ភ្នំពេញៈ រដ្ឋមន្ត្រី​កសិកម្ម​បដិសេធ​ចំពោះ​ការផ្សាយ​អំពី​សមត្ថកិច្ច​គយហុងកុង រឹបអូស​ឈើ​ប្រមាណ ២១១ តោន ដែលជា​ឈើ​ជិត​ផុត​ពូជ និង​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន ១,១ លាន​ដុល្លារ​ហុងកុង ដែល​ត្រូវបាន​ដឹក​ចេញពី​កម្ពុជា​នៅ​ចន្លោះ​ថ្ងៃទី ២៩ មេសា និង​ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ ដែល​ជា​ចំនួន​ច្រើន​បំផុត ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ។ ក្រសួង​ក៏​កំពុង​ស្រាវជ្រាវ​ករណីនេះ​ផងដែរ។

រដ្ឋមន្ត្រី​ក្រសួង​រុក្ខាប្រមាញ់​ និង​នេសាទ លោក​ វេង សាខុន ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣ ខែឧសភា នេះ ដោយ​បាន​បដិសេធ​ចំពោះ​ករណី​ខាងលើ។ លោក​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ចាប់​តាំងពី​លោក​បាន​ឡើង​កាន់តំណែង​ជា​រដ្ឋមន្ត្រី​មិន​ដែល​មាន​ការអនុញ្ញាត​ឱ្យមាន​ការនាំ​ឈើ​ចេញពី​កម្ពុជា ទៅ​លក់​នៅក្រៅ​ប្រទេស​នោះទេ។

លោក​ វេង សាខុន អះអាង​ថា ទាំង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រកាស​ផ្អាក​ការនាំ​ឈើ​ធម្មជាតិ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ឬ​ទៅកាន់​ពិភពលោក អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ ទោះជា​យ៉ាងណា ក្រសួង​កំពុង​ស្វះស្វែងរក​ការពិត​ចំពោះ​ករណីនេះ។

បើតាម​លោក វេង សាខុន កាលពី​ថ្ងៃទី ១២ ខែឧសភា លោក​បាន​ចាត់​ឱ្យ​មន្ត្រី​នៃ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ស្រាវជ្រាវ​ពី​បញ្ហា​នេះ ថា តើ​ឈើ​ទាំងនេះ​ត្រូវបាន​ដឹក​ចេញពី​ចំណុច​ណា និង​ឆ្លងកាត់​តាមរយៈ​ណា បាន​ជា​ឈើ​ទាំងនេះ​ចេញទៅ​ដល់​កោះ​ហុងកុង។

លោក​រដ្ឋមន្ត្រី ថ្លែងថា៖ «អ៊ីចឹង យើង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ពី​បញ្ហា​នេះ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ ខ្ញុំ​នឹង​ជម្រាបជូន​នៅពេល​ក្រោយ»។

ទោះជា​យ៉ាងណា លោក​ វេង សាខុន មិនបាន​បញ្ជាក់​ពី​ការកំណត់​ពេលវេលា​នៃ​ការស្រាវជ្រាវ​ករណីនេះ​នឹង​បញ្ចប់​នោះទេ ដោយ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង និង​ការសហការ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​បើ​គេ​មិន​សហការ ក៏​មិនអាច​ដំណើរការ​ស្រាវជ្រាវ​ទៅមុខ​បានដែរ។

សារព័ត៌មាន​ហុងកុង Dimsum Daily កាលពី​ថ្ងៃទី ៥ ខែឧសភា​បាន​ចុះផ្សាយ​ថា គយ​ហុងកុង​បាន​រឹបអូស​ប្រភេទ​ឈើ​ជិត​ផុត​ពូជ​ចំនួន ២១១ តោន ស្មើនឹង​តម្លៃ ១,១ លាន​ដុល្លារ​ហុងកុង​ពី​កុងតឺន័រ​ចំនួន ៧ នៅ​កំពង់ផែ​ត្រួតពិនិត្យ​ទំនិញ​គយ Kwai Chung និង កំពង់ផែ​ត្រួតពិនិត្យ​ទំនិញ​គយ Tsing Yi ចន្លោះ​ថ្ងៃទី ២៩ ខែមេសា និង ថ្ងៃទី ៥ ឧសភា។

បើតាម​សារព័ត៌មាន​ដដែល​នេះ​គឺជា​ការរឹបអូស​ក្នុង​ទំហំ​ធំ​បំផុត ដែល​ត្រូវបាន​ធ្វើឡើង ដោយ​គយ​ហុងកុង​ក្នុង​រយៈពេល ៥ ឆ្នាំ​មកនេះ។

តាមរយៈ​ការវាយតម្លៃ​ពី​មន្ត្រី​គយ​ហុងកុង គឺ​កុងតឺន័រ​ទាំង ៧ ត្រូវបាន​ដឹក​ចេញពី​ប្រទេស​កម្ពុជា មក​ដល់​ហុងកុង​ក្នុង​ចន្លោះពេល​ខាងលើ ពិនិត្យ​ឃើញ​ថា មាន​ឈើ​ជាច្រើន​នៅក្នុង​កុងតឺន័រ​ទាំងនេះ៕