ព្រះសីហនុ៖ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បន្ត​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ និង​ត្រៀម​អនុវត្ត​វិធានការ​រដ្ឋបាល​បន្ត​រយៈពេល ១៤ ថ្ងៃ​ទៀត ចាប់​ពី​ថ្ងៃទី ១៣ ឧសភា​នេះ ប៉ុន្តែ​ការ​បិទ​ខ្ទប់​តំបន់​ក្រហម​មិនមាន​បន្ត​ទៀត​ទេ គឺ​បាន​បង្រួម​មក​ត្រឹម​តែ​តំបន់​លឿង​ទុំ និង​តំបន់​លឿង​តែ​ប៉ុណ្ណោះ លើកលែង​តែ​ផ្ទះ​ដែល​មាន​សមាជិក​មាន​ជំងឺ​កូវីដ ១៩ គឺ​ដាក់​ជា​ទីតាំង​ក្រហម​នៅ​ឡើយ។

ក្នុង​ពេល​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​មក​សម្រាក​ព្យាបាល​ជំងឺ​កូវីដ ១៩ នៅ​មន្ទីរពេទ្យ​សម័យ​ថ្មី​អន្តរជាតិ នា​ថ្ងៃទី ១៣ ឧសភា លោក​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​សម្រេច​ដក​មិន​មាន​តំបន់​ក្រហម​បន្ត​ទៀត​នេះ គឺ​ដោយ​ហេតុ​ថា ក្នុង​រយៈពេល ២០ ថ្ងៃ​កន្លង​មក​នេះ ចាប់​ពី​ការ​បិទ​ខ្ទប់​លើក​ដំបូង និង​ការ​បន្ត​បិទខ្ទប់​លើក​ទី២ ក្នុង​រយៈពេល ៧ ថ្ងៃ​ទៀត​នេះ ក្រុម​ការងារ​បាន​ប្រមូល​យក​សំណាក​នៅ​តំបន់​ក្រហម ហើយ​ក៏​បាន​បញ្ចប់​ទាំង​ស្រុង​នៅ​ថ្ងៃទី ១៣ ឧសភា​នេះ​ដែរ។

លោក គួច ចំរើន ថ្លែង​ថា៖ «ចំណុច​នេះ អាច​បញ្ជាក់​ថា ក្រុម​ការងារ​ខេត្ត​បាន​ប្រមូល​អ្នក​វិជ្ជមាន​ទាំង​អស់​មក​ទទួល​ការ​ព្យាបាល ហើយ​អ្វី​ដែល​ជា​តំបន់​ក្រហម​ត្រូវ​បាន​ដក​ចេញ។ ប៉ុន្តែ​ទីតាំង​ផ្ទះ និង​ទី​សំណាក់​មួយ​ចំនួន​ដែល​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ គឺ​នៅ​ជា​ទីតាំង​ក្រហម​នៅ​ឡើយ។ ក្រុម​ការងារ​ខេត្ត​បាន​ចុះ​បិទ​ឃ្លុំ​តែ​ទីតាំង​ផ្ទះ​ទាំង​នោះ​តែ​ប៉ុណ្ណោះ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះពាល់​ជាមួយ​ទីតាំង​ផ្សេង​ទៀត»។

លោក​អភិបាល​ខេត្ត​បន្ត​ទៀត​ថា ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​នឹង​ជីវភាព និង​សិទ្ធិ​ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ គឺ​រដ្ឋបាល​ខេត្ត​បាន​កាត់​បន្ថយ​ពី​តំបន់​ក្រហម​ឱ្យ​ទៅ​នៅ​រួម​តូច​ជា​ទីតាំង​ក្រហម គឺ​ផ្ទះ ឬ​ទីសំណាក់​ដែល​មាន​អ្នក​វិជ្ជមាន​នឹង​បន្ត​ការ​គ្រប់គ្រង​បន្ថែម​ទៀត។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​កំណត់​តំបន់​លឿង​ទុំ​រយៈពេល ១៤ ថ្ងៃ​បន្ត​ទៀត ប៉ុន្តែ​ដោយ​បាន​បង្រួម​ឱ្យ​នៅ​តូច ដោយ​សារ​នៅ​មាន​អ្នក​ឆ្លង និង​អ្នក​ប៉ះពាល់​ផ្ទាល់​មួយ​ចំនួន​ដែល​មិន​ទាន់​ចេញ​រោគសញ្ញា។ ដូច​នេះ ដើម្បី​បញ្ជាក់​ថា តំបន់​នោះ​អស់​អ្នក​ឆ្លង រដ្ឋបាល​សម្រេច​បន្ត​បិទ​ខ្ទប់ និង​ដាក់​ជា​តំបន់​លឿង​ទុំ​រយៈពេល ១៤ ថ្ងៃ​ទៀត។

លោក គួច ចំរើន ថ្លែង​ថា៖ «ចំពោះ​ការ​កំណត់​តំបន់​លឿង គឺ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​បាន ប៉ុន្តែ​គឺ​មាន​ការ​ហាមប្រាម​មួយ​ចំនួន ដូច​ជា​ការ​ប្រមូល​ផ្តុំ ការ​ធ្វើ​ពិធី​ផ្សេងៗ សកម្មភាព​កីឡា​ជា​ក្រុម និង​បន្ត​បិទ​បម្រាម​គោចរ​នៅ​ពេល​យប់»។

លោក​ថា ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ក្រុង​ព្រះសីហនុ ផ្តើម​ចេញ​ពី​ទីផ្សារ​ដែល​មាន​ការ​លក់ដូរ​ប្រមូល​ផ្តុំ​ជា​កន្លែង​ដែល​មាន​ការ​ចម្លង​ខ្លាំង ចម្លង​លឿន និង​ចម្លង​ច្រើន។ ដូច្នេះ​បាន​ជា​អាជ្ញាធរ​សម្រេច​មិន​អនុញ្ញាត​ឱ្យ​បើក​ផ្សារ​ទាំង​អស់​ឡើង​វិញ​ទេ ប៉ុន្តែ​លើក​ទឹក​ចិត្ត​ឱ្យ​អាជីវករ​ដែល​បាន​ត្រួត​ពិនិត្យ​សុខភាព​ទទួល​លទ្ធផល​អវិជ្ជមាន ២ ដង​រួច​ហើយ ពួក​គេ​អាច​លក់​ដូរ​នៅ​តាម​ផ្ទះ​បាន។

ប៉ុន្តែ​ត្រូវ​គោរព​ទៅ​តាម​ស្តង់ដា​ផ្សារ​បណ្តោះអាសន្ន​ដែល​រដ្ឋបាល​ខេត្ត​បាន​កំណត់ ដោយ​ត្រូវ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​រវាង​អ្នក​លក់ និង​អ្នក​ទិញ ដោយ​សរសេរ​បង្ហាញ​អ្វី​ដែល​ត្រូវ​ចង់​ទិញ។ លើក​ទឹក​ចិត្ត​ឱ្យ​ទូទាត់​ថ្លៃ​ទំនិញ​តាម​ប្រព័ន្ធ​ធនាគារ (QRCODE) ករណី​ទូទាត់​ប្រាក់​សុទ្ធ គឺ​មិន​អនុញ្ញាត​ឱ្យ​ប្រគល់​ទទួល​ដោយ​ផ្ទាល់​នោះ​ឡើយ។

មួយ​វិញ​ទៀត នៅ​តាម​ព្រំ​ប្រទល់​តំបន់​លឿង គឺ​ត្រូវ​បាន​ដាក់​ប៉ុស្តិ៍​ប្រចាំ​ការ​នៅ​តាម​គោលដៅ​នីមួយៗ សម្រាប់​ការ​ត្រួត​ពិនិត្យ​ការ​ធ្វើ​ដំណើរ​ចេញចូល​របស់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​គោរព​ទៅ​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ធ្វើ​ការ​ណែនាំ។ រីឯ​អ្នក​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ឯកជន​អាច​ជិះ​បាន​ត្រឹម ៤ នាក់ រថយន្ត​សាធារណៈ​ត្រូវ​កាត់​បន្ថយ​នៅ​ត្រឹម​ពាក់​កណ្តាល ត្រូវ​មាន​ម៉ាស់ និង​គម្លាត​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ។

លោក គួច ចំរើន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​មក​កាន់​ក្រុង​ព្រះសីហនុ​ត្រូវ​គោរព​ឱ្យ​បាន​នូវវិធានការ​សុខាភិបាល និង​គោរព​នូវ​វិធានការ ៣ ការពារ និង ៣ កុំ ដើម្បី​ខ្លួន​ឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល៕