ភ្នំពេញៈ អង្គការសង្គមស៊ីវិល ពលរដ្ឋ ៥០ នាក់ និងស្ថាប័ន ដែលកំពុងធ្វើការដើម្បីលើកកម្ពស់ សិទ្ធិមនុស្សរបស់ស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជា បានដាក់លិខិតចំហមួយជូនរដ្ឋមន្ត្រីក្រសួងចំនួន ៣ ស្នើសូមឱ្យចាត់ការតាមផ្លូវច្បាប់ទៅលើមនុស្សចំនួន ៣ នាក់ពាក់ព័ន្ធនឹងករណីអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀន និងការប្រើអំពើហិង្សាផ្លូវភេទលើស្ត្រី។
ការស្នើឱ្យមានចំណាត់ការនេះត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌លើកឡើងថា ជាការដើរតួជំនួសតុលាការ។
យោងតាមលិខិតចំហមួយដែលមានរាយឈ្មោះអង្គការសង្គមស៊ីវិលចំនួន ២៦ ស្ថាប័ន និងឈ្មោះប្រជាពលរដ្ឋចំនួន ៥០ នាក់បានផ្ញើជូន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើសុំចំណាត់ការតាមផ្លូវច្បាប់ទៅលើករណីលោក ឧកញ៉ា ហេង សៀ អតីតឧកញ៉ា ឌួង ឆាយ និង លោក អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ លើករណីអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀន និងការប្រើអំពើហិង្សាផ្លូវភេទលើស្ត្រី។
លិខិតនេះបានលើកឡើងថា៖ «យើងខ្ញុំមានការខកចិត្តជាខ្លាំង ដែលស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមិនបានអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមគោលការណ៍ច្បាប់ទៅលើករណីហិង្សា និងការបៀតបៀនផ្លូវភេទកន្លងមក»។
ប្រភពដដែលបានបន្ថែមថា៖ «វាជាការសង្វេគណាស់ទៅហើយ ដែលស្ត្រីរងគ្រោះត្រូវរស់នៅជាមួយនឹងអតីតកាលដ៏អាក្រក់នេះអស់មួយជីវិតរបស់គាត់ នៅពេលដែលស្ត្រីខំជម្នះនិយាយចេញមកនូវរូបភាព និងបទពិសោធដ៏ឈឺចាប់នេះ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីទទួលបានយុត្តិធម៌សម្រាប់ពួកគាត់»។
លិខិតដដែលបានបន្តថា ចំណាត់ការដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ នៅពេលនេះមានសារៈសំខាន់ណាស់ក្នុងការឱ្យសារទៅស្ត្រីជាច្រើនទៀតដែលកំពុងរងគ្រោះ ឱ្យមានទំនុកចិត្ត និងជឿជាក់ឡើងវិញលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាសារទៅដល់សង្គមទាំងមូលថា កម្ពុជាពិតជាមិនអត់ឱនជាដាច់ខាតចំពោះអំពើហិង្សាលើស្ត្រី ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូចដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាទទួលស្គាល់លើលិខិតតូបករណ៍ និង វិធានការលុបបំបាត់ហិង្សាលើស្ត្រី និងក្មេងស្រីទាំងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
លិខិតចំហបន្តថា៖ «យើងខ្ញុំទាំងអស់គ្នា សង្ឃឹមជឿជាក់ថា សម្តេចក្រឡាហោម លោកជំទាវបណ្ឌិត និងឯកឧត្តម នឹងអន្តរាគមន៍លើករណីទាំងបីខាងលើប្រកបដោយប្រសិទ្ធភាពទៅតាមនីតិវិធីច្បាប់ ដើម្បីលើកស្ទួយស្ថានភាពប្រសើរឡើងនៃសិទ្ធិមនុស្សរបស់ស្ត្រីកម្ពុជា និងឈានទៅលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងការប្រើអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងក្មេងស្រី»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធ ទី ១២ ខែឧសភា នេះថាក្រុមសង្គមស៊ីវិលទាំងនេះ កំពុងដើរតួជំនួសតុលាការដោយបានធ្វើការវាយតម្លៃអ្នកណាខុសអ្នកណាត្រូវ អ្នកណាគួរទទួលទោស ឬមិនគួរទទួលទោស ខណៈពេលដែលខ្លួនមិនបានពាក់ព័ន្ធនឹងអង្គហេតុ ហើយក៏មិនបានដឹងថា អង្គហេតុហ្នឹងយ៉ាងណាដែរនោះ។
លោកមានប្រសាសន៍ថា៖ «ដូចនេះ ជាគោលការណ៍ច្បាប់គួរតែទុកការងារនេះឱ្យតុលាការដែលជាស្ថាប័ន មានសមត្ថកិច្ចធ្វើការស៊ើបអង្កេត និងដោះស្រាយថា អ្នកណាខុសអ្នកណាត្រូវ ដោយសារភាគីទាំងពីរបានដាក់ពាក្យបណ្តឹងទៅតុលាការការពារខ្លួនតាមផ្លូវច្បាប់»។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា សង្គមស៊ីវិលគួរតែចៀសវាងការដើរតួជំនួសតុលាការ ធ្វើការសម្រេចក្តីជំនួសតុលាការ ដោយទុកពេលឱ្យតុលាការជាអ្នកធ្វើការងារនេះ ដើម្បីសម្រេចតាមផ្លូវច្បាប់។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសរសេរលើបណ្តាញហ្វេសប៊ុកលោកស្រីដោយចោទសួរថា គ្រាន់តែស្តាប់សំឡេងនារីរៀបរាប់ពីបទពិសោធន៍នៃការរំលោភបំពានគឺលំបាកនឹងស្តាប់ទៅហើយ ចុះសម្រាប់រូបនាង ដែលត្រូវប្រឈមផ្ទាល់តើលំបាកកម្រិតណា? នាងមិនត្រឹមតែពិបាកហាថ្លែង តែនាងបែរជាបន្ទោស និងស្អប់ខ្ពើមខ្លួននាងទៅវិញ ហេតុអ្វី?
លោកស្រី ចក់ សុភាពបញ្ជាក់ថា៖ «សង្គមនេះត្រូវតែបញ្ឈប់នូវវប្បធម៌បន្ទោសជនរងគ្រោះ សង្គមនេះត្រូវឆ្លើយតបជាបន្ទាន់នូវការផ្តល់កិច្ចគាំពារទាំងផ្លូវច្បាប់ សន្តិសុខផ្លូវកាយ និងផ្លូវចិត្ត និងការរួចផុតពីការគំរាមកំហែងផ្សេងៗ ឬសូម្បីតែការផ្សះផ្សាក្រៅប្រព័ន្ធច្បាប់ ដែលបន្តអនុញ្ញាតឱ្យជនរងគ្រោះ ត្រូវហែលឆ្លងនូវភាពតក់ស្តុត និងអំពើអយុត្តិធម៌អស់មួយជីវិត»។
លោកស្រីបន្ថែមថា សូមផ្លាស់ប្តូរនៅពេលនេះ សូមបញ្ឈប់អំពើនិទណ្ឌភាព វប្បធម៌បន្ទោសជនរងគ្រោះ និងវប្បធម៌ដែលទាល់តែមានការទាមទារពីពលរដ្ឋទើបប្រព័ន្ធនានាឆ្លើយតប៕