ភ្នំពេញៈ ឧបរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោកស្រី Wendy R. Sherman ​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​រយៈពេល​ ១០ ​ថ្ងៃ​នៅក្នុង​ប្រទេស​ជាច្រើន​ទៀត​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​ ២១ ​ខែ​ឧសភា​បាន​ឲ្យ​ដឹងថា លោកស្រី​នឹង​បំពេញ​ទស្សនកិច្ច​នេះ​ក្នុងប្រទេស​បែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី ប្រទេស​កម្ពុជា ថៃ និង​ចុងក្រោយ​រដ្ឋ​ហាវ៉ៃ​ចាប់ពី​ថ្ងៃទី​ ២៥ ​ខែ​ឧសភា ដល់​ថ្ងៃទី​ ៤ ​ខែ​មិថុនា​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍ លោកស្រី​នឹង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​ចំពោះ​អាស៊ាន​ និង​ដោះស្រាយ​បញ្ហា​ទ្វេភាគី​ និង​តំបន់​មួយចំនួន ដែល​រួមមាន​ទាំង​កិច្ចប្រឹងប្រែង​ ដើម្បី​ជំរុញ​ឱ្យ​យោធា​ប្រទេស​មីយ៉ាន់ម៉ា​បញ្ឈប់​អំពើហិង្សា ដោះលែង​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌​ និង​ស្តារ​ប្រទេស​នេះ​ឡើងវិញ​ទៅកាន់​មាគ៌ា​នៃ​ប្រជាធិបតេយ្យ​។

ពេលមក​ដល់​កម្ពុជា លោកស្រី​នឹងមាន​ជំនួប​ជាច្រើន​។ ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​លម្អិត​នោះទេ​៕