ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៣ ខែ​ឧសភា បាន​ចេញ​ដីកា​បង្គាប់​ដល់​លោក ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី២ «ម២» ឱ្យ​ដោះលែង​ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី ភេទស្រី អាយុ ២០ឆ្នាំ មុខ​របរ​និស្សិត ក្រោយ​ពី​ជាប់​ឃុំ​ជា​បណ្ដោះ​អាសន្ន​បាន​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ។

យោង​តាម​ដីកា​បង្គាប់​ឱ្យ​ដោះលែ​ងនោះ​បាន​ឱ្យ​ដឹង​ថា៖ «យើង កូយ សៅ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ… បង្គាប់​ឱ្យដោះលែង (ជន​ត្រូវ​ចោទ) ជា​បណ្ដោះអាសន្ន បើ​ជន​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដីកា​ឃុំខ្លួន​នៃ​បទល្មើស​ផ្សេង​ទៀត​ទេ​នោះ។ ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ថ្ងៃ​នេះ (ទី ១៣ ខែ​ឧសភា) តទៅ»។

យោង​តាម​ដីកា​សម្រេច​នេះ​បាន​ឱ្យ​ដឹង​ថា ឈ្មោះ មាន ពេជ្ររីតា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ជា​បទល្មើស​ព្រហ្មទណ្ឌ ដោយបាន​យក​កាំបិត​ចុង​ស្រួច​ចាក់​លើ​ជន​រងគ្រោះ​ចំនួន ២ កាំបិត រួច​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿងម៉ាក IPHONE 12 BRO MAX បណ្ដាល​ឱ្យ​ជន​រងគ្រោះ​របួសក្បាល​ពោះ​ខាង​ស្ដាំ​យ៉ាង​ធ្ងន់ធ្ងរ។

ទោះ​យ៉ាងណា​ក៏​ដោយ មាន ពេជ្ររីតា ជា​ពិធីការិនី​ទូរទស្សន៍ My TV និង​ជា​អតីត​បេក្ខនារី​បវរកញ្ញា​ក៏​បាន​ប្តឹង​លោក ហេង សៀ ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ និង​មាន​ងារ​ជា​ឧញ៉ា ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ។

ដីកា​សម្រេច​ដោះលែង​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កាលៈទេសៈ ដែល​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី ១២ ខែ​ឧសភា បាន​សម្រេច​តែងតាំង​មេធាវី​ចំនួន ៣ រូប ​ឲ្យ​ការពារ​ក្តី​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​ជន​ត្រូវ​ចោទ។

ក្រុម​មេធាវី​បាន​អះអាង​ថា ផ្អែក​តាម​អង្គ​ហេតុ និង​ភ័ស្តុតាង គឺ​មាន​វិមតិ​សង្ស័យ​ និង​ពុំ​ទាន់​មាន​ភ័ស្តុតាង​ជាក់​លាក់​ណា​មួយ ដែល​បញ្ជាក់​ថា ជន​ត្រូវចោទ​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​នៅ​ឡើយ​ទេ ហើយ​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​បញ្ចប់។

ក្រុម​មេធាវី​ថ្លែង​ថា៖ «យើង​ខ្ញុំ​ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ សូម​ស្នើ​សុំ​ឯកឧត្តម​ប្រធាន​ដោះលែង​កូន​ក្តី​ឱ្យ​នៅ​ក្រៅ​ឃុំ»។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ ដោយ​គ្រាន់តែ​អះអាង​ថា តុលាការ​កំពុង​មាន​ចំណាត់ការ​លើ​ករណី​នេះ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃទី ១២ ឧសភា​ថា ក្រសួង​យុត្តិធម៌​បានតាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព័ត៌មាន​រវាង​លោក ហេង សៀ និង​កញ្ញា មាន ពេជ្ររីតា បន្ទាប់​ពី​មាន​ការ​ចុះផ្សាយ និង​ចែក​រំលែក​ព័ត៌មាន​ជាច្រើន​ជុំវិញ​ករណី​ទំនាស់​នេះ​ជា​បន្តបន្ទាប់។

លោក​ថ្លែង​ថា៖ «ស្នើសុំ​ឲ្យ​ស្ថាប័ន​តុលាការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្រាវជ្រាវ​សំណុំ​រឿង​ទាំង​ពីរ​នេះ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ស្វែង​រក​ការ​ពិត​នៃ​អង្គហេតុ​ទំនាស់ និង​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​នឹង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ស្វែងរក​យុត្តិធម៌ក្នុង​សំណុំ​រឿង​នេះ»៕