វប្បធម៌​នៃ​ការចែករំលែក​របស់​វិស័យ​សាជីវកម្ម​នៅតែ​បន្ត​កើនឡើង ខណៈពេល​ដែល​ជំងឺ​រាតត្បាត​កូវីដ​១៩ កំពុង​រីករាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​។ តម្រូវការ​បន្ទាន់​សម្រាប់​សេវា​ថែទាំ​សុខភាព ឧបករណ៍​វេជ្ជសាស្ត្រ ការបាត់បង់​ការងារ កង្វះខាត​ស្បៀងអាហារ និង​ការធ្លាក់ចុះ​នៃ​អាជីវកម្ម​ផ្សេងៗ នៅតែ​បន្ត​លេចឡើង​ជារឿយៗ​នៅលើ​អត្ថបទ​ប្រចាំថ្ងៃ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។

លក្ខខណ្ឌ​មិន​អំណោយផល​ទាំងនេះ​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ទំនួល​ខុសត្រូវ​សង្គម​របស់​ពួកគេ​។ ក្រុមហ៊ុន​សាជីវកម្ម​មួយចំនួន​បាន​ផ្អាក​សកម្មភាព​ទីផ្សារ និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ ដោយ​បែងចែក​ថវិកា​មួយផ្នែក​របស់ខ្លួន និង​បែងចែក​ឱ្យ​បុគ្គលិក​ចុះទៅ​ជួយ​សហគមន៍​ក្នុង​មូលដ្ឋាន​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩​។

មាន​ក្រុមហ៊ុន​ជាច្រើន​មកពី​វិស័យ​ផ្សេងៗ រាប់​ចាប់ពី​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ ស្ថាប័នហិរញ្ញវត្ថុ​រហូត​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ភោជនីយដ្ឋាន ដែល​កំពុង​ធ្វើការងារ​សប្បុរសធម៌​ជួយ​ដល់​អ្នក​ដែល​កំពុង​ជួប​ការខ្វះខាត​រៀងៗ​ខ្លួន មាន​ទាំង​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​។

លោក Fahmi Rajendra ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ស្រាបៀរ អាន់ឆ័រ ថ្លែង​ក្នុងអំឡុងពេល​ផ្តល់​អំណោយ​កាលពីពេល​ថ្មីៗ​ថា​៖ «​យើង​ជឿជាក់ថា​យើង​អាច​រីកចម្រើន​ទៅ​បាន​លុះត្រាតែ​ប្រជាជន និង​សហគមន៍​ដែល​រស់នៅ​ជុំវិញ​យើង​រីកចម្រើន​ដែរ​។ អាន់ឆ័រ​នៅជាប់​ជិតស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន​»​។

ស្រាបៀរ​អាន់ឆ័រ​ចែក​អំណោយ​ ១ ៨០០ ​កញ្ចប់​ដល់​ប្រជាពលរដ្ឋ​។ រូបថត Supplied

ស្រាបៀរ​អាន់ឆ័រ​ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Heineken Cambodia បានផ្តល់​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក្រុមហ៊ុន ក្នុង​រាជធានី​ភ្នំពេញ ដែល​រង​ផលប៉ះពាល់​កាលពី​ថ្ងៃ​ចន្ទ ដោយ​ជំនួយ​ទាំងនោះ​មាន ដូចជា​អង្ករ មី ប្រេងឆា ត្រីខ សាប៊ូ និង​ម៉ាស់ ហើយ​ជំនួយ ចំនួន ១ ៨០០ ​កញ្ចប់​ត្រូវបាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​។

អ្នកស្រី Anne Ollivier ប្រធាន​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន Heineken Cambodia បាន​ថ្លែង​​ថា​៖ «​នៅ​ក្រុមហ៊ុន Heineken Cambodia យើង​ទទួលខុសត្រូវ​លើ​កាតព្វកិច្ច​របស់​យើង ចំពោះ​ប្រទេសជាតិ​យ៉ាង​មុតមាំ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​បង់ពន្ធ​ធំ​បំផុត​មួយ និង​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស ក្រុមហ៊ុន Heineken Cambodia គឺ​សកម្ម​ខ្លាំងណាស់ នៅក្នុង​សង្គម​កម្ពុជា​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ដឹង​ពី​ភាពចាំបាច់​ក្នុង​ការជួយ​គ្នា​ក្នុង​អំឡុង​ពេលវេលា​ដ៏លំបាក​នេះ​»​។

ទន្ទឹង​នឹង​នេះដែរ​ក្រុមហ៊ុន​ទ្រូម៉ាន់នី ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏ធំ​មួយ​នៅ​កម្ពុជា ក៏បាន​បរិច្ចាគ​គ្រឿងឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ផងដែរ​។ បុគ្គលិក​របស់​ក្រុមហ៊ុន​បាន​បរិច្ចាគ​គ្រឿងឧបភោគ​បរិភោគ​រាប់រយ​កញ្ចប់​ដល់​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​នៅ​ភូមិ​ឫស្សី​១ និង​ភូមិ​ឫស្សី​២ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ បន្ទាប់ពី​សង្កាត់​នេះ​ត្រូវបាន​ចាត់​ចូល​ថា​ជា​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​។ កញ្ចប់​គ្រឿង​ឧបភោគបរិភោគ​ទាំងនោះ​រួមមាន​មី អង្ករ ត្រីខ ឆៃប៉ូវ និង​ទឹក​ស៊ីអ៊ីវ​ត្រូវ​បាន​ប្រគល់ជូន​មេភូមិ​។

លោក Sovath Dari Yavich នាយក​ប្រតិបត្តិ លក់ និង​ចែកចាយ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​មានប្រសាសន៍​ថា​៖ « នេះ​គឺជា​ពេលវេលា​ដ៏លំបាក​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ជាពិសេស​ពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​បិទខ្ទប់​ក្នុង​តំបន់​ក្រហម​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​យកចិត្ត​ទុកដាក់​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ យើង​ប្តេជ្ញាចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​យើង ដែល​ជួបប្រទះ​បញ្ហា​ប្រឈម​ទាំងនេះ ដូច្នេះ​យើង​ទាំងអស់​គ្នា​អាច​ហែល​ឆ្លងកាត់​ការរាតត្បាត​របស់​ជំងឺ​ដ៏កាចសាហាវ​នេះ​»​។

ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​បណ្តាញ​ភ្នាក់ងារ​ជាង ១ ​ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នកប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា​ដែល​មិនទាន់មាន​សេវា​ធនាគារ​។

ប្រជាពលរដ្ឋ​កំពុង​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ទ្រូម៉ាន់នី​។ រូបថត Supplied

ទន្ទឹមនឹង​នេះដែរ លោក លូ ម៉េង ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Almond Hospitality រួមជាមួយ​សប្បុរសជន​ឯកជន​មួយចំនួន​ទៀត​បាន​ផ្តល់​អំណោយ​សប្បុរសធម៌​លើក​ទី​ ២ ​របស់​ខ្លួន​ជា​គ្រឿងឧបភោគ​បរិភោគ​ចំនួន​ ៣០០ ​កញ្ចប់ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ក្រហម​។ ដែល​នេះ​គឺជា​ការផ្តល់​អំណោយ​សប្បុរសធម៌​លើក​ទី​ ២ នៅ​ថ្ងៃទី​ ១៣ ខែឧសភា ដោយបាន​សហការ​ជាមួយ​មូលនិធិ Muditha ខណៈ​ការផ្តល់​អំណោយ​សប្បុរសធម៌​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ៦ ខែឧសភា​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី​ ២០ ខែឧសភា បាន​ឲ្យ​ដឹងថា​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ សរុប​នៅ​កម្ពុ​ជាមាន​ចំនួន ២៣ ៦៩៧ ​នាក់ និង​ករណី​ស្លាប់​សរុប​មាន​ចំនួន ១៦៤ នាក់​។

ជាមួយ​គ្នា​នេះដែរ រដ្ឋាភិបាល​កំពុងផ្តល់​ការចាក់​វ៉ាក់សាំង​យ៉ាងសកម្ម​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​នេះ​។ បើ​គិត​ចាប់ពី​ថ្ងៃទី​ ១០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​ ១៩ ខែ​ឧសភា ប្រជាពលរដ្ឋ​ប្រមាណ​ចំនួន ២,២ ​លាន​នាក់​ត្រូវបាន​ចាក់​វ៉ាក់សាំង​៕