បន្ទាយមានជ័យៈ នគរបាលខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវរកមេខ្យល់ ដែលបានរៀបចំផែនការបម្រុងនាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ បន្ទាប់ពីបានឃាត់ខ្លួនមនុស្សប្រុសស្រី និង កូនតូចរបស់ពលករទាំងនោះ សរុប ចំនួន ៨នាក់ កាលពីថ្ងៃទី ១ខែឧសភា នៅត្រង់ចំណុចព្រំដែន កម្ពុជាថៃស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលស្រុកម៉ាឡៃ លោក បេន សំអាត បានឲ្យដឹងថា ពលករទាំង ៨ នាក់មានប្រុស ៣ ស្រី ៤ ត្រូវបានកម្លាំងនគរបាលការពារព្រំដែននៃវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ ធ្វើការឃាត់ខ្លួនពេលដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ កាលពីរសៀលថ្ងៃទី ១ខែឧសភា នៅចំណុចព្រំដែន កម្ពុជាថៃស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកថ្លែងថា៖«ពេលនេះ កម្លាំងសមត្ថកិច្ចយើងកំពុងតែស្រាវជ្រាវរកមេខ្យល់ ហើយសម្រាប់ពលករ យើងបញ្ជូនទៅដាក់មណ្ឌលចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ម៉ាឡៃ»។
ពលករខ្មែរប្រុសស្រីដែលកម្លាំងជំនាញឃាត់ខ្លួនបាន ទី១ ឈ្មោះវឿ ឆវន្ត ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិម៉ោងកំព្រីង សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ្ឌ ខេត្ដ បន្ទាយមានជ័យ។
ទី២ ឈ្មោះហៀង សុខហេង ភេទស្រី អាយុ២៩ឆ្នាំ ទី៣ ឈ្មោះរៀន តាវ៉ាន់ ភេទប្រុស អាយុ៨ឆ្នាំ ទី៤ ឈ្មោះ សុ នីតា ភេទស្រី អាយុ១ឆ្នាំ អ្នកទាំង ៣នេះ រស់នៅភូមិអន្លង់ប៉ែន ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ទី៥ ឈ្មោះ ឆាន សៅលីន ភេទស្រី អាយុ ៣១ឆ្នាំ ទី៦ក្មេងស្រី ឈ្មោះវូ ណាឡែន អាយុ៤ឆ្នាំ និងទី៧ ទារកឈ្មោះវូ សិនថាន់ អាយុ ៩ ខែដែលជាកូនពលករទាំងនោះ។ ពួកគេរស់នៅភូមិគោកក្រសាំង ឃុំស្រះរាំង ស្រុក មង្គលបុរី ខេត្ត បន្ទាយមានជ័យ និង ទី៨ ឈ្មោះ ឆន កុសល ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃរុង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមលោក បេន សំអាត ដែលបានស្រង់សំដីពលរដ្ឋម្នាក់ឈ្មោះ វឿ ឆវ័ន្ត ភេទស្រី បានប្រាប់ឱ្យដឹងថា ពួកគេមកស្រុកម៉ាឡៃ តាមមេខ្យល់ដែលបានទាក់ទងគ្នាតាមរយៈទូរស័ព្ទ។
លោកថ្លែងថា៖ «ពលរដ្ឋបានលើកឡើងថា មេខ្យល់បានទំនាក់ទំនងឱ្យរថយន្តដឹកពួកគេ ក្នុងម្នាក់ថ្លៃឈ្លួល រថយន្ត ៧០០បាត នឹងមកដល់គោលដៅក្នុងស្រុក ម៉ាឡៃ»។
ពេលមកដល់គោលដៅហើយគេឲ្យចុះពីលើឡានដើរទៅមុខ ដោយខ្លួនឯងដោយ ប្រាប់ថា មានគេនៅចាំទទួលខាងមុខ តែពេលកំពុងធ្វើដំណើរស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕