ភ្នំពេញ៖ ក្នុង​វីដេអូ​ម្ហូប​ចុងក្រោយ​បំផុត​ស្ដ្រី​ពាក់​វ៉ែនតា​មូល និង​ក្រណាត់​ជួតក្បាល​បាន​លើក​រុក្ខជាតិ​ប៉ុន​ម្រាមដៃ​ពណ៌​ស​រៀបរាប់​អំពី​អត្ថប្រយោជន៍​រុក្ខជាតិ​ព្រៃភ្នំ​ចំពោះ​សុខភាព​ប្រាប់​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​បំណង​បង្ហាញ​ម្ហូប ១ មុខ ប្រចាំ​ខេត្ដ​ប៉ៃលិន​នោះ​គឺ អន្លក់​ក្រវាញ​ត្រីផាត់។

នេះ​ជា​វីដេអូ​បង្ហាញ​អំពី​ការបង្រៀន​ធ្វើ​ម្ហូប​របស់​ស្ដ្រី​មេចុងភៅ​ដ៏ល្បីល្បាញ​ជាមួយ​ការបង្ហាញ​សកម្មភាព​ច្បាស់ៗ​ក៏ដូចជា​ការរៀបរាប់​អំពី​រូបមន្ដ​ជាមួយ​គ្រឿងគ្រៅ​នីមួយៗ​អម​ដោយ​ការតាំង​បង្ហាញ​បន្លែ​កសិផល​ក្នុងស្រុក​យ៉ាង​ស្រស់ស្អាត។

អ្នកស្រី រស់ រតនៈ ហៅ Chef Nak បាន​ផលិត​វីដេអូ​បង្រៀន​វិជ្ជា​ធ្វើ​ម្ហូប​បែប​ខ្មែរ​ជាច្រើន​ និង​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បំណង​ឱ្យ​ពលរដ្ឋ​បាន​ស្គាល់​ និង​រៀន​ចម្អិន​នៅតាម​ផ្ទះរៀងៗ​ខ្លួន។

មេ​ចុងភៅ​ស្រី​ដែល​ព្យាយាម​គាស់កកាយ​រក​រូបមន្ដ​ម្ហូប​ប្រពៃណី​ខ្មែរ​នៅ​គ្រប់​ច្រកល្ហក​ និង​បាន​ចងក្រង​ជា​សៀវភៅ​ម្ហូប «ញ៉ាំ: រូបមន្ដ​ពី​ផ្ទះបាយ​កម្ពុជា» តែងតែ​បង្ហាញ​ការចម្អិនម្ហូប​ខ្មែរ​ក៏ដូចជា​បាន​អញ្ជើញ​ភ្ញៀវ​កិត្ដិយស​បញ្ចេញស្នាដៃ​ចម្អិនម្ហូប​របស់ខ្លួន​ក្នុង​កម្មវិធី Lunch Time Live ប្រចាំ​សប្ដាហ៍​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ។

Chef Nak បាន​និយាយថា៖ «កម្មវិធី Lunch Time Live ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​ការកម្សាន្ដ​ និង​បង្កើត​ទំនាក់ទំនង​តាម​អនឡាញ​ជាមួយ​អ្នកគាំទ្រ​របស់​យើង»។

ក្នុង​វីដេអូ​មាន​បង្ហាញ​សកម្មភាពច្បាស់ៗ និង​ការរៀបរាប់​អំពី​រូបមន្ដ​ជាមួយ​គ្រឿងគ្រៅ​នីមួយៗ​អម​ដោយ​ការតាំង​បង្ហាញ​បន្លែ​កសិផល​ក្នុង​ស្រុក​យ៉ាង​ស្រស់ស្អាត។ សហការី

មេចុងភៅ​ស្រី​ដែល​ខិតខំ​ផ្សព្វផ្សាយ​មុខម្ហូប​ជាតិ​នៅលើ​ឆាក​អន្ដរជាតិ​រូបនេះ​បាន​បន្ដថា៖ «យើង​តែងតែ​អញ្ជើញ​ភ្ញៀវ​កិត្ដិយស​ម្នាក់​ដែល​ជួយ​ដល់​សង្គមជាតិ​យើង។ យើង​បាន​ស្នើសុំ​ភ្ញៀវ​រូបនោះ​នាំយក​ម្ហូប​មួយ​មុខមក​បង្ហាញ​អំឡុងពេល​នៃ​កម្មវិធី​នោះ​ដែល​ជា​ការចែករំលែក​ចំណេះដឹង​ផ្ទាល់ខ្លួន។ ដូច្នេះ​វា​ជា​ការផ្សាយ​ពី​សកម្មភាព​ចម្អិន​ផ្ទាល់​ពី​ស្នាដៃ​ភ្ញៀវ​របស់​យើង»។

អ្នកស្រី​បាន​ឱ្យ​ដឹងថា​គោលបំណង​ចម្បង​របស់​អ្នកស្រី​គឺ​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​មុខម្ហូប​ការអភិវឌ្ឍ​ និង​ការអភិរក្ស​នូវ​ស្នាដៃ​ក៏ដូចជា​រូបមន្ដ​តជំនាន់​ឱ្យបាន​ស្ថិតស្ថេរ។

Chef Nak បាន​លើកឡើង​ថា​សមត្ថ​ភាព​ចម្អិនម្ហូប​ដោយ​ប្រើ​វិធីសាស្ដ្រ​សាមញ្ញ​ពី​សំណាក់​មនុស្ស​ជំនាន់​មុន មាន​ការបាត់បង់​នៅតាម​តំបន់​ខ្លះ​ក្រៅ​ទីជនបទ​នៃ​ប្រទេស។

អ្នកស្រី​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ជាក់ស្ដែង​វិធីងាយៗ​ដែល​ប្រជាជន​យើង​ធ្វើ​សម្លប្រហើរ​ដែល​ជា​ប្រភេទ​ស៊ុប​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ និង​ពេញនិយម​នោះ​អ្វី​ដែល​ត្រៀម​មុនគេ គឺ​គ្រឿង​ដែល​ត្រូវ​ហាន់ស្ដើងៗ និង​បុក​បញ្ចូល​គ្នា។ នៅ​ទីជនបទ​ខ្លះ​គេ​ហៅ​មុខម្ហូប​នេះ​ថា​សម្លក់​ផ្សិត​ហើយ​គេ​គ្រាន់តែ​ដំ​គ្រឿងផ្សំ​ទាំងអស់​ដាក់​ក្នុង​ឆ្នាំ​ និង​ស្ងោរ​តែម្ដង»។

មេចុងភៅ​ដែល​ធ្លាប់បាន​អញ្ជើញ​ភ្ញៀវ​កិត្ដិយស​ជាច្រើន​ចូលរួម​កម្មវិធី Lunch Time Live ប្រចាំ​សប្ដាហ៍ មុនពេល​ការផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ១៩​រូបនេះ​បាន​បន្ដថា៖ «វា​ផ្ដល់​អត្ថប្រយោជន៍​ជីវជាតិ​ និង​រសជាតិ​ដូចគ្នា​ហើយ​វា​កាន់តែ​ងាយស្រួល​ថែមទៀត»។

មេចុងភៅ​ល្បី​ Chef Nak និង​ភ្ញៀវកិត្តិយស Chef Mengly ក្នុង​កម្មវិធី Lunch Time Live ប្រចាំ​សប្ដាហ៍​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ។ សហការី

នៅក្នុង​បរិបទ​កូវីដ​ដែល​បាននិង​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ទាំង​លើ​បញ្ហា​សុខភាព​ និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ជួប​នូវ​វិបត្ដិ​ផ្លូវ​ចិត្ដ​ និង​សុខភាព​ចុះ​ទ្រុឌទ្រោម។

ដើម្បី​ទប់ទល់​នឹង​កត្ដា​សុខភាព​មេចុងភៅ Chef Nak បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ទទួលទាន​នូវ​អាហារ​សុខភាព​ដែល​អាច​រកបាន​នៅក្នុង​បន្លែ​ត្រី​ និង​ផ្លែឈើ។

អ្នកស្រី​និយាយថា៖ «កូវីដ បាន​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស​ទាំងអស់​អំឡុង​ពេលវេលា​ដ៏លំបាក​នេះ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​រក្សា​សុខភាព​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ដ​ឱ្យ​ល្អ​ក៏ដូចជា​ចងចាំ​ថា​វិបត្ដិ​នេះ​នឹង​រសាត់​បាត់ទៅ​វិញ​មិន​ខាន»។

អ្នកស្រី​បន្ថែមថា៖ «ស្រប​ពេលនេះ​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ដ​ពិតជា​សំខាន់។ ចូរ​ធ្វើ​សមាធិ​លំហាត់ប្រាណ​ និង​ជជែក​ជាមួយ​មិត្ដភក្ដិ​ដ៏ជឿ​ទុកចិត្ដ​គ្នា​ និង​សមាជិក​ក្រុម​គ្រួសារ​ដែល​អាចជួយ​ដល់​ស្ថិរភាព​ផ្លូវ​ចិត្ដ»។

Chef Nak បាន​បញ្ជាក់ថា៖ «ការទទួលទាន​អាហារ​ជំនួយ​សុខភាព​ជីវជាតិ និង​បង្កើន​ប្រព័ន្ធ​ស៊ាំ​ជំងឺ​ក៏ជា​កត្ដា​សំខាន់​ផងដែរ។ ខ្ញុំ​សូម​ណែនាំ​សារធាតុ​ជួយ​សុខភាព​មួយចំនួន​ដូចជា​ផ្លែឈើ​ប្រភេទ​ក្លែប​រួមមាន​ក្រូចឆ្មា​ក្រូចពោធិ៍សាត់​ និង​ក្រូចត្លុង​ខ្ញី​ខ្ទឹមស​ធញ្ញជាតិ​ពពួក​ម្ទេស​ប្លោក​ផ្កា​ខាត់ណា​បៃតង បន្លែ​ស្លឹក​បៃតង​ត្រី​ពពួក​ងាវ​អយស្ទ័រ​ទឹកដោះគោ​ជូរ ផ្លែ​ល្ហុង​ទុំ​ក៏ដូចជា​ផ្លែឈើ​តាម​រដូវ​ជាច្រើន​ទៀត»។

អ្នកម្ដាយ​កូន២ រូបនេះ​បាន​លើកឡើង​ថា​គ្រាន់តែ​ជា​ទឹកតែ​លាយ​ខ្ញី​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្ងោរស៊ុប​មាន់​ដាក់​ខ្ទឹមស​ច្រើន​ញាំ​ដែល​ដាក់​បន្លែ​ស្លឹក​បៃតង​ និង​ម្ទេសប្លោក​ចំហុយ​ផ្កា​ខាត់ណា​បៃតង​ច្របាច់​ទឹកក្រូច​ឆ្មារ​បន្ដិច​ ឬ​ឆា​សាច់មាន់​ជាមួយ​ខ្ញី​ជាដើម។

សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ការទស្សនា​វីដេអូ​ចម្អិនម្ហូប​ខ្មែរ​របស់​មេចុងភៅ​ស្រី​Chef Nak សុំចូល​ទៅកាន់​ហ្វេសប៊ុក​ផ្លូវការ@chefnak៕

អ្នកស្រី រស់ រតនៈ ហៅ Chef Nak បាន​ផលិត​វីដេអូ​បង្រៀន​វិជ្ជា​ធ្វើ​ម្ហូប​បែប​ខ្មែរ​ជាច្រើន​លើ​បណ្ដាញ​សង្គម។ សហការី