កំពង់ឆ្នាំង៖ កម្មករ-កម្មការិនី ២ នាក់​របួស​ធ្ងន់ និង ៤៥ នាក់​របួស​ស្រាល នៅ​ថ្ងៃទី ១៣ ខែ​ឧសភា ក្រោយ​រថយន្ត​មួយ​គ្រឿង​បាន​បើក​ធ្លាក់​ផ្លូវ​ទៅ​បុក​ដើម​ត្នោត​មួយ​ដើម ពេល​ដែល​កំពុង​បើកបរ​រថយន្ត​ដឹក​កម្មករ​ចេញ​ពី​ភូមិ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ការងារ​នៅ​រោងចក្រ។

លោក ឈឹម សារុន ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​កំពង់ឆ្នាំង ប្រាប់​នៅ​ថ្ងៃទី ១៣ ឧសភា​ថា កន្លែង​កើត​ហេតុ​ស្ថិត​នៅ​ក្នុង​ភូមិ​ក្រសាំងពុល ឃុំ​ស្វាយ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង បណ្ដាល​ឱ្យ​បុរស​ម្នាក់​សន្លប់ និង​នារី​ម្នាក់​បាក់​ភ្លៅ​ខាង​ឆ្វេង។ ​

លោក​ថ្លែង​ថា៖ «ពេល​កើត​ហេតុ​ភ្លាមៗ​នោះ​ សំខាន់​គឺ​យើង​ដឹក​ជន​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សិន។ ចំណែក​ឈ្មោះ​យើង​ស្រង់​យក​ពេល​ក្រោយ​បាន​ទេ»។

លោក សេង ចិន្តា អធិការ​នគរបាល​ស្រុក​សាមគ្គីមានជ័យ​បាន​ថ្លែង​ដោយ​យោង​តាម​សម្តី​អ្នក​រង​របួស​ថា រថយន្ត​បង្ក​ហេតុ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹក​កម្មករ-កម្មការិនី​ទាំង​អស់ ៤៧ នាក់។ មុន​កើត​ហេតុ​អ្នក​បើក​រថយន្ត​ឈ្មោះ ឈឿន ឆុន បាន​បើក​រថយន្ត​ដើរ​ប្រមូល​កម្មករ-កម្មការិនី​នៅ​តាម​ភូមិ ដើម្បី​ដឹក​យក​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​ដែល​មាន​ទីតាំង​ក្នុង​ឃុំស្វាយ ស្រុក​សាមគ្គីមានជ័យ​ដូច​សព្វ​ដង។

លុះ​ពេល​ប្រមូល​កម្មករ-កម្មការិនី​អស់​ហើយ តៃកុង​ក៏​បើក​រថយន្ត​ចេញ​ពី​ផ្លូវ​គ្រួស​ក្រហម​ក្នុង​ភូមិ​ឡើង​មក​ផ្លូវ​កៅ​ស៊ូ​ក្នុង​ខេត្ត។ ពេល​នោះ​រថយន្ត​មាន​ល្បឿនលឿន និង​ដោយ​ស្ថានភាព​ផ្លូវ​កោង​បន្តិច​ផង​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ហើយ​ក៏​ជ្រុល​ទៅ​បុក​ដើម​ត្នោត​ពេញ​ទំហឹង​តែ​ម្តង។

តាម​សាក្សី​នៅក​ន្លែង​កើត​ហេតុ​ថា បន្ទាប់​ពី​រថយន្ត​បុក​ដើម​ត្នោត ១ ដើម​នោះ​មក គេ​បាន​ឮ​សូរ​សំឡេង​ស្រែក​ចេញ​ពី​ក្នុង​រថយន្ត​ហើយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នោះ​បាន​នាំ​គ្នា​ទៅ​ជួយ និង​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ឃុំស្វាយ ដើម្បី​សុំអន្តរាគមន៍។

ក្រោយ​ពី​ទទួល​បាន​ការ​សុំ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​មក លោក​បាន​ដឹក​នាំ​កម្លាំង​ចុះ​ដល់​ទីតាំង​កើត​ហេតុ និង​ចាត់​ចែង​ដឹក​អ្នក​របួស​ធ្ងន់​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សាមគ្គីមានជ័យ ដើម្បី​សង្គ្រោះ​បន្ទាន់។

លោក​ថ្លែង​ថា៖ «ចំណែក​អ្នក​នៅ​សល់ ៤៥ នាក់ គឺ​គ្រាន់​តែ​រលាត់​ដៃ​រលាត់​ជើង​ និង​គ្រេច​ដៃ​ជើង​តិច​តួច​ខ្លះ​ក៏​ទៅ​ពេទ្យ​​​ខ្លះ​ក៏​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ទៅ»។

លោក ចិន្តា បញ្ជាក់​ថា ចំពោះ​អ្នក​បើកបរ​រថយន្ត​បង្ក​នោះ​បាន​រត់​គេច​ខ្លួន​ ក្រោយ​កើត​ហេតុ។​ ប៉ុន្តែ​លោក​កំពុង​តាម​រក​មក​វិញ​ ដើម្បី​ឱ្យ​ចូល​ខ្លួន​ឱ្យ​ទទួល​ខុស​ត្រូវ​ដល់​ជន​រងគ្រោះ​តាម​ច្បាប់៕