ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ចេញ​សេចក្ដី​សម្រេច​បិទ​បញ្ចប់​បម្រាម​គោចរ និង ការ​អនុញ្ញាត​គោលការណ៍​ពិសេស ចំពោះ​អាជីវកម្មដ្ឋាន​មួយ​ចំនួន​ក្នុង «តំបន់លឿង» នៃ​ភូមិសាស្ដ្រ​រាជធានីភ្នំពេញ គិត​ចាប់​ពី​ម៉ោង​សូន្យ​ថ្ងៃ​ទី ​២២ ខែ​ ឧសភា ឆ្នាំ ២០២១ តទៅ។

សេចក្ដី​សម្រេច​ដែល​ទើប​ចេញ​នៅ​យប់​នេះ​បាន​ឲ្យ​ដឹង​ថា ត្រូវ​បាន​បិទ​បញ្ចប់​បម្រាម​គោចរ និង​អនុញ្ញាត​គោលការណ៍​ពិសេស​ចំពោះ​អាជីវកម្មដ្ឋាន​មួយ​ចំនួន​ក្នុង​តំបន់​លឿង​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គិត​ចាប់​ពី​ម៉ោង​សូន្យ នា​ថ្ងៃទី ២២ ខែ​ ឧសភា ឆ្នាំ ២០២១ តទៅ។

បិទ​បញ្ចប់​បម្រាម​គោចរ​នៅ​ក្នុង «តំបន់​លឿង» ដែល​មុន​នេះ​បាន​ហាម​ឃាត់​ជា​បណ្តោះ​អាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​នៅ​ចន្លោះ​ម៉ោង ២០ (ម្ភៃ) ដល់​ម៉ោង ៣ (បី)។

សេចក្ដី​សម្រេច​បន្ដ​ថា គ្រប់​ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្មដ្ឋាន​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ អាច​ដំណើរការ​អាជីវកម្ម​ជា​ប្រក្រតី និង​អាច​ទទួល​អតិថិជន​ឲ្យ​ចូល​មក​ទទួលទាន​ក្នុង​បរិវេណ​អាជីវកម្មដ្ឋាន​ឡើង​វិញ។ បិទ​បញ្ចប់​ការ​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ។

ចំពោះ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ដែល​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​ដូច​រៀបរាប់​ខាង​លើ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់​ ជាអាទិ៍ កាតព្វ​កិច្ច​ពាក់ម៉ាស់ កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ ការ​ស្កេន QR Code និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ជា​ពិសេស​ត្រូវ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​វិធានការ «៣ ការពារ និង ៣ កុំ» របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្ដី​សម្រេច​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន អាជីវកម្ម​ម៉ាស្សា កាស៊ីណូ រោង​ភាពយន្ត រោង​សម្តែង​សិល្បៈ សារមន្ទីរ ក្លិប​ហាត់​ប្រាណ និង​មជ្ឈមណ្ឌល​កីឡា ព្រម​ទាំង​អាជីវកម្ម សេវាកម្ម​ផ្សេង​ទៀត ត្រូវ​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​រហូត​ដល់​មាន​ការ​សម្រេច​ជា​ថ្មី៕