ក្រុង​ប៉េកាំង៖ វាមាន​ភាព​រហ័សរហួន ស្ដាប់​បញ្ជា និង​តែង​តែ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​។ ជួប​ជាមួយ​សុខន​យន្ដ AlphaDog ជា​រ៉ូបូត​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​ក្ដីស្រឡាញ់​របស់​ចិន ដោយការ​ផ្សំ​បញ្ចូល​រវាង​ធាតុផ្សំ​ជា​​សត្វ​ចិញ្ចឹម និង​បច្ចេកវិទ្យា​។

ឆ្កែ​បច្ចេកវិទ្យា​ទំនើប​បាន​សេនស័រ និង​បច្ចេកវិទ្យា​វៃ​ឆ្លាត​ AI ក្នុង​ការ​ស្ដាប់ និង​មើល​ឃើញ​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​វា​ ហើយ​ក៏​អាច​ដើរ​បាន​ថែម​ទៀត​។

លោក ម៉ា ជី ប្រធាន​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្រុមហ៊ុន Weilan ដែល​ផលិត​ឆ្កែ​រ៉ូបូត​នេះ បាន​និយាយ​ថា​៖ «​វា​ពិត​ជា​ស្រដៀង​នឹង​សត្វ​ឆ្កែ​មែន​ទែន​អ៊ីចឹង​»។

AlphaDog ត្រូវបាន​យក​លំនាំ​តាម​ម៉ូដែល «Spot» ជា​ម៉ាស៊ីន​ជើង​ ៤ ឌីហ្សាញ​ឡើង​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឧស្សាហកម្ម​ ដោយ​ក្រុមហ៊ុន Boston Dynamics ដែល​បាន​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ក្រោយ​បង្ហាញ​ខ្លួន​លើ​វីដេអូ​យូធូប​ជា​ហូរហែរ​។

ក្រុម​អ្នក​ផលិត​មូលដ្ឋាន​នៅ​ក្រុង​ណាន់ជីង បាន​ផ្ដោត​លើ​តម្រូវ​ការ​អតិថិជន​ និងបាន​និយាយ​ថា ឆ្កែ​រ៉ូបូត​ ដែល​ដើរ​ក្នុង​ល្បឿន​ជិត ១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​បង្វិល​ខ្លួន​ដូចជា​ឆ្កែ​ជួប​ម្ចាស់​ កំពុង​តែ​ពេញ​និយម​ខ្លាំង​នៅ​លើ​ទីផ្សារ​។

សុខន​យន្ដ AlphaDog ជា​រ៉ូបូត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​ក្ដីស្រឡាញ់​របស់​ចិន គឺ​សត្វ​ចិញ្ចឹម និង​បច្ចេកវិទ្យា​។ AFP

ក្រុម​អ្នក​អភិវឌ្ឍ​បាន​ប្រើ​បច្ចេកវិទ្យា 5G អ៊ីនធឺណីត​ល្បឿន​លឿន​បំផុត​ជាមួយ​វេលា​ឆ្លើយ​តប​ល្បឿន​បំផុត​ ដើម្បី​ប្រតិបត្ដិការ​រ៉ូបូត​ដោយ​ស្វ័យ​ប្រវត្ដិ​។

ក្នុង​ការ​លក់​មួយ​ខែ​ដំបូង ឆ្កែ​យន្ដ AlphaDogs ជាង ១៨០០​គ្រឿង​ ត្រូវបាន​លក់​ ទោះបីជា​តម្លៃ​របស់​វា​ហាក់​ខ្ពស់​បន្ដិចគឺ​ ២៤០០​ដុល្លារ​​ក្នុង​មួយ​គ្រឿង​។

លោក ម៉ា បាន​ប្រាប់ AFP ថា​៖ «​ការ​បញ្ជា​ទិញ​ត្រូវបាន​ធ្វើ​ឡើង​ពី​អ្នក​អភិវឌ្ឍ​កុំព្យូទ័រ អ្នក​រត់​តាម​បច្ចេកវិទ្យា ក៏ដូចជា​កុមារ​តូច​ៗ ដែល​ចូលចិត្ដ​គូ​កន​យន្ដ​នេះ»៕ AFP/HR