ភ្នំពេញៈ នៅ​ថ្ងៃទី ១៣ ខែឧសភា ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រទេស​រុស្ស៊ី​បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ ដោយ​បង្ហាញ​ពី​ការជឿ ទុកចិត្ត​គ្នា​ទៅវិញទៅមក លើ​ការចែករំលែក​គុណតម្លៃ និង​អត្ថប្រយោជន៍​នៃ​ចំណងមិត្តភាព ហើយ​បាន​ប្តេជ្ញា​នឹង​បង្កើន​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ ដើម្បី​ឈានទៅ​មុខ​ដល់​កម្រិត​ថ្មី​មួយ​ និង កម្ពស់​ថ្មី​មួយទៀត។

ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​តាំងពី ថ្ងៃទី ១៣ ខែឧសភា​ឆ្នាំ ១៩៥៦។

ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​នេះ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្លាស់ប្តូរ​ព្រះរាជសារ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ដោយ​ក្នុង​ព្រះរាជសារ​ព្រះអង្គ​បាន​បញ្ជាក់ថា​ប្រទេស​កម្ពុជា​ និង​រុស្ស៊ី​មាន​ចំណង​មិត្តភាព​យូរអង្វែង​ និង​មាន​ភាពស្និទ្ធស្នាល​បំផុត​ហើយ​បាន​ទទួល​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើរ​នៅក្នុង​វិស័យ​ជាច្រើន។

ព្រះរាជសារ​បាន​ឱ្យ​ដឹងថា៖ «វា​គឺជា​ក្តីប្រាថ្នា​យ៉ាងខ្លាំង​របស់ខ្ញុំ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើរ​ និង​សម្បូរបែប​ដែលមាន​រវាង​ប្រទេស​យើង​ទាំងពីរ​នឹង​អភិវឌ្ឍ​បន្ថែមទៀត​ ដើម្បី​ផលប្រយោជន៍​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​ដើម្បី​សន្តិភាព​ និង​វឌ្ឍនភាព​នៅលើ​ពិភពលោក»។

នៅក្នុង​លិខិត​របស់​លោក ពូទីន ផ្ញើថ្វាយ​ព្រះមហាក្សត្រ​បាន​ឱ្យ​ដឹងថា ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ប្រទេស​រុស្ស៊ី​ និង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រមូល​នូវ​បទពិសោធន៍​ដ៏សំខាន់​មួយចំនួន​ក្នុង​ការចូលរួម​កិច្ចសហប្រតិបត្តិការ​ក្នុងន័យ​ស្ថាបនា​ក្នុង​វិស័យផ្សេង។

លោក ពូទីន ​បាន​ឱ្យដឹងថា៖ «ខ្ញុំ​ជឿជាក់ថា​ការដឹកនាំ​ដោយ​ប្រពៃណី​ល្អ​ទាំងនេះ​យើង​នឹង​ធានាបាន​នូវ​ការអភិវឌ្ឍ​បន្ថែម​ទៀត​រវាង​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង។ ដោយ​គ្មាន​ការសង្ស័យ យុទ្ធសាស្ត្រ​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​ល្អ​បំផុត​របស់​ប្រជាជន​រុស្ស៊ី​ និង​កម្ពុជា​ហើយ​ស្រប​នឹង​ការពង្រឹង​សន្តិសុខ​ និង​ស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ក្នុង​សារលិខិត​ផ្ញើជូន​សមភាគី​រុស្ស៊ី​លោក មីកែល មិស៊ូទិន (Mikhail Mishustin) បាន​សរសេរថា រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​មិនអាច​បំភ្លេចបាន​នូវ​ជំនួយ​ និង​ការគាំទ្រ​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​អតីត​សាធារណរដ្ឋ​សហភាព​សង្គមនិយម​សូវៀត កាលពី​អតីតកាល បន្ទាប់ពី​ការរំដោះ​ប្រទេស​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត។

លោក ហ៊ុន សែន បាន​សរសេរ​ថា៖ «ខ្ញុំ​ជឿជាក់​ថា​ការសហការ​រួមគ្នា​ជាមួយ​ឯកឧត្តម​យើង​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​ការកសាង​មធ្យោបាយ​ថ្មី​ ដើម្បី​បង្កើន​ភាពជា​ដៃគូ​របស់​យើង​ ដើម្បី​សន្តិភាព​ និង​វិបុលភាព​ដល់​កម្រិត​ថ្មី​មួយទៀត កម្ពស់​ថ្មី​មួយ​សម្រាប់​ជា​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​និង​ប្រជាជន​យើង»។

លោក មីកែល ក៏បាន​ថ្លែង​នៅក្នុង​លិខិត​របស់លោក​ទៅកាន់​លោក ហ៊ុន សែន វិញ​ដែរ​ថា ការងារ​ជាច្រើន​របស់​រដ្ឋាភិបាល​ទាំងពីរ​ និង​ចូលរួមចំណែក​ដល់​ការពង្រឹង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌​ និង​មនុស្សធម៌​តាមរយៈ​ការអនុវត្ត​គម្រោង​រួមគ្នា​ដែល​បាន​សន្យា​នៅក្នុង​វិស័យផ្សេង។

លោក មីកែល បាន​សរសេរ​ថា៖ «វិធីសាស្ត្រ​នេះ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងពីរ»។

លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​សមាស​ភាគី​រុស្ស៊ី លោកស្រី វ៉ាលេនទីណា មេទ្វិយេនកូ (Valentina Matviyenko)។ លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្ដិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សមាស​ភាគី​រុស្ស៊ី លោក ស៊ិជេ ឡារ៉ូ (Sergey Larov) ក៏​បាន​ផ្លាស់ប្តូរ​លិខិត​គ្នា​ទៅវិញ​ទៅមក​ផងដែរ​ដោយ​ប្តេជ្ញា​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ឈានដល់​ចំណុច​ថ្មី​មួយ។

លោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​និយាយថា​បច្ចុប្បន្ន​រដ្ឋាភិបាល​ទាំងពីរ​បាននិង​កំពុង​រៀបចំ​កិច្ចប្រជុំ​ជា​ទៀងទាត់​រួមមាន​គណៈកម្មការ​អន្តររដ្ឋាភិបាល​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និង​មនុស្សធម៌។

គណៈកម្មការ​នេះ​កំពុង​ជួយ​រៀបចំ​ផែនការ​វគ្គ​សិក្សា​ថ្មី​សម្រាប់​សកម្មភាព​ជាក់ស្តែង​ ដើម្បី​ដោះ​សោ​តំបន់​ដែល​មាន​សក្តានុពល​គួរឱ្យ​ចាប់អារម្មណ៍​ផ្សេងទៀត។

លោក​បាន​មានប្រសាសន៍​ថា​ក្នុង​រយៈពេល​ប្រាំមួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​និស្សិត​កម្ពុជា​ជាង ៨ ពាន់​នាក់​បានបញ្ចប់​ការសិក្សា​នៅ​អតីត​សហភាពសូវៀត​ និង​សហព័ន្ធរុស្ស៊ី​សព្វថ្ងៃ។ មុនពេល​មាន​ជំងឺ​រាតត្បាត​កូវីដ១៩ មាន​ភ្ញៀវទេសចរ​រុស្ស៊ី​ប្រមាណ ៦៥ ម៉ឺន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ។

លោក​បាន​និយាយថា​ក្រសួង​ការបរទេស​ និង​ស្ថានទូត​រុស្ស៊ី​បានរៀបចំ​ផែនការ​ព្រឹត្តិការណ៍​ជាច្រើន​ ប៉ុន្តែ​ព្រឹត្តិការណ៍​ទាំងនោះ​ត្រូវបាន​រំខាន​ដោយ​ជំងឺ​រាតត្បាត។

ក្រសួង​បាន​សម្រេច​ចិត្ត​រៀបចំ​ការតាំងពិព័រណ៍​រូបថត​តាម​អ៊ីនធឺណិត​ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​មានប្រសាសន៍​ថា​ប្រទេស​កម្ពុជា​ និង​រុស្ស៊ី​គឺជា​សម្ព័ន្ធមិត្ត​ចាប់តាំងពី​បាន​ចាប់ផ្តើម​ទំនាក់ទំនង​ការទូត​ដោយ​មាន​ឱកាស​ជាច្រើន​ទៀត​ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង។ លោក​បានលើក​ឡើង​អំពី​ពាណិជ្ជកម្ម​ទ្វេភាគី​ជា​វិស័យ​មួយ​ដែល​អាច​ត្រូវបាន​លើកកម្ពស់។

លោក គិន ភា បាន​មានប្រសាសន៍​ថា៖ «ពាណិជ្ជកម្ម​តាម​ព្រំដែន​ពី​ប្រទេស​រុស្ស៊ី​មាន​ចំនួន​ប្រហែល ២០ លាន​ដុល្លារ​ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាននៅ​ក្នុង​តំបន់​ប្រមាណ ២០០ លាន​ដុល្លារ។ ហើយ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ត្រូវបាន​ពង្រីក​ ប្រសិន​បើ​អាចធ្វើ​ទៅបាន»។

លោក​ថា ទោះយ៉ាងណា​ក៏ដោយ​ប្រទេស​រុស្ស៊ី​ជា​ប្រទេស​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។ បច្ចុប្បន្ន​និស្សិត​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា​ពី​សាលា​នៅ​ប្រទេស​រុស្ស៊ី​កំពុងកាន់​មុខតំណែង​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​រួមទាំង​មាន​តួនាទី​ជា​ទេសរដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​មួយចំនួន​ទៀត​ផងដែរ៕