ព្រះវិហារៈ ឈើប្រណីតចំនួន ៤ គោយន្តដែលឈ្មួញដឹកក្នុងភូមិសាស្ត្រឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប នៅស្រុកឆែប ត្រូវបានមន្ត្រីឧទ្យានុរក្សបង្ក្រាបនៅថ្ងៃទី ១០-១១ ឧសភា។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃនេះថា លោកមានការព្រួយបារម្ភខ្លាំង ដែលសកម្មភាពបទល្មើសកាប់ឈើក្នុងតំបន់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ក្រោយពីត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យសម្រាប់រក្សាទុកជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។
លោកថ្លែងថា៖ «នៅថ្ងៃទី ១០-១១ ខែឧសភា ២០២១ នេះ យើងចាប់បានគោយន្តដឹកឈើ ៤ គ្រឿង ក្នុងភូមិសាស្ត្រឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបដែលឈើទាំង ៤ គោយន្តនោះ សុទ្ធសឹងជាប្រភេទឈើប្រណីត។ យើងឈប់ប្រគល់ទៅវិញហើយ ព្រោះអ្នករកស៊ីនេះតាមដែលក្រុមការងារក្តាប់ព័ត៌មានបាន គឺមានជាប្រព័ន្ធកម្រិតខ្ពស់»។
លោកបន្តថា៖ «យើងដឹងច្បាស់ណាស់ថា ការចាប់ឈើទាំងនេះទាំងខ្ញុំ និងមន្ត្រីឧទ្យានប្រឈមមុខនឹងគ្រោះថ្នាក់។ ប៉ុន្តែបើយើងខ្លាចគ្រោះថ្នាក់ព្រៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនឹងត្រូវរលាយ។ ដូច្នេះយើងត្រូវតែប្រឈមនឹងគ្រោះថ្នាក់ទាំងនេះ ដើម្បីអភិរក្សដល់មនុស្សជំនាន់ក្រោយ»។
បើតាមលោក សុខ ទូច បច្ចុប្បន្នក្នុងភូមិសាស្ដ្រខេត្ដព្រះវិហារ គឺមានតែឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបប៉ុណ្ណោះដែលមានសេសសល់ឈើប្រណីតធំៗ និងមានអាយុកាលយូរឆ្នាំ។ ដូច្នេះហើយទើបជនល្មើសសម្រុកចូលលួចកាប់ឈើនៅទីនេះ។
បច្ចុប្បន្នក្រុមការងារឧទ្យានុរក្សនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបមានគ្នាតិច ត្រឹម ២ នាក់។ ចំណែកភូមិសាស្ដ្រឧទ្យានដែលត្រូវការពារមានជាង ១ ម៉ឺនហិកតា។ ដូច្នេះគឺមានផលលំបាកខ្លាំងក្នុងការថែរក្សាការពារឱ្យបានគ្រប់ទីកន្លែង។
លោក ជា សម្បតិ្ត អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប បានឱ្យដឹងថា ឈើប្រណីតដែលឃាត់បាននេះជាប្រភេទឈើផ្ចឹកមានចំនួនប្រមាណ ២ គុប។ បច្ចុប្បន្នឈើ និងគោយន្តត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប។
លោកបានថ្លែងថា៖ «ឥឡូវនេះគឺមានសកម្មភាពបទល្មើសកាប់ឈើទ្រង់ទ្រាយធំទៀត បច្ចុប្បន្នក្រុមការងារខ្ញុំកំពុងតែតាមស៊ើបអង្កេត។ ដូចដែលយើងធ្លាប់ដឹងនោះ គឺទីតាំងមានទីតាំងកន្លែងស្ដុកឈើធំ គឺស្ថិតនៅក្នុងស្រុកឆែបនេះ ពួកយើងកំពុងតែតាមមើលរឿងនេះ»។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤ ៣៥ គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុ (ឡស្លរដែកបុរាណ) ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបរិស្ថាន ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕