ភ្នំពេញ: ស្ថិត​នៅ​ក្នុង​ហាង​កាហ្វេ ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​បៃតង យុវតី​រូប​ស្រស់​ម្នាក់​កំពុង​ញញឹម​បណ្ដើរ ដៃ​ម្ខាង​អង្អែល​សត្វ​បង្កួយ​បណ្ដើរ។ តប​នឹង​ម្រាមដៃ​ដ៏​ទន់​របស់​នាង សត្វ​បង្កួយ​យ​ពណ៌​ស្លែ​ប្រផេះ​បិទ​ភ្នែក​ដេក​ស្ងៀម ទាំង​មាត់​វា​ហាក់បី​ដូចជា​ញញឹម​ទទួល​ក្ដី​ស្រឡាញ់​ពី​មនុស្ស។

ទាំងនេះ​គឺជា​ទិដ្ឋភាព​នៅ​ហាង ល្មូន កាហ្វេ (Reptile Cafe) ដែល​អ្នក​អាចមក​ក្រេប​កាហ្វេ និង​ភេសជ្ជៈ​ហើយ​ឆ្លៀត​លម្ហែកាយ ទស្សនា និង​លេង​ជាមួយ​សត្វ​ប្លែកៗ​ជា​ច្រើន ពិសេស​ពពួក​ល្មូន។

បង្កើតឡើង​ដោយ ម្ចាស់​ហាង ដែល​រូបលោក​ផ្ទាល់​ជា​អ្នក​ស្រឡាញ់​សត្វ​ទាំងនេះ ហាង ល្មូន កាហ្វេ បាន​ដំណើរការ​ជិត​មួយ​ខែ​ហើយ ជាមួយ​វត្តមាន​ភ្ញៀវ​ទាំង​ស្រី ទាំង​ប្រុស គ្រប់​វ័យ សូម្បី​តែ​កុមារ ដែល​ចង់​ឃើញ​ពពួក​សត្វ​ទាំង​នេះ​ផ្ទាល់​ភ្នែក។

ស្ថាបនិក ល្មូ​ន កាហ្វេ លោក ជា រ៉ា​ទី បាន​រៀបរាប់​ឲ្យ​ដឹងថា៖ «កាល​ពី ២ ឆ្នាំមុន ខ្ញុំ​បាន​ចិញ្ចឹម​សត្វ​បង្កួយ​អ៊ីហ្គ័នណា ហើយ​ខ្ញុំ​ក៏មាន​អារម្មណ៍​ថា ស្រឡាញ់​សត្វ​នេះ»។

បុរស​មកពី​ខេត្តបន្ទាយមានជ័យ វ័យ ៣២ ឆ្នាំ ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា និង​ធ្លាប់​បរាជ័យ​ជំនួញ​លក់​គ្រឿង​បន្លាស់​កុំព្យូទ័រ រូប​នេះ​បាន​រំឭក​ឲ្យ​ដឹង​ទៀត​ថា៖ «ក្រោយ​មក ខ្ញុំ​ក៏មាន​គំនិត​ចង់​បើក​ហាង​លក់​កាហ្វេ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​អ្វី​ប្លែក និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អតិថិជន ខ្ញុំ​ក៏​នឹក​ឃើញ បើក​ហាង ល្មូន កាហ្វេ នេះ​ឡើង ដើម្បី​តាំង​បង្ហាញ​នូវ​ប្រភេទ​សត្វ​ទាំង​នេះ​ឲ្យ​ភ្ញៀវ​បាន​ស្គាល់ អាច​លេង និង​ថតរូប​ជាមួយ​ពួកវា»។

ហាង ល្មូ​ន កាហ្វេ មាន​សត្វ​ពស់ ៤ ប្រភេទ បង្កួយ​យក្ស អណ្ដើក ព្រមទាំង​សត្វល្អិត និង​សត្វ​ស្លាប​ផង​ដែរ ដូចជា អា​ពីង ខ្យាដំរី កាំប្រមា កណ្ដុរ កន្លាត​ធំ​ក្រហម (ពូជ​ស៊ី​បន្លែ) និង​សេក​ជាច្រើន​ពណ៌។

លោក ជា រ៉ា​ទី បាន​និយាយថា៖ «ហាង​កាហ្វេ​របស់ខ្ញុំ ទទួលបាន​ការ​ចាប់​អារម្មណ៍​ច្រើន ព្រោះ​កន្លែង​យើង​ជា​កន្លែង​ថ្មី​បែប​ធម្មជាតិ ដែល​អាច​ញ៉ាំ​កាហ្វេ​បណ្ដើរ គយគន់ និង​អាច​សែលហ្វ៊ី​ជាមួយ​សត្វ​ល្មូន​បណ្ដើរ»។

អ្នក​និយម​សត្វ​ចិញ្ចឹម​ប្លែកៗ​រូបនេះ បាន​ថ្លែង​ពី​អតិថិជន​របស់​លោក​ថា៖ «ពួកគាត់​មាន​ស្នាម​ញញឹម​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​សត្វ​ចិញ្ចឹម មាន​តែ​ពួក​គាត់​ទេ ដែល​យល់​ពី​អារម្មណ៍​មួយ​នេះ»។

ភេសជ្ជៈ​នៅ ល្មូ​ន កាហ្វេ មានតម្លៃ​ពី ៥៥០០ រៀល ទៅ ៨៥០០ រៀល ដែល​នេះ​ជា​តម្លៃ​ថោក​សមរម្យ ខណៈ​ហាង​មាន​បរិយាកាស​ខ្យល់​ធម្ម​ជាតិ ព្រោះ​ពពួក​សត្វ និង​ល្មូន​ទាំង​នេះ​មិន​ត្រូវការ​ម៉ាស៊ីន​ត្រជាក់​ឡើយេ។

ល្មូ​ន កាហ្វេ ចាប់​បើក​ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ៨ យប់។ ទាក់ទង​តាម ទូរស័ព្ទ​លេខ ០៩៦ ៨៨៨ ៦៨៨៧៕