ភ្នំពេញៈ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​រួម​នឹង​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា និង​វិទ្យាស្ថានជាតិ​ការទូត​ និង​ទំនាក់ទំនង​អន្តរជាតិ (NIDIR) នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចាប់ផ្តើម​សិក្ខាសាលា​រួមគ្នា​មួយ ស្តីពី​ជំនាញ​កិច្ចការទូត ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​មតិយោបល់ និង​ការអនុវត្ត​ល្អៗ នៅក្នុង​វិស័យ​គន្លឹះ​លើ​កិច្ចការ​ការទូត​។

អ្នកដឹកនាំ​មកពី​អង្គការ ស្ថាប័ន​ក្នុង​វិស័យ​ឯកជន ក្រុម​អ្នកជំនាញ​ផ្តល់​ប្រឹក្សាស្ថាប័ន​ទូត និង​ពហុភាគី​បាន​ចូលរួម​ជាមួយ​អ្នកការទូត​វ័យក្មេង​កម្ពុជា​ចំនួន ៣១ ​នាក់​នៅក្នុង​សិក្ខាសាលា​ប្រចាំ​សប្តាហ៍​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​។

សិក្ខាសាលា​នេះ​ត្រូវធ្វើ​ឡើង​ជា​បន្តបន្ទាប់​ចំនួន​ ៤ ​លើក ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​លើ​និន្នាការ​សំខាន់ៗ ដូចជា​មធ្យោបាយ​សម្រាប់​ធ្វើការ​ទាក់ទង​ជាមួយ​សាធារណ​ជនបរទេស ដោយ​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច​ ដើម្បី​ជំរុញ​ផលប្រយោជន៍​ជាតិ ពហុនិយម និង​បន្ស៊ី​គ្នា​នូវ​ទិន្នន័យ និង​ព័ត៌មាន សម្រាប់​អ្នកធ្វើ​គោលនយោបាយ​។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា ទៅកាន់​អ្នកការទូត​កម្ពុជា​នៅក្នុង​វិទ្យាស្ថាន NIDIR ថា​៖ «​បញ្ហា​ប្រឈម​នៅក្នុង​សកលលោក នាសម័យ​បច្ចុប្បន្ន មិន​ដែល​ធ្លាប់មាន​ទេ​ពី​មុនមក ហើយ​សហគមន៍​អន្តរជាតិ​ពឹង​លើ​អ្នកការទូត «​ជំនាន់​ក្រោយ​» ហើយ​ក្នុង​ការរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម​ដ៏ស្មុគស្មាញ​ទាំងនេះ​»​។

លោក​ ឆែម គាតរិទ្ធី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា៖ «​សិក្ខាសាលា​នេះ​នឹង​ធ្វើឲ្យ​មានឱកាស​រៀនសូត្រ និង​ចែករំលែក​បទពិសោធ​គ្នា​ល្អ សម្រាប់​អ្នកការទូត​វ័យក្មេង​កម្ពុជា​របស់​យើង ដើម្បី​ទទួលបាន​ទស្សនៈ​ថ្មីៗ​លើ​ប្រធានបទ​នានា ដែល​ខ្ញុំ​ជឿជាក់ថា នឹង​ធ្វើឲ្យ​អ្នកការទូត​វ័យក្មេង​កម្ពុជា​របស់​យើង​មានចំណេះ និង​ជំនាញ ដែល​គេ​ត្រូវការ ដើម្បី​ធ្វើ​ឲ្យ​ខ្លួនគេ​រីកចម្រើន​ទៅមុខ នៅក្នុង​ពិភពលោក​សព្វថ្ងៃ ដែល​មាន​ភាពស្មុគស្មាញ​»​។

ដោយឡែក លោកស្រី Meloney C. Lindberg តំណាង​មូលនិធិ​អាស៊ី​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា៖ «​នេះ​ជា​ឱកាស​ពិសេស​មួយ សម្រាប់​ធ្វើការ​ចែករំលែក​ទស្សនៈ​នានា​លើ​ប្រធានបទ​ដែលមាន​សារៈសំខាន់​នាពេល​សព្វថ្ងៃនេះ​ជាមួយ​អ្នកការទូត​វ័យក្មេង​កម្ពុជា និង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គ្នា ដោយ​បើកចំហ និង​ដោយ​ស្ថាបនា​»​។

គំនិត​ផ្តួចផ្តើម អាមេរិក-កម្ពុជា AmCam ២០២១ របស់​ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ពី​ការខិតខំ​ធ្វើ សហប្រតិបត្តិការ​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា ទាក់ទង​នឹង​វិបុលភាព សន្តិភាព គោលការណ៍ និង ភាពជា​ដៃគូ​។

វិទ្យាស្ថាន NIDIR ត្រូវបាន​បង្កើតឡើង​ជា​ផ្លូវការ នៅ​ឆ្នាំ ២០១៦ ជា​គំនិត​ផ្តួចផ្តើម​របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៅក្រោម​ឆ័ត្រ​របស់​ក្រសួង​ការបរទេស​។

វិទ្យាស្ថាន​នេះ​មានបំណង​កសាង​សមត្ថភាព​ជំនាញ​អាជីព​របស់​អ្នកការទូត​វ័យក្មេង​អាជីព​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព ដើម្បី​ឲ្យ​ពួកគេ​អាចបំពេញ​កិច្ចការទូត​នៅក្នុង​ពិភពលោក ដែល​កំពុងមាន​ការពិបាក​កាន់តែ​ច្រើនឡើង និង​ជាពិសេស លើកកម្ពស់​ការចូលរួម និង​តួនាទី​របស់​ប្រទេស​កម្ពុជា នៅក្នុង​កិច្ចការ​តំបន់​៕