មណ្ឌលគិរី៖ អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ជំរុញ​ឲ្យ​មន្ត្រី និង​អាជ្ញាធរ​ដែនដី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ការ​កាប់​ទន្រ្ទាន​យក​ដី​ព្រៃ​ខុស​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ខណៈ​សកម្មភាព​ទាំង​នេះ​កាន់​តែ​មាន​ភាព​ផុលផុស។

លោក ស្វាយ សំអ៊ាង បាន​បើក​កិច្ច​ប្រជុំ​​នៅ​ថ្ងៃទី ១១ ឧសភា​នេះ ដើម្បី​ចាត់​តាំង​ក្រុម​ការងារ អនុវត្ត​វិធានការ ដែល​មាន​ស្រាប់​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បទល្មើស​ធនធាន​ធម្មជាតិ និង​ការ​កាប់​ទន្រ្ទាន​យក​ដីព្រៃ​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។

កិច្ច​ប្រជុំ​នេះ មាន​ការ​ចូលរួម​ពី​អភិបាល​រង​ខេត្ត​ទាំង ៦ រូប មេ​បញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង ៣ ប្រភេទ ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អភិបាល ក្រុង ស្រុក​ទាំង ៥។

លោក ជាក់ ម៉េងហ៊ាង អភិបាល​រង​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១១ ឧសភា​ថា៖ «​ក្រុម​ការងារ​ហ្នឹង​គ្រាន់​តែ​បំពេញ​បន្ថែម​ទេ ដើម្បី​ពង្រឹង​ ដោយសារ​យើង​មាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​ និង​ខេត្ត​រួច​ហ្នឹង។ ប៉ុន្តែ​ដោយសារ​ការ​កាប់​ទន្ទ្រាន​ហ្នឹង​កាន់​តែ​ផុលផុស​ខ្លាំង ចេះ​តែ​ទៅ​កាប់​លើ​ដី​អ៊ីចឹង។ អភិបាល​ខេត្ត​គាត់​ពង្រឹង​គណៈកម្មការ ៣ ទៀត ​ដែល​មាន​តូចៗ ឱ្យ​ទទួល​ខុស​ត្រូវ​ស្រុក​ហ្នឹង​ជួយ​ពង្រឹង​បន្ថែម»។

លោក​ថ្លែង​ថា ក្រោយ​ពី​ពង្រឹង​បន្ថែម​នេះ កាល​ណា​មាន​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​សកម្ម និង​ឃើញ​មាន​បទ​ល្មើល​ជាក់​ស្តែង អាជ្ញាធរ​នឹង​ឃាត់​ខ្លួន​ជន​ល្មើស​រឹប​អូស​យក​វត្ថុតាង និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

លោក​ថា កាល​ណា​មាន​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​រួច​ហើយ អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ចូល​ទៅ​អាស្រ័យ​ផល ឬ​សាងសង់​ខ្ទម​នៅ​លើ​ដី​ដែល​បាន​ទន្ទ្រាន​យក​នេះ​ទេ។ អាជ្ញាធរ​នឹង​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

លោក​ ម៉េងហ៊ាង ថ្លែង​ថា៖ «វា​មាន​ដូចជា​ព្រៃ​ខៀវ​ហ្នឹង វា​មាន​យូរ​មក​ហើយ​ដែល​ចូល​ទៅ​កាប់​តិចតួច​នោះ។ ប៉ុន្តែ​ឥឡូវ​យើង​ទៅ​ទាន់​ហ្នឹង​វា​មាន​ទ្រង់ទ្រាយ​ធំ​គួរ​សម។ ត្រូវ​តែ​ពង្រឹង​ហើយ​មិន​ឱ្យ​មាន​បន្ត​ទៀត ហើយ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ហ្នឹង គឺ​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​មើល​អ្នក​ណា​ដែល​នៅ​ពី​ក្រោយ​ទន្រ្ទាន​យក​ដី»។

លោក គ្រើង តុលា អ្នក​ប្រឹក្សា​យោបល់​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១១ ឧសភាថា បច្ចុប្បន្ន​បទល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី នៅ​តែ​បន្ត​កើត​មាន​ឡើង​មិន​ចេះចប់ ដោយ​មាន​ការ​ដឹក​ឈើ​លួច​លាក់​តាមរយៈ​រថយន្ត​ទំនើប។

លោក​ថ្លែង​ថា៖ «នៅ​ខេត្ត​មណ្ឌលគិរី [ការ​អនុវត្ត​ច្បាប់] បាន​តែ​ភ្លើង​ចម្បើង។ អ៊ីចឹង​ការ​អនុវត្ត​ច្បាប់​នៅ​ថ្នាក់​មូលដ្ឋាន​ជា​ភ្លើង​ចម្បើង​មួយ​ទេ។ វា​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ដែល​ត្រឹមត្រូវ​ទេ ហើយ​ឃើញ​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​ឡើង។ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​កើត​ឡើង។ ប៉ុន្តែ​ដល់​ពេល​ប្រជាពលរដ្ឋ​កាប់​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ ដើម្បី​ចិញ្ចឹម​គ្រួសារ គឺ​ចាប់​រាល់​ថ្ងៃ​ហ្មង»។

ខណៈ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​ផេស៊ីហ្វិចយ៉ញស្តុក កាល​ពី​ថ្ងៃទី ៩ ខែ​ឧសភា លោក ស្វាយ សំអ៊ាង បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​នេះ ត្រូវ​ធ្វើ​របង ឬ​ធ្វើ​ផ្លូវ​ព័ទ្ធ​ ជុំវិញ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​វិនិយោគ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ចៀសវាង​មាន​ការ​ចូល​កាប់​ទន្រ្ទាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ពី​បុគ្គល​មួយ​ចំនួន។

លោក​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​នីមួយៗ ត្រូវ​គោរព​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល។

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី ៩ ខែ​ឧសភាថា៖ «បន្ថែម​លើ​នេះ ឯកឧត្តម [ស្វាយ សំអ៊ាង] បាន​ណែនាំ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​ត្រូវ​សហការ​គ្នា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព៕