សៀមរាប៖ ភោជនីយដ្ឋាន​ខ្មែរ ១ នៅ​រាជធានី​ភ្នំពេញ និង ២ ទៀត​នៅ​ទឹកដី​ខេត្តសៀមរាប ត្រូវ​បាន​ដាក់​ចូល​ក្នុង​ចំណាត់​ថ្នាក់​ឆ្នើម​នៃ​បញ្ជី​ភោជនីយដ្ឋាន​ប្រចាំ​អាស៊ី Essence of Asia 50 best list។

ភោជនីយដ្ឋាន​នេសាទ នៅ​ភ្នំពេញ ភោជនីយដ្ឋាន លំអង ហ្វាមធូថេប៊ល និង​ដើមត្នោត នៅ​សៀមរាប ស្ថិត​ក្នុង​ចំណោម​ភោជនីយដ្ឋាន​មក​ពី ៤៩ ទីក្រុង​នៃ ២០ ប្រទេស រាប់​ចាប់​តាំង​ពីប៉ាគីស្ថាន រហូត​ដល់​ជប៉ុន ដែល​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី​ភោជនីយដ្ឋាន​ឆ្នើម​ទាំង ៥០ ប្រចាំ​អាស៊ី Essence of Asia នេះ។

ក្នុង​សេចក្ដី​ប្រកាស​ក៏​បាន​លើក​ពី​ចលនា​ប្រើប្រាស់​គ្រឿង​ផ្សំ​ពី​សួន​ដំណាំ​បម្រើ​ភ្ញៀវ​ដល់​តុ​អាហារ​ផ្ទាល់ ដែល​ប្រកាន់​ខ្ជាប់​ដោយ​ភោជនីយដ្ឋាន​លំអង​នៅ​ទឹក​ដី​សៀមរាប​អង្គរ។

ដោយ​ប្រើប្រាស់​បន្លែ​សរីរាង្គ​ក្បែរ​របង​ហាង និង​សហគមន៍​ផ្ទាល់ មេ​ចុងភៅ សេង សុធា តែង​រំលេច​នូវ​ម្ហូប​ដ៏​មាន​ឱជារស និង​សោភណភាព​ស្រស់​ឆើត​លើ​ចាន​អាហារ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មក​ទទួល​ទាន​មិន​រំលង​នឹង​ទាញ​ទូរស័ព្ទ​មក​ថត​សម្រាប់​បង្អួត​គេ​ឯង​នៅ​តាម​បណ្ដាញ​សង្គម​អ៊ីនស្តាក្រាម។

ដើម្បី​គាំទ្រ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​បដិសណ្ឋារកិច្ច ក្រុម​ចំណាត់​ថ្នាក់​ភោជនីយដ្ឋាន​ឆ្នើម​ប្រចាំ​នៅ​អាស៊ី (Asia''s 50 Best Restaurants) សហការ​ជាមួយ​ក្រុមហ៊ុន S.Pellegrino & Acqua Panna បង្កើត​នូវ​ចំណាត់​ថ្នាក់​ភោជនីយដ្ឋាន​មួយ​បែប​ទៀត​មាន​ឈ្មោះថា Essence of Asia ដោយ​ផ្ដោត​ទៅ​លើ​ប្រភេទ​ភោជនីយដ្ឋាន​តំណាង​ឲ្យ​រស​និយម​នៃ​វិស័យ​ម្ហូប​អាស៊ី។

ភោជនីយដ្ឋាន​លំអង​ នៅ​​​សៀមរាប ប្រកាន់ខ្ជាប់នូវ​គោលការណ៍​បន្លែ​សរីរាង្គ​ ពី​សួន​បន្លែ​ដល់​តុអាហារ​ភ្ញៀវ​។ រូបថត សហ​ការី

លោក វីលៀម ឌ្រូ នាយក​មាតិកា​នៃ​ក្រុម​ចំណាត់ថ្នាក់​ភោជនីយដ្ឋាន​ឆ្នើម​ប្រចាំ​នៅ​អាស៊ី បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា៖ «យើង​ពិត​ជា​មាន​កិត្តិយស​ក្នុង​ការ​បង្ហាញ​នូវ​បណ្ដុំ​ចំណាត់​ថ្នាក់​មួយ​ទៀត​គឺ Essence of Asia collection។ ក្នុង​អំឡុង​ពេល​ដែល​បណ្ដាភោជនីយដ្ឋាន​នានា​ត្រូវ​ការ​ការ​គាំទ្រ​ពី​យើង បណ្ដុំ​ចំណាត់​ថ្នាក់​នេះ​តំណាង​ឲ្យ​រស​និយម​របស់​អ្នក​ធ្វើ​ដំណើរ និង​ឱជា​រស​អាហារ ដែល​ឆ្លុះ​បញ្ចាំង​ពី​មគ្គុទ្ទេសក៍ គុណ​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​នៃ​បទពិសោធ​ទទួល​ទាន​អាហារ​រសជាតិ​ដើម ពោរពេញ​ដោយ​ភាពសម្បូរ​បែប។ ដោយ​ឆ្លុះបញ្ចាំង​នូវ​តថភាព​វិស័យ​ម្ហូប​នៅ​អាស៊ី​ក្នុង​បណ្ដុំ​ចំណាត់​ថ្នាក់​នេះ​បាន​រាប់​បញ្ចូល​នូវ​ហាង​អាហារ​ចិញ្ចើមផ្លូវ ភោជនីយដ្ឋាន​ដែល​ទទួល​បាន​ការ​ស្ញប់ស្ញែង​ជា​យូរ​អង្វែង អាជីវកម្ម​ម្ហូបអាហារ​មាន​គោលដៅ​រួម​ចំណែក​ដល់​មនុស្សធម៌ និង​ហាង​អាហារ​កែ​ច្នៃប្រឌិត​ដ៏​ថ្មី​សន្លាង»។

បណ្ដា​ភោជនីយដ្ឋាន​ឆ្នើម​ជាប់​ក្នុង​បញ្ជី គឺ​ជា​អាជីវកម្ម​បម្រើ​ម្ហូបអាហារ​ដែល​រួម​ចំណែក​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម ថែរក្សា​នូវ​រូបមន្ត​ម្ហូប​បុរាណ អាយុកាល​រាប់​សតវត្សរ៍​របស់​ជាតិ​សាសន៍​ខ្លួន និង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​សហគមន៍​ផងដែរ។

Essence of Asia នឹង​ចាក់ផ្សាយ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ ខាង​មុខ​នេះ៕