ក្រុង​សេអ៊ូល៖ នៅ​លើ​វាលស្រែ​មួយ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង យុវជន​ម្នាក់​ដែល​ជា​ជើងឯក​ប្រណាំង​ដ្រូន​ពិភព​លោក កំពុង​ត្រៀម​រៀបចំ​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ដ្រូន​លឿន​បំផុត​លើ​ផែនដី។

ប៉ុន្ដែ​ចំពោះ​យុវជន​វ័យ ១៨ ឆ្នាំ លោក កាង ឆាងយឿន បារម្ភ​ថា ខ្លួន​ឆាប់​ឡើង​កម្រិត​កំពូល​ពេក។

ពេល​ឃើញ​សញ្ញា​ចាប់​ផ្ដើម លោក កាង និង​ក្រុម​ការងារ ៣ នាក់​ទៀត បាន​បញ្ជូន​យាន​តូច​របស់​ពួកគេ​សំកាំង​លើ​វេហាស៍ និង​បោះពួយ​ឆ្លង​កាត់​ឧបសគ្គ​នានា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​លើ​របារ​ដី​នៅ​ទីក្រុង Hwaseong ប្រទេស​កូរ៉េខាងត្បូង។

មាន​តែ​ចលនា​កាយវិការ​មនុស្ស​ប៉ុណ្ណោះ​ដែល​អាច​មើល​ដឹង​ពេល​កំពុង​កាច់​ និង​ចុច​ឧបករណ៍​បញ្ជា ដោយ​ពួក​គេ​ពាក់​ឧបករណ៍​ចក្ខុ​ទស្សន៍​ដើម្បី​តាម​ដាន​ដំណើរ​យាន​របស់​ខ្លួន។

លើ​ចម្ងាយ ៣ ជុំ និង​រយៈពេល ១ នាទី​ក្រោយ​មក ការ​ប្រណាំង​បាន​បញ្ចប់ ហើយ​ការ​វិភាគ​បែប​បច្ចេកទេស​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​តង់ ដោយ​អ្នកបញ្ជា គ្រូបង្វឹក និង​អ្នក​បច្ចេកទេស​ក៏​ដូចជា​ឪពុកម្ដាយ​កំពុង​តាមដាន​ពី​ការ​វិភាគ​ទិន្នន័យ​ហោះហើរ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់។

មិន​ខុស​ពី​ការ​ប្រណាំង Formula One ការ​ប្រកួត​បង្ហោះ​ដ្រូន អាស្រ័យ​លើ​ទេពកោសល និង​ជំនាញ​របស់​អ្នក​បញ្ជា។ ដ្រូន​ប្រណាំង​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​ដោយ​ក្រុម​ប្រកួត​ប្រជែង និង​ក្រុម​ការងារ​របស់​ពួក​គេ ដែល​វា​អាច​មាន​ល្បឿន​កំពូល ១៧០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង។

ប៉ុន្ដែ​ការ​ប្រកួត​មាន​រយៈ​ខ្លី ត្រឹម​ប៉ុន្មាន​ពាន់​វិនាទី​ប៉ុណ្ណោះ។

លោក​ថា វា​ជា​ហ្គេម​របស់​ក្មេង។

អ្នក​​​ប្រណាំង​ ្រដូន ​ថ្នាក់​រៀន​បឋម​សិក្សា ក៏មានសមត្ថភាព​មិនអន់ដែរ។ រូបថត AFP

យោង​តាម​លោក កាង បាន​ឱ្យ​ដឹង​ថា ភាព​រហ័សរហួន ភ្នែក​មុត និង​ការ​ហ្វឹកហាត់​ជាច្រើន​ម៉ោង ​គឺ​ជា​គន្លឹះ​ជោគជ័យ​សំខាន់។

លោក​បាន​និយាយ​ថា លោក​ស្ទើរតែ​ក្លាយ​ជា​គោ​ចាស់​ទៅ​ហើយ ពេល​ក្មេងៗ​ជំនាន់​ក្រោយ​ឡើង​ទីលាន​ប្រកួត ដោយ​អ្នក​ខ្លះ​នៅ​ជា​សិស្ស​បឋម​នៅ​ឡើយ​តែ​ស្នាដៃ​មិន​ណយ។

ពី​ឡុត​បញ្ជា​ដ្រូន​មុខ​ស្ងួត រូប​នេះ​បាន​និយាយ​ថា៖ «ជំនាញ​ដ៏​ប៉ិនប្រសប់​បាន​កើន​ដល់​ចំណុច​កំពូល​មនុស្ស​ចន្លោះ​ពី​ដើម​ទៅ​ពាក់​កណ្ដាល​វ័យ​ជំទង់»។

លោក កាង បាន​និយាយ​ថា ភាព​រហ័សរហួន​របស់​លោក រាង​ចុះ​ខ្សោយ​ពី ១ ឆ្នាំទៅ ១ ឆ្នាំ ហើយ​យុវជន​រូប​នេះ​មិន​ចង់​ចូល​និវត្ដន៍​មុន​ពេល​អាយុ ២០ ឆ្នាំ​ឡើយ។

លោក​បាន​បញ្ជាក់​ថា៖ «វា​ពិត​ជា​ពិបាក​បន្ដិច​ពេល​ប្រកួត​ជាមួយ​ពួក​គេ​ក្នុង​ពេល​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​នេះ។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​ឈ្នះ​នៅ​ឆ្នាំ​នេះ​ឡើយ»៕ AFP/HR