សៀមរាប៖ ​អភិបាលខេត្ត​សៀម​រាប​លោក ទៀ សីហា ​កាល​ពីម្សិ​លមិញបាន​ណែនាំ​ឱ្យ​បន្តបិទ​ទីតាំង​មួយ​ចំនួ​ន​ទៀត និងបន្តផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ ព្រមទាំ​ងពង្រឹង​ការអនុវត្ត​វិធាន​ការទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ ចំពោះ​ការ​ដ្ឋាន​សំណង់​គ្រប់​ប្រភេទ​ក្នុ​ងភូមិ​សាស្ដ្រ​ខេត្ត​សៀមរា​ប។

យោងតាម​សេចក្ដីណែនាំ​របស់លោក ទៀ សីហា ចុះថ្ងៃទី ១២ ខែឧសភា ស្ដីពី​ការបិទ​ទីតាំង ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ពង្រឹង​ការអនុវត្ត​វិធានការ​នៅតាម​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ​នេះ គឺក្រោយពី​ខេត្តសៀមរាប​នៅតែបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មីនៃ​ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹ​ត្ដិ​ការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ ការបន្តវិធានការនេះ គឺដើម្បីកាត់ផ្ដាច់​ការឆ្លង​មេរោគ​នេះ នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​សៀមរាប។

បើតាមសេចក្ដីណែនាំនេះ ​កន្លងមករាជរដ្ឋាភិបាល​កម្ពុជាក៏ដូចជា​រដ្ឋបាលខេត្ត​សៀមរាប បានដាក់​ចេញ​នូវ​វិធានការ​នានាជា​បន្តបន្ទាប់ ដើម្បី​បង្ការនិង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ជាពិសេសក្នុង​ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ក្នុង​គោលបំណង​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩។

​លោកអភិបាលខេត្តបានបញ្ជាក់ក្នុងសេចក្ដីណែនាំថា៖ «រដ្ឋបាលខេត្ត​បាន​ពិនិត្យឃើញថា បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន​នានា​បាន​ចូលរួម​អនុវត្ត​បង្ការ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។ ប៉ុន្តែ​ចំពោះការដ្ឋាន​សាងសង់​នានា​នៅមាន​ភាពខ្វះ​ចន្លោះ​ក្នុងការ​អនុវត្ត​ការងារ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ ១៩»។

ជាមួយគ្នានេះរដ្ឋបាលខេត្ត​​បានណែនាំ​ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់គ្រប់​ប្រភេទត្រូវអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​នានា ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន។ ត្រូវ​រៀបចំ​ឱ្យមាន​ទឹក​អាល់កុល ឬ​ជែល​សម្រាប់​លាងដៃ​នៅ​ច្រកចេញ-ចូល និង​ចាត់​បុគ្គលិក ដើម្បី​វាស់​កម្តៅ​បុគ្គលិក កម្មករ កម្មការិនី ណែនាំ​ឱ្យ​ពាក់​ម៉ាស់ រក្សាគ​ម្លា​ត​សុវត្ថិភាព បុគ្គល និង​សុវត្ថិភាព​សង្គម​ឱ្យបាន​ត្រឹមត្រូវ និង​រៀបចំ​បង្កើត ចុះឈ្មោះ និង​ប្រើប្រាស់​ប្រព័ន្ធ ស្កេ​ន QR Code (ទប់ស្កាត់​កូ​វីដ ១៩) មុននឹង​អនុញ្ញាត​ឱ្យចូល​ការដ្ឋាន​សាង​សង់​របស់ខ្លួន។

ក្រៅ​ពីនោះ​ រដ្ឋបាល​ខេត្ដ​បានបន្ត​ណែនាំ​ឱ្យ​រៀបចំ​កន្លែង​សម្រាក កន្លែង​ទទួល​ទាន​អា​ហារ ឱ្យគោរព​ទៅ​តាម​វិធាន​សុខា​ភិបាល ដោយ​សម្អាត​អនាម័យ​នៅក្នុ​ង និង​ជុំវិញ​ទីតាំង​ការដ្ឋាន​របស់​ខ្លួន​ព្រមទាំង​ណែនាំ​បុគ្គលិក កម្មករ-កម្ម​កា​រិនី អំពី​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩។

ចំពោះសហគ្រាស ដេប៉ូ​ចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ផ្សារ​រដ្ឋ-ឯកជន ផ្សារ​ទំនើប ផ្សារ​ម៉ា​ត ហាង​លក់​ភេសជ្ជៈ តូប​អាហារ ហាង​កា​ហ្វ អាជីវ​កម្មដ្ឋាន សេវា​កម្មដ្ឋាន និង​កន្លែង​លក់ទំនិញ​គ្រប់​ប្រភេទ គឺរដ្ឋបាលខេត្ត​តម្រូវឱ្យ​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ននូវ​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប រយៈពេល ២ សប្តាហ៍ ចាប់ពី​ថ្ងៃទី ១៣ ខែឧសភា រហូតដល់​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១។

រីឯការជួបជុំ​ប្រមូលផ្តុំ​គ្នា​ពី​គេហដ្ឋាន​មួយ​ទៅ​គេហដ្ឋានមួយ ​ឬ​ទីកន្លែងផ្សេងៗ ដើម្បី​ពិសា​គ្រឿងស្រវឹង និង​ការចាក់​ឧបករណ៍​បំពង​សំឡេង ការ​ច្រៀងរាំ​កម្សាន្ត ត្រូវ​ហាម​ជាដាច់ខាត។

ទន្ទឹមនឹងនេះដែររដ្ឋបាល​ខេត្ដ​បានណែនាំឱ្យស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល​ក្រុង-ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ឃុំ-សង្កាត់ ត្រូវ​រៀបចំ​ផែនការ​បន្ត​ចុះ​អនុវត្ត​អប់រំ ណែនាំ ផ្សព្វផ្សាយ និង​ចាត់វិធានការ​ជាក់ស្តែង ដើម្បី​ទប់ស្កាត់​រាល់​ការជួបជុំលក់ដូរ និង​ការ​ពិសាគ្រឿង​ស្រវឹងគ្រប់​ប្រភេទក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប។

រដ្ឋបាល​ខេត្ដ​បញ្ជាក់បន្ថែមថា៖ «ក្នុងករណី​បុគ្គល​ណាឬ​ម្ចាស់ឬ​អ្នកគ្រប់គ្រង​ក្រុមហ៊ុនសហគ្រាសដេប៉ូ​ចែកចាយ ប្រជាពលរដ្ឋ និង​សាធារណជន មិន​អនុវត្តតាម​ការណែនាំ​ខាងលើ អាជ្ញា​ធរមានសមត្ថកិច្ច​នឹង​ចាត់វិធានការ​ស្របតាម​នីតិវិធី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន»។

នៅ​ថ្ងៃ​ម្សិលមិញ​ផងដែរ រដ្ឋបាលខេត្ត​នេះក៏​បានសម្រេច​បិទ​ការចេញ-ចូល​ជា​បណ្ដោះអាសន្ន ប៊ូ​ទិច សាយ​នី​ងអង្គរ ដែលស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក​ ក្រោយ​ពីមា​នករណីពាក់ព័ន្ធ​ជំងឺ​កូ​វីដ ១៩ ចំនួន ១ នាក់ និង​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ថ្មី ២ នាក់ នៅ​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១។

បើតាម​រដ្ឋបាល​ខេត្ដ ត្រឹម​ថ្ងៃទី១២ ខែឧសភា​ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ចំនួន ៧៨ នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ២០ នាក់ ស្លាប់ ១ នាក់ និង ៥៧ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។

បន្ថែមពីនេះទៀត រដ្ឋបាលខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប​ឱ្យបង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ដោយ​ត្រូវចូលរួម​អនុវត្ត​វិធានការ​ការពារ ៣ ការពារ ៣ កុំ និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាលនិង​វិធានការ​ច​ត្តា​ឡី​ស័ក។ចំពោះបុគ្គល​ទាំងឡាយណា​ដែលប្រព្រឹត្តល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ការពិន័យ​អន្តរការណ៍ ឬ​ផ្តន្ទាទោស​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន៕