ក្រុង​ញូវយ៉ក៖ កាល​ពី​ថ្ងៃពុធ Ford បាន​បង្ហាញ​រថយន្ដ​អគ្គិសនី​សុទ្ធ​ជាផ្លូវ​នូវ​ម៉ូដែល F-150 ដ៏​លក់​ដាច់​បំផុត​ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​យីហោ​រថយន្ដ​ស្ទួយ​បរិស្ថាន​របស់​អាមេរិក។

ម៉ូដែល Ford F-150 «Lightning» ប្រើ​អាគុយ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ ២២ ​ពាន់​លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន​រថយន្ដ​យក្ស​អាមេរិក​ក្នុង​ការ​បង្កើន​ល្បឿន​ផលិត​រថយន្ដ​អគ្គិសនី​នៅ​ត្រឹម​ឆ្នាំ​ ២០២៥។

Ford បាន​លក់​រថយន្ដ​អគ្គិសនី​សុទ្ធ​សាធ​រួច​ហើយ ដូចជា​ ម៉ូដែល Mustang Mach-E sport តែ​ម៉ូដែល Lightning នេះ​នឹង​ក្លាយ​ជា​រថយន្ដ​ដំបូង​បំពាក់​ថាមពល​អាគុយ​លើ F-150។

F-150 ដែល​ដាក់​លក់​ផ្លូវការ​ដំបូង​ដោយ​ក្រុមហ៊ុន Ford ក្នុង​ឆ្នាំ​ ១៩៤៨ ជា​រថយន្ដ​លក់​ដាច់​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​ និង​បាន​សាង​កេរ្ដិ៍​ឈ្មោះ​ ១១៨ ​ឆ្នាំ​មក​ហើយ។

Ford បាន​ឱ្យ​ដឹងថា ពេល​មាន​បញ្ហា​ដាច់​អគ្គិសនី រថយន្ដ​មួយ​បាំង​កន្លះ​នេះ​នឹងអាច​ផ្ដល់​ថាមពល​អគ្គិសនី​ដល់​ផ្ទះ​រយៈ​ពេល​ប្រមាណ ៣ ថ្ងៃ​​ផង​ដែរ។ AFP

លោក Bill Ford ជា​ចៅ​លួត​របស់​ស្ថាបនិក​ក្រុមហ៊ុន​យក្ស​ និង​បច្ចុប្បន្ន​ជា​ប្រធាន​គណគ្រប់​គ្រង​ បាន​ហៅ​ការ​ផលិត​រថយន្ដ​អគ្គីសនី​ថ្មី​នេះជា​ «​សក្ករាជ​ដ៏សំខាន់​» ក្នុង​ប្រវត្ដិ​សាស្ដ្រ​របស់​ក្រុមហ៊ុន។

លោក​និយាយថា F-150 Lightning ជា​ម៉ូដែល «​វៃ​ឆ្លាត​បំផុត និង​ស្អាត​បំផុត​» ក្នុង​ខ្សែ​ស្រឡាយ​របស់វា​ ហើយ​វា​មាន​ថាមពល​ខ្លាំង។

Ford បាន​ឱ្យ​ដឹងថា ពេល​មាន​បញ្ហា​ដាច់​អគ្គិសនី រថយន្ដ​មួយ​បាំង​កន្លះ​នេះ​នឹងអាច​ផ្ដល់​ថាមពល​អគ្គិសនី​ដល់​ផ្ទះ​រយៈ​ពេល​ប្រមាណ ៣ថ្ងៃ​​ផង​ដែរ។

ជាក់ស្ដែង សម្រាប់​អ្នក​ប្រើ​ប្រាស់​រថយន្ដ​ដឹក​ទំនិញ​នៅ​តាម​ការដ្ឋាន​សំណង់​ ថាមពល​អគ្គិសនី​របស់​រថយន្ដ​អាច​ប្រើ​ជា​ប្រភព​ថាមពល​សម្រាប់​ឧបករណ៍​ការដ្ឋាន​ថែម​ទៀត។

សម្រាប់​អ្នក​ប្រើ​ប្រាស់​រថយន្ដ​ដឹក​ទំនិញ​នៅ​តាម​ការដ្ឋាន​សំណង់​ ថាមពល​អគ្គិសនី​របស់​រថយន្ដ​អាច​ប្រើ​ជា​ប្រភព​ថាមពល​សម្រាប់​ឧបករណ៍​ការដ្ឋាន​ថែម​ទៀត។ AFP

ប៉ុន្ដែ​លោក​ប្រធានាធិបតីអាមេរិក ចូ ប៊ីដេន បាន​បង្ហាញ​ថា ម៉ូដែល Lightning មាន​សន្ទុះ​ល្បឿន​ពី ០ ទៅ ១០០ ​ត្រឹម​ឋេរវេលា​ប្រមាណ ៤,៤ ​វិនាទី​ អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​រោង​ចក្រ​រថយន្ដ Ford ក្នុង​ទីក្រុង Dearborn រដ្ឋ​ Michigan ដោយ​បាន​ចាត់​ទុក​បច្ចេកវិទ្យា​ថ្មី​នេះ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សង្គ្រោះ​ភព​ផែនដី​ពី​កើន​កម្ដៅ​សកល។

ការ​ផលិត​រថយន្ដ​ម៉ូដែល អគ្គីសនី F-150 នឹង​ចាប់​ផ្ដើម​នៅ​ទីក្រុង Dearborn នា​និទាឃ​រដូវ​ឆ្នាំ​ ២០២២​ ខាង​មុខ។

លោក ប៊ីដេន បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​មជ្ឈមណ្ឌល​រថយន្ដ​អគ្គិសនី Ford Rouge Electric Vehicle Center ថា​៖ «​អនាគត​នៃ​ឧស្សាហកម្ម​រថយន្ដ​គឺជា​ម៉ូដែល​អគ្គិសនី។ មាន​ចម្ងល់​លើក​ឡើង​ថា តើ​យើង​នឹង​នាំ​មុខ​គេ ឬ​យើង​នៅ​ក្រោយ​គេ​ក្នុង​ការ​ប្រឡង​ប្រចាំ​ទៅ​ថ្ងៃ​អនាគត​»៕ AFP/HR

ការ​ផលិត​រថយន្ដ​ម៉ូដែល អគ្គីសនី F-150 នឹង​ចាប់​ផ្ដើម​នៅ​ទីក្រុង Dearborn នា​និទាឃ​រដូវ​ឆ្នាំ ​២០២២​ ខាង​មុខ។ AFP