ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រកាស​រកចំណូល​បាន​ពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​ចំនួន​ជាង​ ៦៦ ​ពាន់​លាន​រៀល ​នៅក្នុង​ឆ្នាំ​ ២០២០ ចំណូល​នេះ​កើន​ចំនួន​ ៦ ​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០១៩​។ ក្រសួង​ក៏បាន​បង្ហាញ​ផងដែរ​ពី​តួលេខ​រាយ​នៃ​ចំនួន​សរុប​ពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​មាន​ចំនួន ៦៦ ៤២៧,៧ ​លាន​រៀល ស្មើនឹង​ ១០៦ ​ភាគរយ​ធៀប​នឹង​ចំណូល​ឆ្នាំ​ ២០១៩ ការអនុវត្ត​ចំណូល​ឆ្នាំ​ ២០២០ មានការ​កើនឡើង​ ៦ ​ភាគរយ​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា ចំណូល​នេះ​ទទួល​បាន​ពី​បណ្តា​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស​ដោយ​រាប់ទាំង​ការលក់​លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន បាន​សរុប​ប្រមាណ​ជាង ៦៦ ​ពាន់​លាន​រៀល​។

លោក សុទ្ធាយុត្តិ បន្ត​ថា​ចំណូល​នេះ​បានមកពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត ដោយមាន​ភាពខុសគ្នា​ពី​ការចុះបញ្ជី​យានយន្ត ដោយ​ការមើលឃើញ​ការធ្វើ​ចរាចរណ៍​នៅតាម​ផ្លូវ​គឺជា​ស្លាកលេខ ហើយ​សម្រាប់​ការលក់​តួលេខ​នេះ ត្រូវបាន​ឆ្លងកាត់​បទដ្ឋាន​គតិយុត្ត​យ៉ាង​ត្រឹមត្រូវ​មិនមែន​ចេះតែ​ទិញ​បាន​នោះទេ​។

លោក សុទ្ធាយុត្តិ បាន​ថ្លែង​ឱ្យដឹង​ទៀត​ថា​៖ «​យើង​និយាយ​នេះ គឺជា​ចំណូល​ពី​ប្រជាពលរដ្ឋ ដែល​ត្រូវ​បានដាក់​ជា​ចំណូល​ថវិកាជាតិ ហើយ​បន្ទាប់មក​បាន​គេ​បង្វែរ​យក​មក​ប្រើប្រាស់ សម្រាប់​ធ្វើការ​សាងសង់​ផ្លូវ ឬ ការអភិវឌ្ឍ​ផ្សេងៗ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

បើតាម​លោក ហ៊ាង សុទ្ធាយុត្តិ បើទោះបី​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ ១៩ ( ២០២០) ក៏​ក្រសួង​អាច​គ្រប់គ្រង​បាន និង​ទទួលបាន​នូវ​កំណើន​ប្រមាណ ៦ ​ភាគរយ​ដែរ ហើយ​រំពឹងថា នៅក្នុង​ឆ្នាំ ២០២១ នេះ​នឹង​មាន​ការកើនឡើង​ថែមទៀត​។

លោក​ថ្លែងថា​៖ «​ក្រសួង​តែង​គិតគូរ​ទៅលើ​តម្រូវការ និង​ភាពងាយស្រួល​របស់​ប្រជាពលរដ្ឋ​។ វា​ជាធម្មតា​ទេ នៅពេល​ដែល​ប្រជាពលរដ្ឋ​មាន​សេដ្ឋកិច្ច​មានការ​កើនឡើង យើង​ត្រូវ​ផ្តល់​ភាពងាយស្រួល​ជូន​គាត់ ហើយ​គាត់​នឹង​យក​ថវិកា​របស់​គាត់​ចំណាយ​លើ​សេវា​ទាំងអស់​ហ្នឹង​ថែមទៀត​»​។

ក្នុង​កិច្ចប្រជុំ​កែសម្រួល​បទអន្តរាគមន៍​សម្រាប់​ចូលរួម​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២១ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ៩ ខែ កុម្ភៈ ឆ្នាំ​ ២០២០​។ លោកស្រី កុយ សុដានី រដ្ឋលេខាធិកា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត និង​ប្រមូល​ចំណូល​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោកស្រី សុដានី បាន​ថ្លែងថា​៖ «​នេះ គឺជា​ការខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ប្រកបដោយ​ការយក​ចិត្តទុកដាក់ និង​ការទទួល​ខុសត្រូវ​ខ្ពស់​របស់​សមាជិក​សមាជិកា​គណៈកម្មការ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត និង​ក្រុមការងារ​នៃ​អនុគណៈកម្មការ​ទាំង​ ២ របស់​ក្រសួង​»៕

វីដេអូ៖