កណ្តាល៖ រដ្ឋបាល​ខេត្ត​កណ្តាល បាន​សម្រេច​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្រ្ត​ក្រុង​តាខ្មៅ ដោយ​បាន​កំណត់​ជា​តំបន់​តែ​ពីរ​ទេ គឺ​តំបន់​លឿង​ទុំ និង​តំបន់​លឿង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដោយ​ត្រូវ​អនុវត្ត​សម្រាប់​រយៈពេល ៧ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ១៣ ខែ​ឧសភា រហូត​ដល់​ថ្ងៃទី ១៩ ខែ​ឧសភា។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ថា តំបន់​បិទ​ខ្ទប់​អគារ​វប្បធម៌​ក្នុង​ភូមិសាស្ត្រ​ភូមិ​តាខ្មៅ ២ នៃ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ត្រូវ​ប្រែ​ក្លាយ​ពី​តំបន់​ពណ៌​ក្រហម​មក​ជា​តំបន់​លឿង​ទុំវិញ ឯ​សម្រាប់​តំបន់​លឿង គឺ​ត្រូវ​បាន​កំណត់​លើ​ភូមិសាស្រ្ត​សង្កាត់​ដើម​មៀន និង​សង្កាត់​តាខ្មៅ​នៃ​ក្រុង​តាខ្មៅ។

លោក​បាន​ឱ្យ​ដឹង​ថា៖ «ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​ការ​បិទ​ខ្ទប់ វិធានការ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​កំណត់​ជា​តំបន់​លឿង​ទុំ​ គឺ​បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាម​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់​ខ្លួន ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន អាច​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ករណី​ចាំបាច់​ណា​មួយ»។

សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ការ​បញ្ជាក់​ផង​ដែរ សម្រាប់​អ្នក​នៅ​ក្នុង​តំបន់​លឿង​ទុំ ដែល​អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​លំនៅឋាន​ក្នុង​ករណី​ចាំបាច់​ដូចជា​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកប​មុខរបរ ឬ​អាជីវកម្ម ឬ​បំពេញ​ការងារ​ក្នុង​វិស័យ​ឯកជន ដោយ​ត្រូវ​មាន​លិខិត​អនុញ្ញាត​ធ្វើ​ដំណើរ​ពី​រដ្ឋបាលខេត្ត មាន​អត្តសញ្ញាណប័ណ្ណ និង​លិខិត​បញ្ជាក់​ការងារ​ដែល​មាន​កំណត់​ច្បាស់លាស់​ពី​ឈ្មោះ មុខងារ និង​ប្រភេទ​អាជីវកម្ម​ចេញ​ដោយ​ទីកន្លែង​អាជីវកម្ម​ពាក់ព័ន្ធ។

ការ​ធ្វើ​ដំណើរ​ក្នុង​គោល​បំណង​ណា​មួយ អាច​ធ្វើ​ឡើង​ដោយ​សមាជិក​យ៉ាង​ច្រើន ២ នាក់ ក្នុង​មួយ​លំនៅឋាន ដោយ​មិន​ឱ្យ​លើស​ពី ៣ ដង ក្នុង​មួយ​សប្តាហ៍ និង​នៅ​ទីតាំង​ដែល​ជិត​បំផុត​ក្នុង​រង្វង់​ភូមិសាស្ត្រ​ខ្លួន​រស់នៅ។

ជាមួយ​គ្នា​នេះ​ដែរ រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ទាំង​អស់ ដែល​មិនមែន​ជា​តម្រូវការ​ចាំបាច់​​ប្រចាំ​ថ្ងៃ និង​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ត្រូវ​ហាមឃាត់ ប៉ុន្តែ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​អាច​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ។

ចំពោះ​ភូមិសាស្រ្ត​ដែល​ត្រូវ​បាន​ដាក់​ក្នុង​តំបន់​លឿង រដ្ឋបាល​ខេត្ត​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ​​នៅ​ក្នុង​តំបន់​នេះ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា។

លោក គង់ សោភ័ណ្ឌ បាន​លើក​ឡើង​ថា៖ «សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​លឿង ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ជា​ធម្មតា លើកលែង​តែ​សាលារៀន រួម​ទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្លិប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឡើយ»។

លោក​បាន​បន្ត​ថា ចំពោះ​ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ និង​ការ​លក់ដូរ​អាហារ​តាម​រទេះ អាច​ប្រកប​អាជីវកម្ម​លក់​ដូរ​ជា​លក្ខណៈ​វេចខ្ចប់​បាន ដោយ​មិន​អនុញ្ញាត​ទទួល​អតិថិជន​ឱ្យ​ចូល​មក​អង្គុយ​ទទួល​ទាន និង​លើក​ទឹក​ចិត្ត​ប្រើប្រាស់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Online)។

សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​បើក​ដំណើរការ​នេះ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់​ជា​អាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​ធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ ការ​វាស់កម្តៅ និង​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេង​ទៀត។

ទន្ទឹម​នឹង​នេះ​ដែរ ចំពោះ​ផ្សារ​រដ្ឋ និង​ទីតាំង​លក់​ដូរ​មិន​រៀបរយ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កណ្តាល សម្រេច​បន្ត​បិទ​រយៈពេល ៧ ថ្ងៃ បន្ត​ទៀត រហូត​ដល់​ថ្ងៃទី ១៩ ខែ​ឧសភា ដែល​ជំនួស​មក​វិញ​នូវ​ការ​ប្រើប្រាស់​ទីតាំង​លក់ដូរ​បណ្តោះអាសន្ន​ ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ឯ​សេវាកម្ម​អ៊ុតសក់ កាត់​ក្រចក តុបតែង​មុខ និង​កាត់​សក់ ត្រូវ​បាន​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈពេល ៧ ថ្ងៃ​ដូច​គ្នា​ផង​ដែរ។

លោក គង់ សោភ័ណ្ឌ បាន​បញ្ជាក់​ថា៖ «រដ្ឋបាល​ខេត្ត​កណ្តាល នឹង​ពិនិត្យ​សម្រេច រឹតត្បិត ឬ​ហាមឃាត់ ឬ​ផ្អាក​ជា​បណ្តោះអាសន្ន សកម្មភាព​ការងារ មុខ​របរ​អាជីវកម្ម និង​ទីកន្លែង​ផ្សេង​ទៀត ដោយ​យោង​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩»។

ជាមួយ​គ្នា​នេះ លោក​អភិបាល​ខេត្ត​បាន​ព្រមាន​ថា បុគ្គល ឬ​នីតិបុគ្គល​ណា​ដែល​បំពាន​វិធានការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ វិធានការ​ហាមឃាត់ សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម និង​វិធានការ​ហាម​ឃាត់​រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ក្នុង​តំបន់​លឿង​ទុំ និង​តំបន់​លឿង នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់។

ដោយ​ឡែក រដ្ឋបាល​ខេត្ត​កណ្ដាល​ក៏​បាន​បន្ត​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ផ្អាក​ទទួល​អតិថិជន​ឱ្យ​ចូល​មក​ទទួលទាន​ក្នុង​ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ និង​អាជីវកម្មដ្ឋាន​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ​ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃទី ១២ ខែ​ឧសភា បាន​លើក​ឡើង​ថា រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ត្រូវ​បាន​ហាមឃាត់ ហើយ​បុគ្គល​ទាំងឡាយ​ណា​ដែល​បន្ត​លក់ដូរ ចែកចាយ និង​ចរាចរណ៍​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​ពេល​នៃ​ការ​ហាម​នេះ នឹង​ត្រូវ​បាន​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ជា​ធរមាន​ផង​ដែរ៕

វីដេអូ៖