មណ្ឌលគិរី៖ ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន ៥ នាក់ ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​ខេត្ត​នៅថ្ងៃទី ៣ ឧសភា ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតស្រាល តាម​បណ្តឹង​របស់​ពលរដ្ឋ​ម្នាក់​ដែល​អះអាង​ជា​ម្ចាស់ដី ហើយ​បាន​ចោទ​ពលរដ្ឋ​ទាំង​នោះ​ថា​ បាន​សាងសង់​សំណង់​លើ​ដី​របស់​ខ្លួន។

តាម​លិខិត​កោះហៅ​ចំនួន ៥ ច្បាប់​ផ្សេង​គ្នា ចុះ​ថ្ងៃទី ៣០ មេសា របស់​ការិយាល័យ​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី បុគ្គល​ដែល​ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ គឺ​មាន​ឈ្មោះ រឿង ហែង ឈ្មោះ ណើល រិទ្ធិ ឈ្មោះ ខ្វាន់ តៃ ឈ្មោះ ខ្វែវ ស្រៀប និង​ឈ្មោះ មីង វិខ្លើយ មាន​លំនៅឋាន​ស្ថិត​ក្នុង​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែនមនោរម្យ។

លិខិត​កោះ​ហៅ​នោះ​បញ្ជាក់​ថា៖ «ចូល​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃទី ៣ ខែ​ឧសភា វេលា​ម៉ោង ៨ ព្រឹក ដើម្បី​មក​បំភ្លឺ​លើ​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី ២៨ ខែ​មេសា»។

លោក សូ សុវណ្ណ ស្នងការ​រង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២ ឧសភា ថា ការ​កោះ​ហៅ​ពលរដ្ឋ ៥ នាក់​នោះ គឺ​យោង​តាម​បណ្តឹង​របស់​ភាគី​ម្ខាង​ទៀត ដែល​ជា​ម្ចាស់​ដី​ទំហំ ២ ហិកតា​កន្លះ ស្ថិត​ក្នុង​ភូមិ​ពូលូង។

លោក​បន្ត​ថា ដើម​បណ្តឹង​បាន​ពាក់​ពាក្យ​បណ្តឹង​ប្តឹង​ពលរដ្ឋ​ទាំង ៥ នាក់ ពី​បទ​កាន់​កាប់​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ ដោយ​ថែម​ទាំង​បាន​សាងសង់​សំណង់​លើ​ដី​នោះ​ទៀត​ផង ពី​អំឡុង​ខែ​មីនា ឆ្នាំ ២០២១។

លោក​បញ្ជាក់​ថា៖ «យើង​កោះ​អញ្ញើញ​គាត់​មក​នេះ គឺ​ដើម្បី​សាកសួរ​ថា គាត់​បាន​សាងសង់​លើ​ដី​នេះ មាន​ឯកសារ​សំអាង​អ្វី​ខ្លះ? នេះ​បើ​យោង​តាម​ពាក្យ​បណ្តឹង​ដែល​ម្ចាស់​ដី​គាត់​ធ្វើ​រោង​បាន ៣ ខ្នង ដែល​យើង​ចង់​ដឹង​ពី​មូលហេតុ ហើយ​បើ​ដី​នោះ​មិនមែន​ជា​ដី​របស់​គាត់​ទេ យើង​គ្រាន់​តែ​ឲ្យ​គាត់​បញ្ឈប់​ការ​សាងសង់​ទៅ។ ប៉ុន្តែ​ជាក់​ស្តែង​យ៉ាង​ណា​ទៀត គឺ​អាស្រ័យ​លើ​ការ​បំភ្លឺ​របស់​ពួក​គាត់»។

ទោះ​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ទេ​ថា ភាគី​ម្ខាង​ដែល​ប្តឹង​ពលរដ្ឋ និង​បាន​អះអាង​ថា ជា​ម្ចាស់​ដី​នេះ ជា​នរណា ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ដើម​បណ្តឹង គឺ​មាន​ឯកសារ​ទិញ​លក់ និង​ឯកសារ​ទទួល​ស្គាល់​ថា ជា​ម្ចាស់​ដី​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

អ្នកស្រី រឿង ហែង ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៥ នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២ ឧសភា​ថា ការ​ចោទ​ប្រកាន់​មក​ពលរដ្ឋ​ទាំង​ ៥ នាក់ គឺ​ជា​រឿង​អយុត្តិធម៌ ព្រោះ​ពលរដ្ឋ​ទាំង​អស់​គ្រាន់​តែ​ធ្វើ​អ្វី​ទៅ​តាម​ជំនឿ នៅ​លើ​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​ធ្លាប់​បាន​ប្រារព្ធ​ជា​យូរ​ឆ្នាំ​មក​ហើយ។

អ្នក​ស្រី​ថា ដី​ចំនួន ២ ហិកតា​កន្លះ​នេះ គឺ​ជា​ដី​នៅលើ​ភ្នំ​រដាង ដែល​ជា​កន្លែង​ជំនឿ​សាសនា​របស់​ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​តែងតែ​ទៅ​គោរព​បូជា។

អ្នកស្រី​អះអាង​ថា ការ​ដែល​ពលរដ្ឋ​ទៅ​សាងសង់​សំណង់​លើ​ភ្នំ​នេះ គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​របស់​ប្រជាសហគមន៍​ក្នុង​ការ​ប្រារព្ធ​តាម​ជំនឿ ដោយ​ការ​ធ្វើ​ខ្ទម​អ្នកតា និង​ផ្ទះ​បុរាណ ខណៈ​លើ​ភ្នំ​នេះ មាន​កន្លែង​ជំនឿ​សាសនា​ជា​ច្រើន។

អ្នកស្រី​បញ្ជាក់​ថា៖ «អ្នក​ដែល​ទិញ​ភ្នំ​នេះ គាត់​ចង់​ចែក​ភ្នំ​នេះ ជា ២ ដែល​វា​មិន​អាច​ធ្វើ​បាន​នោះ​ទេ។ ព្រោះ​ភ្នំ​នេះ គឺ​ជា​កន្លែង​ជំនឿ​របស់​សហគមន៍​យើង ដែល​យើង​តែងតែ​ធ្វើ​​ពិធី​សាសនា​នានា។ ដោយសារ​តែ​មាន​ការ​ឃុបឃិត​លួច​លក់ និង​មាន​ការ​ឈូសឆាយ ដូច្នេះ​យើង​ចង់​ថែរក្សា ទំនៀមទម្លាប់​របស់​យើង កុំ​ឲ្យ​ពួក​គាត់​ទន្រ្ទាន​ទៀត»។

បើ​តាម​អ្នកស្រី រឿង ហែង នៅ​ថ្ងៃទី ៣ ឧសភា ពលរដ្ឋ​ទាំង ៥ នាក់ នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច ដោយ​រំពឹង​ថា អាជ្ញាធរ​នឹង​ផ្តល់​យុត្តិធម៌​ដល់​សហគមន៍​វិញ​ផង​ដែរ ហើយ​ជន​ខិលខូច​ដែល​បាន​លួច​លក់​ភ្នំ​នេះ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។

លោក គ្រើង តុលា អ្នក​ប្រឹក្សា​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី​លើក​ឡើង​ថា ការ​កោះ​ហៅ​ពលរដ្ឋ​តាម​ពាក្យ​បណ្តឹង​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​របស់​មន្ត្រី​យុត្តិធម៌។

ប៉ុន្តែ​លោក ស្នើ​ដល់​មន្ត្រីយុត្តិធម៌​គួរ​តែ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​ការពារ​សម្បត្តិ​របស់​រដ្ឋ ព្រោះ​ព្រៃ និង​ភ្នំ​នេះ គឺ​ជា​សម្បត្តិ​រួម ដោយ​មិនមែន​ជា​សម្បត្តិ​របស់​បុគ្គល​ណា​ម្នាក់ ដែល​អាច​ទិញ​លក់​បាន​តាម​ចិត្ត​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «អាជ្ញាធរ​គួរ​តែ​សិក្សា​ពី​ប្រវត្តិ​ភ្នំ​នេះ ព្រោះ​ភ្នំ​នេះ គឺ​ជា​ជំនឿ​របស់​ប្រជាពលរដ្ឋ​ទូទៅ ហើយ​អ្នក​ដែល​លួច​លក់​ភ្នំ​នេះ គឺ​គាត់​ដឹង​ថា ភ្នំ​នេះ គឺ​ភ្នំ​ជំនឿ​ដែរ ប៉ុន្តែ​គាត់​នៅ​តែ​បំពាន។ ដូច្នេះ គួរ​ណាស់​តែ​អាជ្ញាធរ​ហ្នឹង កោះ​ហៅ​អ្នក​ដែល​លក់​នេះ មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ ព្រោះ​ជាតិ​សាសន៍​យើង​នីមួយៗ គឺ​តែងតែ​មាន​ជំនឿ​ហើយ​មាន​វប្បធម៌»។

លោក គ្រើង តុលា បន្ត​ថា ចំពោះ​ការ​កាត់​ក្តី​លើ​ករណី​នេះ គួរ​ណាស់​តែ​ជន​ខិលខូច​ទទួល​ទោស​តាម​ច្បាប់ ហើយ​ពលរដ្ឋ​ដែល​ចូលរួម​ការពារ​សម្បត្តិ​រួម​របស់​រដ្ឋ គួរ​តែ​ទទួល​បាន​ការ​ការពារ​តាម​ផ្លូវ​ច្បាប់៕