ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញ ម៉ាយ៉ូរ៉ា (Mayura) បានចូលមកក្នុងទីផ្សារទិញទំនិញតាមអនឡាញនៅកម្ពុជា ជាមួយនឹងពាក្យស្លោក «ការបង្កើតឱកាស និងការពង្រឹងសេដ្ឋកិច្ច អាជីវកម្ម» សម្រាប់អ្នកលក់ និងអ្នកទិញ។
ពាក្យ «ម៉ាយ៉ូរ៉ា» គឺមានន័យថា សត្វក្ងោក ដែលស្តែងបង្ហាញពីការដាក់ចេញនូវវិធីសាស្ត្រលក់ច្រើនរបៀប ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធទិញទំនិញតាមអនឡាញដ៏សម្បូរបែប។
ជាផ្នែកមួយនៃក្រុមហ៊ុនដឹកជញ្ចូន ហុង ឡេង ហួរ ម៉ាយ៉ូរ៉ា នឹងទទួលអត្ថប្រយោជន៍ពីបណ្តាញ និងជំនាញដែលមានស្រាប់ ខណៈការធ្វើពាណិជ្ជកម្មអនឡាញនៅកម្ពុជាកំពុងរីកចម្រើន។
«បណ្តាញដឹកជញ្ចូនដែលមានស្រាប់ និងជំនាញជាច្រើនរបស់យើងនៅក្នុងការគ្រប់គ្រងការដឹកជញ្ជូន បានផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ម៉ាយ៉ូរ៉ា ឱ្យអភិវឌ្ឍឧស្សាហកម្មពាណិជ្ជកម្ម អនឡាញនៅកម្ពុជា ដើម្បីឱ្យក្លាយទៅជាប្រទេសដែលការធ្វើពាណិជ្ជកម្មអនឡាញមានការរីកចម្រើនខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោក Paul Kim ប្រធានផលិតផលក្រុមហ៊ុនម៉ាយ៉ូរ៉ាបានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «យើងកំពុងបំពេញបេសកកម្ម តាមរយៈការជួយដៃគូអាជីវកម្មរបស់យើងឱ្យបង្កើតអាជីវកម្មអនឡាញដែលមាននិរន្តរភាព ដោយផ្តល់ឱ្យពួកគេនូវឧបករណ៍ និងជំនាញ ដែលពួកគេត្រូវការ ដើម្បីទទួលជោគជ័យនៅក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ន»។
យោងតាមលោក Paul ម៉ាយ៉ូរ៉ា គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយពាណិជ្ជកម្មអនឡាញពេញលេញ (end-to-end) តែមួយគត់នៅកម្ពុជា ដោយមានសេវាកម្មជាច្រើន រួមមានទាំងការនាំចូល សេវាបង់ពន្ធគយ (custom clearance) ឃ្លាំងស្តុកទំនិញ ការចែកចាយ ទៅកាន់ទីផ្សារ ការលក់ និងដឹកជញ្ជូន ទៅដល់អតិថិជនចុងក្រោយ។
កំណើនពាណិជ្ជកម្មអនឡាញនៅកម្ពុជា ភាគច្រើនគឺជំរុញដោយសារកំណើននៃការប្រើប្រាស់អ៊ីនធឺណិត ទូរស័ព្ទដៃមានតម្លៃសមរម្យ តម្រូវការទំទិញតាមអនឡាញ ជាពិសេសក្នុងអំឡុងពេលបិទខ្ទប់ពេលជំងឺកូវីដ ១៩ ផ្ទុះឡើង និងកត្តាជាច្រើនទៀត ដូចជាអតិថិជនវ័យក្មេងប្រើប្រាស់បណ្តាញសង្គមច្រើនជាដើម។
និយតករទូរគមនាគមន៍កម្ពុជាបានប៉ាន់ស្មានថាមានស៊ីមកាតជាង ២០ លានត្រូវបានប្រើប្រាស់ក្នុងនោះអ្នកប្រើប្រាស់អ៊ីនធឺណិតមានប្រមាណ ១៥ លាននាក់ គិតត្រឹមខែសីហាឆ្នាំមុន។ ការទិញទំនិញតាមអនឡាញនៅកម្ពុជានឹងមានកំណើនខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខ។
ផលិតផលផ្នែកសម្រស់ និងសុខភាព ដូចជាគ្រឿងតុបតែងផ្ទៃមុខ ផលិតផលរក្សាស្បែក សក់ ដៃ ជើង ក្រចក គ្រឿងក្រអូប ផលិតផលសម្រាប់ទារក កុមារ វីតាមីន អាហារបំប៉ន និងអាហារូបត្ថម្ភផ្នែកកីឡា ទាំងអស់នេះសុទ្ធតែមាននៅលើវេទិការបស់ ម៉ាយ៉ូរ៉ា។ ម៉ាយ៉ូរ៉ា មានគម្រោងពង្រីកផលិតផលជាច្រើនទៀត ដូចជា សម្លៀកបំពាក់ គ្រឿងតុបតែងផ្សេងៗ គ្រឿងអេឡិចត្រូនិក និងទំនិញសម្រាប់ប្រើប្រាស់ក្នុងផ្ទះ។
ជាមួយនឹងបរិយាកាសអាជីវកម្មគ្មានស្ថិរភាពដែលបង្កដោយជំងឺកូវីដ ១៩ វានៅតែបន្តរាំងស្ទះដល់អាជីវកម្មជាច្រើន រួមទាំងសហគ្រាសធំៗ និងសហគ្រាសធុនតូច និងមធ្យម ដែលបង្ខំឱ្យមនុស្សជាច្រើនរិះរកវិធីសាស្ត្រថ្មីៗ ដើម្បីលក់ទំនិញនិងសេវាកម្មរបស់ពួកគេ ខណៈទីផ្សារអាជីវកម្មឌីជីថលកំពុងមានកំណើនគួរឱ្យកត់សម្គាល់។ ហើយ ម៉ាយ៉ូរ៉ា ប្តេជ្ញាជួយអាជីវកម្មឱ្យរីកចម្រើននៅក្នុងស្ថានភាពដ៏លំបាកនេះ។
ជាមួយនឹងគោលដៅចម្បងរបស់ក្រុមហ៊ុន គឺធ្វើឱ្យការស្វែងរកទំនិញមានភាពងាយស្រួល និងបង្កើនការលក់សម្រាប់ដៃគូរបស់ខ្លួន ហើយបច្ចុប្បន្ន ម៉ាយ៉ូរ៉ា កំពុងផ្តល់ជូននូវសេវាកម្មទាំងអស់ដោយឥតគិតថ្លៃដល់ម្ចាស់អាជីវកម្មរបស់ខ្លួន ចំពោះការចុះឈ្មោះជាម្ចាស់អាជីវកម្ម ការចុះឈ្មោះផលិតផល កម្រៃជើងសា និងថ្លៃប្រតិបត្តិការជាដើម។
«ខណៈដែលពិភពលោករបស់យើង កំពុងងាកទៅរកឌីជីថលយ៉ាងឆាប់រហ័សនោះ យើងបានកត់សម្គាល់ឃើញថា សហគ្រិនដែលខ្វះខាតសាច់ប្រាក់ជាច្រើន និងម្ចាស់អាជីវកម្មខ្នាតតូច កំពុងពិបាកប្រកួតប្រជែងជាមួយឧស្សាហកម្មធំៗ ឬក្រុមហ៊ុនថ្មីៗដែលមានប្រាក់ច្រើន»។
«ពួកគេបានចុះអន់ថយបន្តិចម្តងៗ ហើយឈានទៅរកការក្ស័យធន។ ដោយមើលឃើញពីចំណុចនេះ យើងក៏បានសម្រេចចាត់វិធានការតាមរយៈការលើកកម្ពស់សហគ្រិន និងម្ចាស់អាជីវកម្មខ្នាតតូច ដោយបង្កើតឱកាសសម្រាប់ពួកគេក្នុងការរៀបចំយុទ្ធសាស្ត្រសម្រាប់យុគសម័យឌីជីថល»។
«ជាមួយជំងឺរាតត្បាត សកល សារៈសំខាន់នៃឌីជីថល និងពាណិជ្ជកម្មអនឡាញ គឺ មិនមានពេលណាសំខាន់ដូចពេលនេះទេ។ ការពិតគឺថាពាណិជ្ជកម្មអនឡាញលែងជាជម្រើសទៀតហើយ ប៉ុន្តែវាគឺជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត»។
លោក Paul ក៏បានមានប្រសាសន៍ថា៖ «យើងប្តេជ្ញារក្សាវេទិការបស់យើង ដោយឥតគិតថ្លៃសម្រាប់ដៃគូអាជីវកម្មទាំងអស់ រហូតដល់ពួកគេអាចលក់បាន និងទទួលជោគជ័យនៅលើវេទិការរបស់យើង។ យើងជឿជាក់ថា ជោគជ័យរបស់ដៃគូអាជីវកម្មរបស់យើង គឺជាជោគជ័យរបស់យើង»៕