តាកែវៈ រថយន្ត ១ គ្រឿង​ ដែលមាន​ដឹក​ខ្លាញ់គោ​ និង​ចំណុះ​ខ្លាញ់​ប្រមាណ ២០ តោន ​ត្រូវបាន​មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តតាកែវ​ឃាត់​កាលពី​យប់​ថ្ងៃទី ៩ ឧសភា ខណៈ​កំពុង​បម្រុង​ឆ្លងដែន​ចូលទៅ​ប្រទេស​វៀតណាម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។

លោក ថៃ លី ប្រធាន ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្តតាកែវ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​រសៀល​ថ្ងៃទី ១២ ឧសភា​នេះ​ថា រថយន្ត ១ គ្រឿង​នោះ ម៉ាកយីឌុប ពាក់​ស្លាក​លេខ​តាកែវ 3A-2255 និង​មាន​ដឹក​ខ្លាញ់គោ​ និង​ចំណុះ​ខ្លាញ់​ត្រូវបាន​ជំនាញ​របស់ លោក​ឃាត់ទុក​នៅ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ដោយសារ​គ្មាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ទំនិញ​នេះ «រឿងនេះ​ខាង​ការិយាល័យ​ខ្ញុំ​កំពុង​សុំ​គោលការណ៍​ពី​ក្រសួង​ ដើម្បី​ផាកពិន័យ​ហើយ»។

លោក​បាន​ឱ្យដឹង​ទៀត​ថា រថយន្ត​នោះ​បានចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ក្នុង​បំណង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តែ​ត្រូវ​មន្ត្រី​ជំនាញ​របស់​លោក​ឃាត់​បាន​នៅ​យប់​ថ្ងៃទី ៩ ឧសភា ដោយ​ក្នុង​រថយន្ត​នោះ​មាន​ដឹក​ខ្លាញ់គោ​ និង​ចំណុះ​ខ្លាញ់​ប្រមាណ​ជាង ២០ តោន។

យ៉ាងណាក្ដី លោក ថៃ លី បាន​បញ្ជាក់ថា ម្ចាស់​ទំនិញ​នោះ​មិន​ត្រូវបាន​ឃាត់ខ្លួន​ទេ ក៏ប៉ុន្តែ​នៅពេល​មាន​គោលការណ៍​ពី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ឱ្យ​អនុវត្ត​វិធានការ​នឹង​តម្រូវ​ឱ្យ​ម្ចាស់​ទំនិញ​ចូលខ្លួន ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់៕