ក្រុង​វ៉ាស៊ីងតោន៖ Vaxxing មិន​មែន​មានន័យ​ថា ត្រូវ​បក​រោម​ គឺជា​យុទ្ធនាការ​ត្រូវ​ធ្វើ​មុន​ពេល​ចាប់​ផ្ដើម​ចេញ​ជួប​ដៃគូ ​ក៏ដូចជា​​កម្មវិធី​ទូរស័ព្ទ​ណាត់​ជួប​ស្នេហ៍​​ដែល​ចូលរួម​ជាមួយ​សេតវិមាន​ កាលពីថ្ងៃ​សុក្រ​ដើម្បី​ផ្សព្វ​ផ្សាយ​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩។

កម្មវិធីទូរស័ព្ទណាត់​ជួប​ស្នេហ៍ ដូចជា Tinder, Hinge, Match, OkCupid, BLK, Chispa, Plenty of Fish, Bumble និង Badoo សុទ្ធតែបាន​បន្ថែម​ស្ថានភាព​វ៉ាក់សាំងលម្អិត​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត។

សេតវិមាន​បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា ការ​ចាក់​វ៉ាក់សាំង​ក៏​អាច​ជា​ទង្វើ​ធ្វើ​ដើម្បី​គូស្នេហ៍​ជា​ជាង​ការ​គិត​គូរ​ពី​រឿង​សុខភាព​តែមួយ​មុខ។​

ប្រភព​ដដែល​បាន​បន្ដថា​៖ «​យោងតាម​ការ​ស្រាវជ្រាវ​ពី​ OKCupid អ្នក​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង ឬ​គម្រោង​ចាក់​វ៉ាក់សាំង​ បាន​ទទួលជោគជ័យ​ក្នុង​ការ​ស្វែងរក​គូ​ស្រករ​​លើស​អ្នក​អត់​មាន​គម្រោង​ចាក់​ ១៤ ​ភាគរយ​»។

កម្មវិធីទូរស័ព្ទណាត់​ជួប​ស្នេហ៍ ដូចជា Tinder, Match, OkCupid, និង Bumble សុទ្ធតែបាន​បន្ថែម​ស្ថានភាព​វ៉ាក់សាំងលម្អិត​។ AFP

សេតវិមានបាន​បន្ថែមថា ជាក់ស្ដែងក្នុង​ចំណោម​គ្រឿង​លើក​ទឹក​ចិត្ដ​បន្ថែម​ជា​ច្រើន​ដែល​ត្រូវបាន​ផ្ដល់​ដោយ​កម្មវិធី​ទូរស័ព្ទ Tinder គឺជា​លទ្ធភាព​ប្រើ​ប្រាស់ «Super Like» ដើម្បី​ជួយ​ពួកគេ​បង្ហាញភាព​លេច​ធ្លោរ​ក្នុង​ការ​ស្វែង​រក​គូ​ស្រករ។

កម្មវិធី​ទូរស័ព្ទ​មួយ​ចំនួន​ទៀត រួមទាំង BLK ដែល​ជា​គោល​ដៅ​របស់​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​ និង​ Chispa ក៏ត្រូវបាន​ប្រើ​យ៉ាង​ទូលំ​ទូលាយ​ពី​សំណាក់​សហគម​​អ្នក​និយាយ​ភាសា​អេស្ប៉ាញ​ផង​ដែរ។

យោងតាម​សេចក្ដី​ថ្លែងការណ៍​សេតវិមានបាន​ឱ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​ទាំង​នេះ​បាន​ចូលរួម​ជា​មួយ​អង្គការ​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស ដែល​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​លោក​ប្រធានាធិបតី​ក្នុង​ការ​ផ្ដល់​គ្រឿង​លើក​ទឹកចិត្ដ​ និង​ព័ត៌មានានានា​បំណង​ជួយ​ពលរដ្ឋ​អាមេរិក​ចេញ​មក​ទទួល​វ៉ាក់សាំង​»។

ពលរដ្ឋ​ពេញ​វ័យ​អាមេរិក​ជាង ៦០ ​ភាគរយ​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​តិច​មួយ​ដូស។ លោក​ប្រធានាធិបតី​អាមេរិក ចូ ប៊ីដេន បា​នកំណត់​គោល​ដៅ​ចាក់​ជូន​ពលរដ្ឋ​ខ្លួន​រហូត​ដល់ ៧០ ​ភាគរយ​នៅ ត្រឹម​ថ្ងៃ​ទី ៤ ខែ​កក្កដា​នេះ​៕ AFP/HR