ពោធិ៍សាត់៖ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ពោធិ៍សាត់​កំពុង​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃទី ១៣ ឧសភា​ស្អែក​នេះ ក្រោយ​ពី​ចាប់​ខ្លួន​ករណី​កាប់​គូ​ទំនាស់​បណ្ដាល​ឱ្យ​ស្លាប់ ប្រព្រឹត្ត​កាល​ពី​យប់​ថ្ងៃទី ​១០ ឧសភា​ នៅ​ក្នុង​ភូមិ​អូរបាក់ត្រា ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

លោក​ឧត្តមសេនីយ៍ត្រី ម៉ូ លីដា​ ស្នងការ​រង​​នគរបាល​ខេត្ត​ពោធិ៍សាត់​ទទួល​បន្ទុក​ផែន​ការងារ​ព្រហ្មទណ្ឌ​បាន​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹង​នៅ​ថ្ងៃទី ១២ ឧសភា​នេះ​ថា ជន​សង្ស័យ​រូប​នោះ​ឈ្មោះ អិត រ័ន្ន អាយុ ៣២ ឆ្នាំ​។ ពេល​នេះ​សមត្ថកិច្ច​កំពុង​រៀបចំ​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​ដែលត្រូវ​ធ្វើ​នៅ​ថ្ងៃទី ១៣ ឧសភា​ ដើម្បី​ចាត់​ការ​បន្ត​ទៀត។

លោក​បាន​ប្រាប់​ថា៖ «ជនសង្ស័យ​ពេល​ធ្វើ​តេស្ត​ទឹកនោម​ទៅ​ឃើញ​មាន​វិជ្ជមាន​សារធាតុ​ញៀន​ផង។​ អ៊ីចឹង​ជន​នេះ​ក៏​ប្រើប្រាស់​គ្រឿង​ញៀន​ដែរ»។

លោក លីដា ​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ អិត រ័ន្ន ម្នាក់​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​កាល​ពី​រសៀល​ថ្ងៃទី ១១ ឧសភា នៅ​នឹង​ផ្ទះ​របស់​ជន​សង្ស័យ​តែ​ម្តង ​គឺ​នៅ​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ​បន្ទាប់​ពី​រត់​គេច​ខ្លួន​បាន ១ ថ្ងៃ ក្រោយ​ពេល​បង្ក​បទល្មើស​​នៅ​យប់​ថ្ងៃទី ១០ ឧសភា។

លោក​បាន​រៀបរាប់​តាម​សម្តី​ជនសង្ស័យ​ថា រវាង​ជនសង្ស័យ និង​ជន​រងគ្រោះ​ឈ្មោះ ​តឺយ តឿន ភេទ​ប្រុស​ អាយុ ៣២ ឆ្នាំ​ គឺ​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា​ហើយ​រស់នៅ​ផ្ទះ​ជិត​គ្នា​តែ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​គ្នា​។

លុះ​ដល់​ម៉ោង​ជាង ៨ យប់​ថ្ងៃទី ១០ ឧសភា ឈ្មោះ តឺយ តឿន (ជន​រងគ្រោះ) បាន​លី​កាំបិត​ផ្គាក់ ១ លើ​ស្មា​​ហើយ​បាន​ដើរ​តាម​ផ្លូវ​ក្នុង​ភូមិ​ទៅ​មក​ និង​មាន​ការ​ជេរ​ផង។ ខណៈ​នោះ​រូប​គេ (ជន​សង្ស័យ) ក៏​កំពុង​ឈរ​បញ្ចាំង​ភ្លើង​ពិល​មើល​ទឹក​អណ្តូង​នៅ​ក្រោយ​ផ្ទះ​របស់​ខ្លួន​ដោយ​ក្នុង​ដៃ​មាន​កាន់​ពូថៅ ១ ផង​ដែរ។

លោក​បាន​បន្ត​ទៀត​ថា ពេល​ជន​សង្ស័យ​ ឮ​សំឡេង​ជន​រងគ្រោះ​ជេរ​ដៀម​ដាម​ដូច្នេះ ​ក៏​យក​ពូថៅ​ដែល​កំពុង​កាន់​នៅ​ក្នុង​ដៃ​ស្រាប់​នោះ​គប់​សំដៅ​ជនរងគ្រោះ។ ស្រប​ពេល​នោះ​ជន​សង្ស័យ​បាន​បញ្ចាំង​ភ្លើង​ពិល​ឃើញ​ជន​រងគ្រោះ​កំពុង​លី​កាំបិត​ផ្គាក់​​ក៏​ស្ទុះ​ចូល​ទៅ​ដណ្តើម​កាំបិត​នោះ​ហើយ​ក៏​មាន​ការ​ប្រវាយ​ប្រតប់​គ្នា។

បើ​តាម​លោក លីដា ​នៅ​ពេល​ប្រវាយ​ប្រតប់​គ្នា​នោះ ​ខាង​ជន​សង្ស័យ​ត្រូវ​របួស​ក្បាល និង​ដៃ​ តែ​របួស​មុត​ស្រាល​ទេ​ ហើយ​ពេល​នោះ​ជនសង្ស័យ​បាន​ដណ្តើម​កាំបិត​ពី​ជន​រងគ្រោះ​បាន​ក៏​កាប់​យកៗ​រហូត​ស្លាប់​ទៅ។ ក្រោយ​ពី​កាប់​ជន​រងគ្រោះ​ស្លាប់​រួច​ គឺ​ជន​សង្ស័យ​បាន​យក​កាំបិត​​នោះ​ទៅ​លាក់ទុក​ក្នុង​គំនរ​ឈើ​ដែល​នៅ​ជិត​ផ្ទះ។

លុះ​ពេល​លាក់​កាំបិត​រួច ជន​សង្ស័យ​ក៏​បាន​ឡើង​លើ​ផ្ទះ​យក​ភួយ​​រួច​ចេញ​ទៅ​ដេក​នៅ​ក្នុង​ចម្ការ​ដំណាំ​សាច់​ញាតិ​របស់​គេ​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​ជា ៤ ទៅ ៥ គីឡូម៉ែត្រ។

លោក​ឧត្តមសេនីយ៍​បាន​បន្ត​ប្រាប់​តាម​ចម្លើយ​របស់​ជន​សង្ស័យ​ទៀត​ថា លុះ​ដល់ព្រឹក​ឡើង​ថ្ងៃទី ១១ ឧសភា​ ជន​សង្ស័យ​មិន​ទាន់​ត្រឡប់​មកផ្ទះ​វិញ​ទេ រហូតដល់​ម៉ោង​ជាង ២ រសៀល​ថ្ងៃ​ ទើប​គេ​លួច​ដើរ​ពី​ចម្ការ​មក​ចូល​ផ្ទះ ប៉ុន្តែ​ដោយ​សារ​សមត្ថកិច្ច​ដាក់​យាម​ចាំ​ឃ្លាំមើល​យ៉ាង​ប្រុងប្រយ័ត្ន​នោះ​ក៏​ព័ទ្ធ​ចាប់​ខ្លួន​ជនសង្ស័យ​បានតែ​ម្តង៕