង​។ អគារ​នេះ​នឹងមាន​លក្ខណ​ពិសេស ព្រោះ​វា​ត្រូវ​រចនា​ឡើង​សម្រាប់​ការប្រើប្រាស់​ចម្រុះ​»​។

លោក​បន្ថែមថា អគារ​នេះ​នឹងមាន​បំពាក់​នូវ​ជណ្តើរយន្ត ឧបករណ៍​បង្ការ​គ្រោះ​អគ្គិភ័យ និង​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន​។ តាម​ផែនការ ការសង់​អគារ​នេះ​អាច​នឹង​ត្រូវ​ការ​ពេល​សរុប ចំនួន ៤២ ​ខែ​។

ទាក់ទង​ការអភិវឌ្ឍ​ទីក្រុង Olympia City ទាំងមូល​លោក ចំរើន បាន​ប្រាប់ថា ក្នុង​ការដ្ឋាន​គម្រោង Olympia City ទាំងមូល បច្ចុប្បន្ន​មាន​ក្រុមកម្មករ​ប្រមាណ​ជាង ២០០ ​នាក់​ជា​រៀងរាល់ថ្ងៃ​។ ចំនួន​នេះ​ទាប​ជាង​មុន​បន្តិច ដោយសារ​ក្រុមហ៊ុន​ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​កំពុង​កើនឡើង​ខ្ពស់​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។

Olympia City គឺជា​គម្រោង​វិនិយោគ​ដ៏ធំ​មួយ​របស់​ក្រុមហ៊ុន OCIC ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​លើ​ផ្ទៃដី​ជាង ៧ ហិកតា​។ នៅក្នុង​គម្រោង​នេះ​មាន​អគារ​សរុប ១២ ដែល​រួមមាន​អគារ​ខុនដូ ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម អគារការិយាល័យ និង​សណ្ឋាគារ​ជាដើម​។ ចាប់ផ្តើម​សាងសង់​នៅក្នុង​អំឡុង​ឆ្នាំ​ ២០១២ បច្ចុប្បន្ន​មាន​អគារ​ខុនដូ​ចំនួន ៤ អគារ​ការិយាល័យ​ចំនួន ២ សណ្ឋារគារ ចំនួន​ ១ សាលារៀន ចំនួន​ ១ និង​ផ្សារ​ទំនើប​ចំនួន ១ បានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​ហើយ​។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​ប្រាប់ថា Olympia City គឺជា​គម្រោង​ដែលមាន​ទីតាំង​ល្អ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​មក​ដល់ពេលនេះ​។ នៅក្នុង​គម្រោង Olympia City មាន​សេវាកម្ម​ចម្រុះ​ជាច្រើន​ដែល​បង្ក​នូវ​ភាពងាយស្រួល​សម្រាប់​ការរស់នៅ និង​ធ្វើការ​។ លោក​បន្ថែមថា ម្យ៉ាងទៀត​តម្លៃ​ទិញ លក់ និង​ជួល​ក៏​មិន​មាន​កម្រិត​ខ្ពស់​នោះទេ បើ​ធៀប​នឹង​គម្រោង​មួយចំនួន​ទៀត​។

លោក​អះអាង​ថា​៖ «​លក្ខណៈ​អំណោយផល​នៃ​ទីតាំងនៅ​ចំ​កណ្តាល​ក្រុង គឺជា​ចំណែក​យ៉ាងសំខាន់​ធ្វើឱ្យ​គម្រោង​នេះ​ទទួល​បាន​ការគាំទ្រ​ពី​អតិថិជន​គ្រប់​ស្រទាប់​»​។

លោក​លើកឡើង​ទៀតថា Olympia City ដោយសារ​នៅជាប់​ជាមួយ​ពហុកីឡដ្ឋាន​ជាតិ Olympia City ក៏​ជា​កន្លែង​មាន​ខ្យល់អាកាស​ល្អ​ផងដែរ​។

យោងតាម​អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង ក្នុង​គម្រោង Olympia City ទាំងមូល​ក្រុមហ៊ុន OCIC គ្រោង​ចំណាយ​ប្រាក់​ប្រហែល ៥០០ ​លាន​ដុល្លារ​លើ​ផ្នែក​សាងសង់​៕ LA