ពោធិ៍សាត់៖ ផ្ទះចំនួន ៥៨ ខ្នង ក្នុងចំណោម ១៦៤ ខ្នង ដែលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងភរិយា ផ្ដល់ថវិកាចំនួន ៥០ ម៉ឺនដុល្លារ ដើម្បីសាងសង់លើដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជនស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ត្រូវបានសាងសង់រួចរាល់ សម្រាប់ចែកជូនដល់អតីតយុទ្ធជនកម្ពុជាដែលជួបការខ្វះខាត និងខ្វះទីជម្រក។ នេះបើតាមរដ្ឋបាលខេត្តពោធិ៍សាត់។
លោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន កាលពីថ្ងៃទី ៩ ខែឧសភា បានទៅពិនិត្យដំណើរការសាងសង់ផ្ទះនេះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន។
លោកបានថ្លែងក្នុងពេលចុះពិនិត្យនេះថា តាមសំណើរបស់សមាគមអតីតយុទ្ធជនខេត្ដពោធិ៍សាត់ ក្នុងការដោះស្រាយការលំបាកក្នុងជីវភាពរបស់អតីតយុទ្ធជនប្រមាណ ៦០០ គ្រួសារនៅក្នុងខេត្ដនេះ លោក ហ៊ុន សែន និងភរិយាបានផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងភូមិសាយ ឃុំព្រងិល ដើម្បីសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតក្នុងខេត្ដនេះ។
លោក គន់ គីម ថ្លែងថា៖ «បច្ចុប្បន្ននេះ ដំណើរការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ កំពុងដំណើរការយ៉ាងយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធ។ ធ្វើយ៉ាងណាឱ្យឆាប់រួចរាល់ និងអនុញ្ញាតឱ្យក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជាចូលស្នាក់នៅ»។
លោកបានបន្តថា ក្រៅពីសាងសង់ផ្ទះ ក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ បានជួយសាងសង់ផ្លូវ ជីកអណ្តូង និងត្រួសត្រាយដីរៀបចំភូមិឋានជូនដល់អតីតយុទ្ធជននៅទីនោះផងដែរ។
លោក គន់ គីម ថ្លែងថា៖ «សម្តេចតេជោ [ហ៊ុន សែន] និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត [ប៊ុន រ៉ានី] តែងតែជំរុញដល់អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ ជួយទំនុកបម្រុង ដើម្បីឱ្យអតីតយុទ្ធជនដែលភាគច្រើនជាអ្នកចាស់ជរា និងពិការ អាចរស់នៅក្នុងជីវភាពមួយសមរម្យក្នុងសង្គមសុខសន្តិភាព ដែលរកបានមកដោយការលះបង់របស់ពួកគេ»។
លោក គន់ គីម បានជំរុញឱ្យក្រុមការងារទាំងអស់យកចិត្តទុកដាក់លើការងារសាងសង់ និងរៀបចំភូមិឋានឱ្យបានល្អ។
លោកបានលើកឡើងថា ទោះក្នុងកាលៈទេសៈនេះប្រទេសកម្ពុជា កំពុងទទួលរងនូវការលំបាកដោយជំងឺកូវីដ ១៩ ក្តី ប៉ុន្ដែរាជរដ្ឋាភិបាលមិនបានភ្លេចអតីតយុទ្ធជនកម្ពុជានោះឡើយ៕