ភ្នំពេញ៖ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​បន្ត​អនុវត្ត​ការ​កំណត់​ភូមិ​ចំនួន ៥ ក្នុង​ឃុំ​ចំនួន ២ ក្នុង​ស្រុក​អង្គស្នួល​ជា​តំបន់«លឿងទុំ» និង​តំបន់ «លឿង» ក្នុង​រយៈពេល ៧ ថ្ងៃ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

លិខិត​របស់​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ចុះ​ថ្ងៃទី ២១ ខែ​ឧសភា​នេះ បាន​សម្រេច​អនុវត្ត​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិ​ស្វាយជ្រុំ ភូមិ​អណ្ដូង ភូមិ​ពងទឹក ភូមិ​ត្នោតម្ពើម ស្ថិត​ក្នុង​ឃុំបែកចាន និង​ភូមិ​ព្រៃពពេល ស្ថិត​ក្នុង​ឃុំពើក ស្រុក​អង្គ​ស្នួល និង​ត្រូវ​កំណត់​ជា «តំបន់​លឿង​ទុំ» និង «តំបន់​លឿង» គិត​ចាប់​ពី​ម៉ោង​សូន្យ​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២១។

សេចក្តី​សម្រេច​បាន​បញ្ជាក់​ថា «តំបន់​លឿង​ទុំ» រួម​មាន​ផ្នែក​ខ្លះ​នៃ​ភូមិ​ស្វាយជ្រុំ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​អណ្ដូង (លើកលែង​ផ្នែក​ខ្លះ​ដែល​កំណត់​ជា​តំបន់​លឿង) នៃ​ឃុំ​បែកចាន ស្រុក​អង្គស្នូល។ ដោយ​ឡែក «តំបន់​លឿង​រួម​មាន​ភូមិ​ពងទឹក ភូមិ​ត្នោត​ម្ពើម ផ្នែក​ខ្លះ​នៃ​ភូមិ​ស្វាយជ្រុំ (ស្ថិត​នៅ​ប៉ែក​ខាង​ជើង ចាប់​ពី​ផ្លូវ​ចូល​ភូមិ​ផ្នែក​ខាង​កើត ជាប់​ផ្លូវ​ជាតិ​លេខ ៤) និង​ផ្នែក​ខ្លះ​នៃ​ភូមិ​អណ្ដូង (ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង ចាប់​ពី​ផ្លូវ​បេតុង កែង​នឹង​ដេប៉ូ​តេលា) នៃ​ឃុំ​បែកចាន និង​ភូមិ​ព្រៃពពេល នៃ​ឃុំពើក ស្រុក​អង្គស្នួល។

ក្រៅ​ពី​នេះ រដ្ឋបាល​ខេត្ត​កាល​ពី​ថ្ងៃទី ២១ ខែ​ឧសភា​នេះ បាន​សម្រេច​បិទ​ខ្ទប់​ភូមិសាស្រ្ត​ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រែកតារ័ត្ន និង​ភូមិ​ពោធិ៍បាន ឃុំ​ពោធិ៍បាន ស្ថិត​ក្នុង​ស្រុក​កោះធំ និង​ត្រូវ​កំណត់​ជា "តំបន់​ក្រហម" និង "តំបន់​លឿង​ទុំ" រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិត​ចាប់​ពី​ម៉ោង​សូន្យ នា​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

សេចក្តី​សម្រេច​នេះ​បាន​គូស​បញ្ជាក់​ថា តំបន់ «ក្រហម» រួម​មាន​ផ្នែក​ខ្លះ​នៃ​ភូមិ​ពោធិ៍បាន និង​ភូមិ​ព្រែកតារ័ត្ន ចាប់​ពី​ផ្ទះ ជិន លី ដល់​ផ្ទះ យ៉ត ថុល ដែល​មាន​ចំនួន ៨៥ ខ្នង​ផ្ទះ នៃ​ឃុំ​ពោធិ៍បាន ស្រុក​កោះធំ។ រី​ឯតំបន់ «លឿង​ទុំ» វិញ​រួម​មាន ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រែកតារ័ត្ន ចាប់​ពី​ផ្ទះ​ឈ្មោះ សាំង ទ្រុប ដល់​ផ្ទះ​ឈ្មោះ ហុក សី ដែល​មាន​ចំនួន ៩៩ ខ្នង​ផ្ទះ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ពោធិ៍បាន ចាប់​ពី​ផ្ទះ​ឈ្មោះ សេន ស្មៀន ដល់​ព្រំប្រទល់​ផ្ទះ​ឈ្មោះ ជិន លី មាន​ចំនួន ៤០ ខ្នង​ផ្ទះ នៃ​ឃុំពោធិ៍បាន ស្រុក​កោះធំ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្ត​ក៏​បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​អាជីវកម្ម​ផ្សារ​គគីរ​ដែល​ស្ថិត​ក្នុង​ឃុំគគីរ ស្រុក​កៀនស្វាយ​ឡើង​វិញ​ផង​ដែរ។

សាលា​ខេត្ត​បាន​សរសេរ​ថា៖ «ក្នុង​អំឡុង​ពេល​ដំណើរការ​អាជីវកម្ម​ផ្សារ​តភីរ​ឡើង​វិញ បងប្អូន​អាជីវករ និង​សាធារណជន​ទូទៅ ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​សុខាភិបាល រួមមាន ការ​ពាក់​ម៉ាស់ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព ព្រម​ទាំង​ប្រកាន់​ខ្ជាប់​នូវ​ការ​ធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការ​វាស់​កម្ដៅ ជាពិសេស​អនុវត្ត​តាម​វិធានការ “៣ ការពារ ៣ កុំ" របស់​សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី​ជា​ចាំបាច់ ដើម្បី​ប្រយុទ្ធ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩»៕

វីដេអូ៖