ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ «ទីក្រុង​រណប​សិរី​មង្គល» ដែល​មាន​ទុនវិនិយោគ​ប្រមាណ ១០០ លាន​ដុល្លារ​របស់​ក្រុមហ៊ុន Worldbridge Homes Co., Ltd នឹង​បញ្ចប់​ការសាងសង់​គម្រោង​ទាំងមូល​នៅមុន​ដំណាច់​ឆ្នាំ ២០២១ នេះ ខណៈ​ក្រុមហ៊ុន​ក៏មាន​ផែនការ​អភិវឌ្ឍន៍​គម្រោង​បែបនេះ​បន្តទៀត​ផងដែរ​ នៅពេល​អនាគត។ នេះ​បើ​យោងតាម​ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Worldbridge Homes Co., Ltd។

«ទីក្រុង​រណប​សិរីមង្គល» គឺជា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នា​ដើម​ឆ្នាំ ២០១៨ លើ​ផ្ទៃដី ៤៥ ហិកតា ដោយមាន​ខ្នង​ផ្ទះ​សរុប ២ ៤៥។ គម្រោង​នេះ​ស្ថិតក្នុង​សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ (ស្ពាន​ព្រះមុនីវង្ស)។

លោក យក់ សុធីរិទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Worldbridge Home Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១២ ខែឧសភា ថា ការដ្ឋាន «ទីក្រុង​រណប​សិរីមង្គល» នឹងត្រូវ​បញ្ចប់ ១០០ ភាគរយ​នៅក្នុង​ឆ្នាំ ២០២១ នេះ ខណៈ​ការសាងសង់​កំពុងមាន​ដំណើរការ​ទៅមុខ​ជាប្រចាំ បើទោះបី​មាន​កម្មករ​មួយ​ចំនួន​មិនអាច​មក​ធ្វើការ​បាន​ ដោយសារ​រស់នៅក្នុង​តំបន់​បិទខ្ទប់​ក៏ដោយ។ នៅក្នុង​អំឡុងពេល​បិទខ្ទប់​នេះ នៅ​ការដ្ឋាន​មាន​កម្មករ​ធ្វើការ​ចន្លោះ​ពី ៤០០-៥០០ នាក់​រៀងរាល់​ថ្ងៃ។

លោក​ថ្លែងថា៖ «សកម្មភាព​ក្នុង​ការដ្ឋាន​របស់​យើង​នឹង​ឈានទៅ​បិទ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​ការលក់​នៅពេល​នេះ​សម្រេចបាន​ជាង ៩៥ ភាគរយ»។

គិត​មកដល់​ពេល​នេះ​ក្រុមហ៊ុន​បានប្រគល់​ផ្ទះ​ឱ្យ​អតិថិជន​ចំនួន ៨២៣ ខ្នង​រួចមកហើយ ខណៈ​ផ្ទះ​នៅ​សល់ ១ ៦៣៤ ខ្នង​ទៀត​នឹងត្រូវ​ប្រគល់​ក្នុង​ឆ្នាំ ២០២១។ លំនៅឋាន​ក្នុង​គម្រោង​នេះ​មានតម្លៃ​ចាប់ពី ២៥ ០០០-៣០ ០០០ ដុល្លារ។ នេះ​បើតាម​លោក សុធីរិទ្ធ។

ជាមួយ​នឹង​ភាពជោគជ័យ​នេះ លោក សុធីរិទ្ធ បាន​បង្ហើប​ប្រាប់ថា បន្ទាប់ពី​បញ្ចប់​ការដ្ឋាន​គម្រោង «ទីក្រុង​រណប​សិរី​មង្គល» ក្រុមហ៊ុន​ក៏មាន​ផែនការ​វិនិយោគ​លើ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​បែបនេះ​បន្ថែមទៀត​ផងដែរ។ លោក​និយាយថា៖ «យើង​នៅតែ​មាន​ឆន្ទៈ​បន្ត​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​ ដើម្បី​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​សម្រាប់​លក់​ទៅឱ្យ​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ជា​បន្តទៀត​នៅពេល​ខាងមុខ»។

ទោះយ៉ាងណា​ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Worldbridge Home Co., Ltd រូបនេះ​បដិសេធ​ក្នុង​ការផ្តល់​ព័ត៌មាន​លម្អិត ដោយ​គ្រាន់តែ​ប្រាប់ថា ក្រុមហ៊ុន​បានកំណត់​ទីតាំង​រួចហើយ ដែល​គម្រោង​ថ្មី​នោះ​អាច​មាន​ទំហំ​ធំ​ជាង​គម្រោង «ទីក្រុង​រណប​សិរីមង្គល»។

Worldbridge Home Co., Ltd គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Worldbridge Group ដែល​កំពុងអភិវឌ្ឍន៍​គម្រោង​ធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ​មានដូចជា The Bridge និង The Peak។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​និយាយថា លំនៅឋាន​តម្លៃ​សមរម្យ​កំពុងមាន​តម្រូវការ​ច្រើន​ពី​សំណាក់​ប្រជាជន ដូច្នេះ​បើ​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​កើតមាន​ច្រើន​នៅ​គ្រប់​ទិស​នៃ​ជាយ​រាជធានី​ភ្នំពេញ​នោះ គឺជា​ការប្រសើរ​ណាស់ ព្រោះ​វា​នឹង​បង្កើន​លទ្ធភាព​ដល់​អ្នក​ដែល​មាន​ចំណូល​តិច និង​មធ្យម​អាច​មាន​លំនៅឋាន​ផ្ទាល់ខ្លួន។ លោក​បន្តថា ដើម្បី​ឱ្យ​ការវិនិយោគ​លើ​គម្រោង​បែបនេះ​មាន​កាន់តែ​ច្រើន គឺ​ទាមទារ​ឱ្យ​មានការចូលរួម​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល តាមរយៈ​មធ្យោបាយ​មួយចំនួន​ដូចជា ការប្រើប្រាស់​ដី​រដ្ឋ​ ដើម្បី​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​យក​ទៅ​វិនិយោគ និង​លក់​ក្នុងតម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​នាពេល​បច្ចុប្បន្ន។

លោក​ថ្លែងថា៖ «តម្រូវការ​ពី​សំណាក់​ក្រុមកម្មករ និង​សិស្ស-និស្សិត ដែល​មក​ស្នាក់នៅ​ភ្នំពេញ និង​តំបន់​ជាយក្រុង​មាន​កាន់តែ​ច្រើន ហេតុនេះ​បើ​មាន​ការវិនិយោគ និង​លក់​ក្នុង​តម្លៃ​ទាប​គឺជា​រឿង​ល្អ ក្នុង​ការផ្តល់​ឱ្យ​អ្នក​ទាំងនោះ​មាន​លំនឹង និង​កន្លែង​ស្នាក់នៅ​ផ្ទាល់ខ្លួន»។

យោងតាម​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គិត​ត្រឹម​ចុងឆ្នាំ ២០២០ នៅ​កម្ពុជា​មាន​គម្រោង អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ៥ ដែល​ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ៨ ៣៣១ ខ្នង​ផ្ទះ និង​ចំនួន ៧ ២៥៦ យូនីត។

កាលពី​ឆ្នាំ ២០១៤ កម្ពុជា​បាន​អនុម័ត​គោលនយោបាយ លំនៅឋាន​ថ្នាក់ជាតិ​ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​លំនៅឋាន​ឱ្យបាន​កាន់តែ​ច្រើន​ជូន​ប្រជាពលរដ្ឋ។

យោងតាម​គោលនយោបាយ​នេះ កម្ពុជា​នឹង​ត្រូវការ​ផ្ទះ​បន្ថែម​ប្រមាណ ៥ ម៉ឺន​ខ្នង​ក្នុង ១ ឆ្នាំ រហូត​ដល់​ឆ្នាំ​ ២០៣០៕