មណ្ឌលគិរី៖ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោកស្រី ចាន់ សុធារ៉ា បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​ពី​បទ​កាប់​គាស់ រុករាន និង​ឈូស​ឆាយ​ដី​ព្រៃ​ដោយ​ខុស​ច្បាប់​ធ្វើ​ជា​កម្មសិទ្ធិ ខណៈ​មន្ត្រី​បរិស្ថាន​នៅ​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។

លោក មាស ប្រុស អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី ៩ ខែ​ឧសភា​នេះ​ថា មាន​ជន​សង្ស័យ ​៣ នាក់ ត្រូវ​បាន​មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន​បញ្ជូន​មក​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី ៦ ខែ​ឧសភា ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​ រីឯ ២ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ។

លោក​ថ្លែង​ថា៖ «ជន​ដែល​ត្រូវ​តុលាការ​ឃុំ​ខ្លួន​នោះ ជា​ម្ចាស់​គ្រឿង​ចក្រ​ដែល​ឈូស​ឆាយ​បម្រុង​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ រីឯ ២ នាក់​ផ្សេង​ទៀត គ្រាន់​តែ​ជា​កម្មករ​ស៊ី​ឈ្នួល​គេ​តែ​ប៉ុណ្ណោះ ហេតុ​នេះ​ពួក​គេ​ត្រូវ​បាន​ដោះលែង​ឲ្យមា​ន​សេរីភាព​វិញ»។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ​ សុភគ៌ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ព្រឹក​នេះ​ថា ជន​សង្ស័យ​ចំនួន ៣ នាក់ ត្រូវ​បាន​សមត្ថកិច្ច​មន្ទីរ​បរិស្ថាន​ឃាត់​ខ្លួន ពេល​កំពុង​ឈូស​ឆាយ​ដី​ព្រៃ កាល​ពី​ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ ខណៈ​មន្រ្តី​ឧទ្យានុរក្ស​ចុះ​ល្បាត​ហើយ​ប្រទះ​ឃើញ​សកម្មភាព​លួច​ឈូស​ឆាយ​ដី​ព្រៃ ក្នុង​បំណង​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់ នៅ​ចំណុច​ដៃ​អូរ​តេ ស្ថិត​ក្នុង​ភូមិ​ពូក្រូច ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​ឦសាន។

បើ​តាម​លោក កែវ សុភគ៌ ក្រោយ​ការ​ចុះ​ទប់ស្កាត់​សកម្មភាព​ល្មើស​ច្បាប់​នេះ សមត្ថកិច្ច​ជំនាញ​បរិស្ថាន​បាន​ដក​ហូត​វត្ថុតាង រួមមាន ​គ្រឿងចក្រ​អេស្កាវាទ័រ ម៉ាក CAT ពណ៌​លឿង ចំនួន ១ គ្រឿង អាប៊ុល ម៉ាក CAT D5 ចំនួន ១ គ្រឿង អាប៊ុល ម៉ាក CASE 650G ពណ៌​លឿង ចំនួន ១ គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ ចំនួន ២ គ្រឿង និង​ម៉ាស៊ីន​ភ្លើង​ចំនួន ១ គ្រឿង យក​ទៅ​រក្សា​ទុក​បណ្ដោះ​អាសន្ន​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី។

លោក​ថ្លែង​ថា៖ «ករណី​ហ្នឹង​យើង​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​អស់​ហើយ ចំណែក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត យើង​នៅ​តែ​បន្ត​ស្រាវជ្រាវ​ស្វែង​រក។​ អ្នក​ទាំង ៣ ដែល​មន្ត្រី​ជំនាញ​បរិស្ថាន​បញ្ជូន​ទៅ​ហ្នឹង ខ្ញុំ​ទទួល​ដំណឹង​ថា តុលាការ​ឃុំ​តែ​ម្នាក់​ទេ ព្រោះ ២ ​នាក់​ទៀត ម្នាក់​ជា​ជាង​អាត្រាក់ និង​ម្នាក់​ទៀត​ជា​កម្មករ»។​

លោក គ្រើង តុលា អ្នក​ប្រឹក្សា​យោបល់​ក្រុម​ការងារ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​គាំទ្រ​ចំពោះ​ការ​អនុវត្ត​វិធានការ​ច្បាប់​បាន​ល្អ​ប្រសើរ រហូត​ឈាន​ដល់​មាន​ការ​សម្រេច​ឃុំ​ខ្លួន​ជនល្មើស ដែល​កាប់​រុករាន​ទន្រ្ទាន​ដីព្រៃ​ដោយ​ខុស​ច្បាប់។

លោក​ តុលា ​បញ្ជាក់​ថា៖ «បើ​សិន​ជា​ចាប់​បាន​អ្នក​ទន្ទ្រាន​ដី​ខុស​ច្បាប់ យក​មក​ផ្តន្ទាទោស​បាន​បែប​នេះ ខ្ញុំ​អបអរ និង​គាំទ្រ ប៉ុន្តែ​ករណី​បែប​នេះ ខ្ញុំ​កម្រ​បាន​ឃើញ​ណាស់»។

មាត្រា ៦២ នៃ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​ចែង​ថា ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី៤ និង​ត្រូវ​រឹបអូស​វត្ថុតាង​ជា​សម្បត្តិរដ្ឋ​ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស កាប់គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ។ បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី៤ ទោស​ដាក់​ពន្ធនាគារ​ពី​ ៨ ​ឆ្នាំ ទៅ ១០ ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី​ ១០ ​លាន​រៀល ដល់​មួយរយ​ហាសិប​លាន​រៀល​ ហើយ​វត្ថុតាង​ត្រូវ​រឹប​អូស​ជា​សម្បត្តិ​រដ្ឋ៕