ភ្នំពេញ៖ ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​អន្តរជាតិ កម្រិត​អាស៊ី​ប៉ាស៊ីហ្វិក ABU Robocon លើក​ទី ២២ ឆ្នាំ ២០២៣ នៅក្នុង​រាជធានី​ភ្នំពេញ។

នេះ​បើតាម​គេហទំព័រ​ផ្លូវការ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ប្រកាស​ឱ្យដឹងថា៖ «អបអរសាទរ! កម្ពុជា​នឹង​ជា​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​រ៉ូបូត​អន្តរជាតិ​ឆ្នាំ ២០២៣ ABU Robocon 2023 (Cambodia to host ABU Robocon 2023!) ទូរទស្សន៍​ជាតិ​កម្ពុជា តាមរយៈ​ក្រសួង​ព័ត៌មាន​មាន​មោទនភាព​ក្នុង​ការទទួល​បាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​អន្តរជាតិ កម្រិត​អាស៊ី​ប៉ាស៊ីហ្វិក​ ABU Robocon លើក​ទី ២២ ឆ្នាំ ២០២៣ នៅ​រាជធានី​ភ្នំពេញ»។

ប្រភព​ខាងលើ​ដដែល​បាន​បន្តថា៖ «កម្មវិធី​ការប្រកួតប្រជែង​កម្រិត​អន្តរជាតិ​នេះ ពិតជា​បង្ហាញ​អំពី​ការយកចិត្ត​ទុកដាក់​លើក​ស្ទួយ​វិស័យ​បច្ចេកវិទ្យា​រ៉ូបូត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​និស្សិត​កម្ពុជា ដែល​ជា​ធនធន​មនុស្ស​ដ៏សំខាន់ ជាពិសេស​ជា​ការផ្លាស់ប្តូរ​បទពិសោធ​បច្ចេកវិទ្យា​រ៉ូបូត​មកពី​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​ទ្វីបអាស៊ី។ កម្មវិធី​ការប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​អន្តរជាតិ កម្រិត​អាស៊ី​ប៉ាស៊ីហ្វិក​ ABU Robocon នេះ​បាន​ប្រារព្ធ​ឡើង​ដំបូង​នៅ​ឆ្នាំ ២០០២។ ដោយឡែក​ប្រទេស​កម្ពុជា​ទើបតែ​បាន​ចូលរួម​នៅ​ឆ្នាំ ២០១៧ ប៉ុន្តែ​កម្ពុជា​ក៏​ធ្លាប់​បាន​ទទួល​ជយលាភី​លេខ ៣ និង​ជយលាភី​កិត្តិយស​ផ្នែក​នានា ស្ទើរ​រៀងរាល់​ឆ្នាំ​ផងដែរ»។

ក្រុមនិស្សិត NPIC ពេល​បញ្ជា​រ៉ូបូត​ទាត់​បាល់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ថ្នាក់ជាតិ​កាលពី​ឆ្នាំមុន។ ហ៊ាន រង្សី

គួរ​បញ្ជាក់ដែរថា កម្មវិធី​ការប្រកួត​រ៉ូបូត​អន្តរជាតិ​នេះ ABU Robocon គឺជា​ការប្រកួត​រ៉ូបូត​ដែល​ផលិត​ដោយ​ក្រុមនិស្សិត កម្រិត​ឧត្តមសិក្សា ហើយ​បាន​យកមក​ប្រកួត​តតាំង​គ្នា​នៅលើ​ទីលាន ក្រោម​វិញ្ញាសា​តាម​ឆ្នាំ​នីមួយៗ​ដោយ​ប្រទេស​ជា​ម្ចាស់ផ្ទះ​ត្រូវ​ផ្តល់​សិទ្ធិ​សម្រេច​លើ​វិញ្ញាសា​នេះ ហើយ​សមាសភាព​មាន​មកពី​បណ្តា​ប្រទេស​ជាង ២០ នៅក្នុង​ទ្វីបអាស៊ី។

ការប្រកួត​រ៉ូបូត​អន្តរជាតិ​ឆ្នាំ ២០២០ ABU Robocon ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ហ្វីជី (Fiji) ដោយ​ម្ចាស់ផ្ទះ​បាន​ជ្រើស​យក​ប្រភេទ​កីឡា​បាល់ឱប (rugby) ហើយ​ការប្រកួត​នៅ​ឆ្នាំ ២០២១ នេះ​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ចិន ដោយ​មាន​វិញ្ញាសា​ជា​ល្បែង​ប្រពៃណី​មួយ​មាន​ឈ្មោះថា Pitch-pot៕

សកម្មភាព​ការប្រកួត​ថ្នាក់ជាតិ​កាលពី​ឆ្នាំមុន ក្នុង​វិញ្ញាសា​ប្រភេទ​កីឡា​បាល់ឱប។ សហការី