ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់ទៅនឹងការចោទសួរ ដែលថា កម្ពុជាពឹងផ្អែកលើចិនខ្លាំងពេក ដោយលោកថ្លែងថា «បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា?» ខណៈដែលលោកថា រដ្ឋាភិបាលកម្ពុជាមិនបានបិទទ្វារសម្រាប់ប្រទេសណាទាំងអស់ ក្នុងការទទួលយកជំនួយសម្រាប់កសាងប្រទេស។
លោក ហ៊ុន សែន បានថ្លែងបែបនេះគឺជាការឆ្លើយតបទៅនឹងសំនួរនៅក្នុងវេទិកា ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន នៃសន្និសីទអន្តរជាតិលើកទី ២៦ ស្តីពី «អនាគតរបស់អាស៊ី» ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ» ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគួរតែនិយាយដោយត្រង់ៗថា បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា? និយាយឱ្យពិត។ និយាយការពិតនៅទីនេះ។ បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា? ទុកឱ្យប្រជាជនកម្ពុជាឆ្លងទន្លេឆ្លងព្រែកដោយជិះទូកដរ ដោយឆ្លងស្ពានឫស្សី ឬឈើ ប្រកបដោយគ្រោះថ្នាក់ដោយគ្មានផ្លូវដើរឬយ៉ាងណា?»។
លោកបន្តថា កាលពីទសវត្សរ៍ ៩០ ជប៉ុនបានជួយជំនួយច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសកម្ពុជា។ ក្នុងនោះមានស្ពានធំ ២ គឺស្ពានគីហ្សូណានៅកំពង់ចាម និងស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ភ្ជាប់ខេត្តកណ្តាល និងខេត្តព្រៃវែង។ ប៉ុន្តែក្រៅពីនោះ ស្ពានទាំងឡាយនៅតាមដងទន្លេមេគង្គ តាមទន្លេសាប តាមទន្លេបាសាក់គឺសុទ្ធតែស្ពានចិនកសាងទាំងអស់។
លោក ហ៊ុន សែន ថ្លែងថា៖ «ផ្លូវជាង ៣ ពាន់គីឡូម៉ែត្រ គឺចិនជួយទាំងអស់។ ចឹងសុំតាំងជាសំណួរថា បើសិនជាកុំមានជំនួយរបស់ចិន តើយើងខ្ញុំ គួរទៅពឹងអ្នកណា? ពិភពលោកនេះអាចឆ្លើយជាមួយនឹងកម្ពុជាបាននូវសំណួរនេះទេ?»។
លោកបន្តថា កម្ពុជាមិនបានបិទទ្វារសម្រាប់អ្នកណាទាំងអស់ទៅលើការទទួលយកជំនួយ សម្រាប់កសាងប្រទេសកម្ពុជា ។ ជាក់ស្តែងដូចជាជប៉ុន ដែលឥឡូវនេះកំពុងកសាងផ្លូវជាតិលេខ ៥ ដ៏ល្អតភ្ជាប់ពីខេត្តកណ្តាលទៅ កាន់ព្រំដែនកម្ពុជា ថៃ បន្ទាប់ពីការសាងសង់ផ្លូវជាតិលេខ ១ និងផ្លូវជាតិច្រើនខ្សែ។
លោកថា៖ «នេះគឺជារឿងពិតដែលគួរត្រូវតែនិយាយថា ប្រទេសកម្ពុជាពឹងផ្អែកលើប្រទេសចិន។ ចុះបើខ្ញុំមិនពឹងផ្អែកប្រជាជនខ្ញុំសព្វថ្ងៃនេះ កំពុងតែឆ្លងទូកដរតាមទន្លេកំពុងតែគ្មានផ្លូវដើរ»។
លោកគូសបញ្ជាក់ថា៖ «ដូច្នេះ ភាសានេះ គួរតែអ្នកដែលជាប្រទេសនានា ដែលនិយាយ និងអ្នកវិភាគទាំងឡាយដែលនិយាយ គួររកចម្លើយឲ្យកម្ពុជាផងថា តើកម្ពុជាគួរធ្វើយ៉ាងម៉េចទើបបានផ្លូវដើរ? ទើបបានស្ពានឆ្លង? ទើបបានហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រឡាយទឹកទំនប់ទឹកដទៃទៀត»។
ក្រៅពីនោះលោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ម្តងទៀតពីការលើកឡើងថា កម្ពុជាផ្តល់ទីតាំងឲ្យប្រទេសចិនប្រើប្រាស់ជាមូលដ្ឋានកងទ័ពជើងទឹកនោះផងដែរ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ម្តងហើយម្តងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនផ្តល់ការអនុញ្ញាតឲ្យអ្នកណាមួយប្រើប្រាស់ទេ។ បោះទីតាំងនៅលើទឹកដីរបស់ខ្លួនទេ ហើយក៏មិនអនុញ្ញាតឲ្យកម្ពុជាទៅបោះទីតាំងនៅលើប្រទេសផ្សេង លើកលែងតែក្របខ័ណ្ឌអង្គការសហប្រជាជាតិដែលពេលនេះកម្ពុជាមានកងទ័ពនៅលីបង់ សូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល។ យើងមិនបោះកងទ័ពប្រចាំការនៅទីនោះ ក្រៅក្របខ័ណ្ឌអង្គការសហប្រជាជាតិទេ»។
លោកបានបន្តថា៖ «ចំពោះមូលដ្ឋានសមុទ្ររបស់យើងនេះ យើងទទួលស្វាគមន៍ទាំងអស់នៃនាវាបរទេសចង់ចូលចតនៅក្នុងកំពង់ផែប្រទេសរបស់យើង។ មិនមែនមានតែចិន ១ ទេ ដែលអាចចូលបាន។ អ្នកណាក៏អាចចូលបាន។ នាវាជប៉ុនក៏ធ្លាប់បានចូល កំពង់ផែរបស់យើង។ ដូច្នេះចំពោះការចោទប្រកាន់លើបញ្ហានេះ វាអយុត្តិធម៌ពេកសម្រាប់កម្ពុជា ហើយវាក៏អយុត្តិធម៌សម្រាប់ចិនផងដែរ»។
លោក ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាវ៉ាក់សាំង ដែលកម្ពុជារកបាននេះ យកមកចាក់ជូនប្រជាជនបានជាង ២ លាននាក់រួចមកហើយនេះផងដែរ។
លោកថា៖ «បើគ្មានជំនួយពីចិន និងការផ្គត់ផ្គត់ដោយការលក់ យើងខ្ញុំក៏គ្មានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនកម្ពុជា។ ក្រៅពីខូវ៉ាក់ ដែលបានផ្តល់ជាង ៣០ ម៉ឺនដូស តើមានប្រទេសណាមួយបានហារមាត់បញ្ជូនមកដល់កម្ពុជាហើយឬនៅ នូវវ៉ាក់សាំងសម្រាប់ការចាក់?
ចឹងទេប្រើពាក្យថា កម្ពុជាពឹងពាក់លើចិន ទាល់តែចិនមានអ្វីឲ្យកម្ពុជាដែរទើបបានឲ្យកម្ពុជាទៅពឹងពាក់បាន។ ចិនអត់មានអីផងតើយើងទៅពឹងពាក់ម៉េច?»។
លោក ហ៊ុន សែន ថ្លែងថា៖ «ព្រោះខ្ញុំមិនដែលបានបិទទ្វារផង។ ជំនួយក៏មិនដែលបានបិទទ្វារ។ វិនិយោគក៏មិនដែលបានបិទទ្វារ។ ពាណិជ្ជកម្មក៏មិនដែលបានបិទទ្វារ។ ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អ្នកណាហុចដៃមកគឺយើងខ្ញុំទទួល។ អ្នកផ្តល់ឱ្យយើងខ្ញុំ ខ្ញុំទទួល។ លើកលែងពួកភេរវកម្ម ដែលយើងខ្ញុំមិនទទួល។ ដូចជាកន្លងទៅ ជប៉ុនទើបនឹងផ្តល់នូវជំនួយសម្រាប់ប្រឆាំងកូវីដ១៩ថ្មីៗនេះ»។
លោកបន្តថា បន្ទាប់ពីអាមេរិកបានប្រកាសផ្តល់ជំនួយចំនួន ១១ លានដុល្លារថ្មីៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ គឺលោកមិនបានបដិសេធជំនួយនោះទេ គឺលោកទទួលទាំងអស់។ រដ្ឋាភិបាលកម្ពុជាក៏បានស្នើទៅអាមេរិកដើម្បីសុំវ៉ាក់សាំង AstraZeneca ចំនួន ៤ លានដូស ហើយលោកប្រកាសស្វាគមន៍វ៉ាក់សាំងរបស់អាមេរិកដែលនឹងមកដល់កម្ពុជា។
លោកថ្លែងថាកាលពីទស្សវត្សរ៍ឆ្នាំ ១៩៩០ រដ្ឋាភិបាលរបស់លោកពឹងពាក់ច្រើនទៅលើប្រទេសជប៉ុន។ ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ ជប៉ុនផ្តល់ជំនួយឥតសំណងច្រើនជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ ជប៉ុនក៏នៅតែបន្តផ្តល់ជំនួយមកកម្ពុជា។ បន្ទាប់ពីចិន ដែលមានជំនួយ និងកម្ចីសម្រាប់ការអភិវឌ្ឍ ជប៉ុនដើរតួនាទីសំខាន់សម្រាប់អភិវឌ្ឍកម្ពុជា។
ចំណែកនៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្ត្រី លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ីឱ្យបន្តថែរក្សាសន្តិសុខក្នុងប្រទេស និងក្នុងតំបន់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ និងមិនជ្រៀតជ្រែកបែបផែនការរស់នៅរបស់ប្រទេសនីមួយៗ។
លោកថ្លែងថា៖ «អាស៊ីត្រូវបន្តកសាង និងថែរក្សាសន្តិភាព និងសន្តិសុខក្នុងប្រទេស និងតំបន់ ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់កិច្ចការងារស្តារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាការអភិវឌ្ឍរយៈពេលវែង»។
លោក ហ៊ុន សែន ថ្លែងថា ក្នុងដំណើរការការស្តារសង្គមសេដ្ឋកិច្ចឡើងវិញអាស៊ីចាំបាច់ត្រូវពង្រឹងភាពជាដៃគូរវាងបណ្តាប្រទេសក្នុងតំបន់ និងប្រទេសផ្សេងៗលើសកលលោក ក៏ដូចជាតួអង្គអភិវឌ្ឍន៍ទាំងអស់។
លោកបានបញ្ជាក់ថា៖ «ដើម្បីសម្រេចគោលបំណងរួមរបស់យើងប្រកបដោយជោគជ័យយើងត្រូវតែគោរពនូវគោលការណ៍សន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក និងការគោរពបែបផែននៃការរស់នៅ វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រដែលជាគុណតម្លៃរបស់ប្រទេសនីមួយៗ ក្នុងគោលដៅពង្រឹងតម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព»។
លោកបន្តថា នាពេលបច្ចុប្បន្នការបាត់បង់ភាពជឿទុកចិត្ត ការប្រកួតប្រជែង គម្លាតការអភិវឌ្ឍ និងកម្រិតប្រាក់ចំណូល និងវិសមភាពសង្គមបានបង្កឱ្យមានការភ័យខ្លាច ឬបាត់បង់ការគាំទ្រលើគោលការណ៍សកលភាវូបនីយកម្មជាបណ្តើរៗ ស្របជាមួយនឹងការចាកចេញពីយន្តការពហុភាគីនិយមដោយការគេចពីគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ។
លោកបញ្ជាក់ថា៖ «ទិដ្ឋភាពទាំងនេះបាននិងកំពុងបង្កក្តីបារម្ភ និងភាពតានតឹង នៅក្នុងសហគមន៍អន្តរជាតិ។ ដូច្នេះ អាស៊ីត្រូវលើកកម្ពស់តួនាទីដឹកនាំរបស់ខ្លួនក្នុងការធានាឱ្យបាននូវកិច្ចសហប្រតិបត្តិការ ប្រកបដោយស្មារតីបើកចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើសមាហរណកម្ម ការតភ្ជាប់គ្រប់វិស័យដើម្បីពង្រឹងភាពធន់របស់យើងចំពោះការផ្លាស់ប្តូរនយោបាយសេដ្ឋកិច្ច និងសង្គម»។
បើតាមលោក ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ ១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ ក្នុងគោលបំណងអូសទាញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្ម តាមរយៈការធានារក្សានូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែឧសភាថា បញ្ហាសន្តិសុខតែងតែបំពេញលក្ខខណ្ឌនៃការអភិវឌ្ឍសម្រាប់វិស័យផ្សេងៗរាប់ទាំងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផង ហើយប្រសិនមិនមានសន្តិសុខទេ គឺមិនអាចមានការអភិវឌ្ឍ និងការស្តារសេដ្ឋកិច្ចបាននោះទេ។
លោកថ្លែងថា៖ «ប្រសិនយើងពិនិត្យមើលនៅក្នុងអាស៊ីរបស់យើងនេះ ហាក់ដូចជាកំពុងមានការគំរាមកំហែងទៅលើវិស័យសន្តិសុខហ្នឹងច្រើនគួរសម ដោយសារទីមួយ បញ្ហាសមុទ្រចិនខាងត្បូង ហាក់ដូចជាចំណុចក្តៅមួយដែលធ្វើឱ្យមានភាពតានតឹង រវាងចិន និងបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ហ្នឹងផង ហើយរវាងចិន និងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនផង»។
លោក គិនភា បានបញ្ជាក់ថា៖ «មួយទៀតយើងឃើញបញ្ហានុយក្លែអ៊ែររបស់កូរ៉េខាងជើងហ្នឹង ក៏នៅតែជាបញ្ហាក្តៅ និងរ៉ាំរ៉ៃ ដែលប្រឈមនៅក្នុងបញ្ហាសន្តិសុខតំបន់ អាស៊ីទាំងមូលផងដែរ»៕