ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងរកចំនួនសំណង់ខុសច្បាប់នៅភ្នំពេញ និងទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីចង់គ្រប់គ្រង និងបញ្ចប់សំណង់គ្មានច្បាប់មិនឱ្យបន្តមានទៀត។ នេះបើតាមការឱ្យដឹងពីលោក ប៉ាក់ ចាន់ផល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់របស់ក្រសួងរៀបចំដែនដី។
ដើម្បីដឹងថាសំណង់ណាខ្លះមានច្បាប់ត្រឹមត្រូវ អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី ២៥ ខែកញ្ញា ដោយតម្រូវឱ្យម្ចាស់សំណង់បណ្តុំលំនៅឋាន អគារស្នាក់នៅ ផ្ទះសំណាក់ ជាដើមដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកបិទការដ្ឋានត្រូវទៅសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់។
លោក ប៉ាក់ ចាន់ផល់ បានប្រាប់ថា មូលហេតុដែលអគ្គនាយកដ្ឋានសំណង់ជូនដំណឹងឱ្យពលរដ្ឋមកសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ព្រោះដើម្បីជួយឱ្យពួកគាត់ដែលមានសំណង់តែគ្មានច្បាប់បានបំពេញនូវអ្វីដែលខ្វះខាត ប៉ុន្តែត្រូវធ្វើទៅឱ្យសមស្របតាមលក្ខណៈបច្ចេកទេស បើសំណង់ពួកគាត់ធ្វើមិនបានត្រឹមត្រូវតាមស្តង់ដាទេនឹងត្រូវអនុវត្តតាមច្បាប់។
លោក ចាន់ផល់ ថ្លែងថា៖ «មិនមែនឱ្យតែគាត់មកសុំ (សុំវិញ្ញាបនបត្រប្រើប្រាស់សំណង់) យើងចេះតែចេញច្បាប់ឱ្យគាត់នោះទេ គឺត្រូវពិនិត្យមើល បើសិនជាត្រឹមត្រូវទៅតាមបទដ្ឋានអាហ្នឹងយើងជួយសម្រួលគាត់ ប៉ុន្តែបើគាត់ខុស ត្រូវប្រាប់គាត់ថាខុស ត្រូវវាយចេញ ឬត្រូវរុះរើចេញអីយ៉ាងណា អាហ្នឹងទៅតាមជាក់ស្តែង»។
ការដែលប្រជាពលរដ្ឋមួយចំនួនគ្មានច្បាប់គ្រប់គ្រងសំណង់ ព្រោះកន្លងមកប្រជាពលរដ្ឋមិនទាន់យល់ជ្រួតជ្រាបពីកិច្ចការសំណង់ ធ្វើឱ្យអ្នកមានដីភាគច្រើនតែងធ្វើការសាងសង់ដោយខ្លួនឯង មិនមានលក្ខណៈពេញលេញ តាមលក្ខណៈបច្ចេកទេស និងច្បាប់ ហេតុនេះក្រោយពីច្បាប់សំណង់ចូលជាធរមាន ក្រសួងត្រូវគ្រប់គ្រងឡើងវិញទាំងអស់។ នេះបើតាមការពន្យល់របស់លោក ប៉ាក់ ចាន់ផល់។
លោកបានឱ្យដឹងថា៖ «យើងត្រូវឱ្យពួកគាត់មកបំពេញកិច្ចការរបស់គាត់ឱ្យបានគ្រប់ តើសំណង់របស់ពួកគាត់មានខ្វះ ចន្លោះអីទៀត គាត់បានធ្វើទៅតាមប្លង់ស្ថាបត្យកម្មរបស់គាត់គ្រោងទុកហើយគាត់មិនបានសុំច្បាប់ ឬយ៉ាងម៉េចគឺត្រូវជួយសម្រួលពួកគាត់ឱ្យត្រូវត្រង់ទៅតាមផ្លូវច្បាប់ទាំងអស់»។
លោកអគ្គនាយករងសំណង់នៃក្រសួងរៀបចំដែនដីបានប្រាប់ថា នៅពេលមិនទាន់មានច្បាប់សំណង់ ក្រសួង និងអាជ្ញាធរដែនដីបានធ្វើការផ្សព្វផ្សាយ ជូនដំណឹងពីប្រកាស និងច្បាប់រៀបចំដែនដីផ្សេងៗដែលធ្លាប់មានឱ្យប្រជាពរដ្ឋមានការយល់ដឹង ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមិនសូវបានយកចិត្តទុកដាក់ដោយអាងថា នៅមូលដ្ឋានរបស់ខ្លួនក៏សុំច្បាប់សាងសង់បណ្តោះអាសន្ន ហើយអាជ្ញាធរក៏ចេះតែមានការយោគយល់ជូនតាមសំណើ ដោយសារតែមើលឃើញថា ពលរដ្ឋមានដីជារបស់គាត់។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានសំណង់កាលពីថ្ងៃទី ២៥ ខែកញ្ញា បញ្ចាក់ថា ម្ចាស់សំណង់ទាំងអស់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ លិខិតបើក និងបិទការដ្ឋានដែលបានសាងសង់រួចមុនថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ពីអាជ្ញាធរមានសមត្ថកិច្ច។
ចំណែកសំណង់ដែលបានសាងសង់រួចមុនថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៩៩៧ ម្ចាស់សំណង់ក៏អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ចបានដែរ។
ការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់នេះ អគ្គនាយកដ្ឋានសំណង់បានកំណត់ និងទុកពេលជូនម្ចាស់សំណង់ដាក់ពាក្យស្នើសុំអនុវត្តរយៈពេល ២ ឆ្នាំ ក្រោយពេលច្បាប់ស្តីពីសំណង់ចូលជាធរមាន គឺចាប់ពីថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ក្នុងករណីម្ចាស់សំណង់មិនអនុវត្តតាមបញ្ញត្តិច្បាប់ និងផុតរយៈពេលកំណត់ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តទោសប្បញ្ញត្តិតាមច្បាប់ស្តីពីសំណង់ជាធរមាន៕
វីដេអូ៖