ក្រុងកូឡុំបូ៖ រថយន្ដអាយុកាលជិត ៩០ ឆ្នាំ ១ គ្រឿង ដែលធ្លាប់ជាព្រះរាជទ្រព្យកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់ ហ្វីលីព នៃចក្រភពអង់គ្លេស ពេលនេះបានក្លាយជាវត្ថុបុរាណនៅសារមន្ទីរ ១ ក្នុងតំបន់នៃប្រទេសស្រីលង្កា។
ព្រះអង្គម្ចាស់ Duke of Edinburgh ដែលព្រះរាជពិធីបុណ្យសពគ្រោងរៀបចំឡើងនៅថ្ងៃសៅរ៍នេះ ជាអ្នកស្រឡាញ់រថយន្ដ ដែលបានទិញរថយន្ដ Standard Nine ឆ្នាំ ១៩៣៥ តម្លៃ ១២ ផោន (ជាង ៦ ម៉ឺនរៀលនាពេលបច្ចុប្បន្ន) ពេលព្រះអង្គគង់នៅទីក្រុងកូឡុំបូ ជាមួយកងនាវាជើងទឹកចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤០។
លោក សាន់ជីវ ហ្គាឌីន័រ ដែលបានរក្សារថយន្ដនោះទុកនៅសណ្ឋាគារ Galle Face Hotel របស់លោកក្នុងក្រុងកូឡុំបូបាននិយាយថា៖ «ពេលព្រះអង្គយាងមកកាលពីដើមទសវត្សរ៍ឆ្នាំ ១៩៥០ ទ្រង់បានទតរថយន្ដនេះម្ដងទៀត។ ពេលទ្រង់បានឃើញហើយ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «ខ្ញុំសង្ឃឹមថា ហ្វ្រាំងនៅដំណើរការល្អ។ កាលនោះ វាជាន់អត់ស៊ីទេ»។
យោងតាមលោក ហ្គាឌីន័រ បានឱ្យដឹងថា ព្រះអង្គម្ចាស់ ហ្វីលីព ទទួលស្គាល់ថា រថយន្ដ Standard ជារថយន្ដដំបូង ដែលព្រះអង្គបានទិញ។ ព្រះអង្គក៏ក្លាយជាសមាជិកក្លិប Standard Motor Car។
សណ្ឋាគាររបស់លោក ហ្គាឌីន័រ ជាសណ្ឋាគារចាស់បំផុតមួយបន្សល់តាំងពីសម័យអាណានិគមបានសាងសង់សារមន្ទីរ ១ ព័ទ្ធជុំវិញរថយន្ដពណ៌ប្រាក់ និងខ្មៅ ដែលរក្សាទុកសម្រាប់ឱ្យភ្ញៀវទស្សនា។
ពេលទិញវាមក ព្រះអង្គម្ចាស់មិនអាចដេញថ្លៃឈ្នះក្នុងការទិញយករថយន្ដជជុះ ទោះបីជាព្រះអង្គត្រៀមលុយបង់រំលស់ស្មើប្រាក់ខែទ្វេដងយ៉ាងណាក៏ដោយ។
យោងតាមកំណត់ត្រាសារមន្ទីរបានបង្ហាញថា ព្រះអង្គបានជិះរថយន្ដនេះពីទីក្រុងកូឡុំបូទៅកាន់មូលដ្ឋានកងទ័ពជើងទឹកនៅ Trincomalee ចម្ងាយ ២៦០គីឡូម៉ែត្រ។
លោក ហ្គាឌីន័រ បានប្រាប់ AFP ថា រថយន្ដដែលធ្លាប់ជិះបានចម្ងាយ ៩៣០៤០ គីឡូម៉ែត្រត្រូវបានជួសជុលជាច្រើនលើកច្រើនសា ហើយអាចនៅតែដំណើរការ។ ប៉ុន្តែច្បាប់ធានារ៉ាប់រងដែលបានហាមឃាត់ការបើកបរ បានធ្វើឱ្យរថយន្ដចំណាស់មួយនេះបង្ខំចិត្ដចូលនិវត្ដន៍៕ HR