ភ្នំពេញ៖ បើទោះបីជាទិដ្ឋភាពដ្រូនហោះមិនមែនជារបស់លេងថ្មីសន្លាងនៅកម្ពុជាក្ដីតែការបញ្ជាយានដ៏តូចនេះសណ្ដោងសម្ភារផ្សេងៗហាក់ដូចជាសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍មួយ ជាពិសេសក្នុងដំណាក់កាលរាជនីភ្នំពេញកំពុងមានវិធានការរាំងខ្ទប់ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង។
ស្បោងខ្មៅ ១ កញ្ចប់ត្រូវបានមើលឃើញហោះរំលងពីអគារ ១ ទៅអគារ ១ មកបន្ទាបខ្លួនលើដំបូលផ្ទះមួយ និងមាននារីម្នាក់ក្នុងឯកសណ្ឋានគេងយប់ ចាំទទួលយកកញ្ចប់នោះ មុនពេល Drone ហោះលឿនស្ទុយត្រឡប់ទៅវិញ។
អ្នកផ្ដួចផ្ដើមបង្កើតកម្មវិធីកម្សាន្ដផ្ដល់សេវាកម្មដឹកជញ្ជូនតាមអាកាសនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «Corona អៀបកៀន Drone Delivery ព្រឹកនេះ បានចែ ១ ដឹកមី ១ កេស បុរីពិភពថ្មីចំការដូង»។
ម្ចាស់គណនីបានបន្ដថា៖ «១ ជើង ១ ដុល្លារ ដាក់លេខផ្លូវឱ្យបានត្រឹមត្រូវ ហោះតាម Map ទេ។ ត្រូវបាញ់អាកុលឱ្យផងពេលដល់ទីតាំង។ យកអីវ៉ាន់ហើយ ហាមព្យួរលីអូ ឬខោអាវក្នុងមកវិញ។ ដឹកក្រៅបុរីគិតលុយថែម ចម្ងាយត្រឹម ៥ គីឡូម៉ែត្រ ក្នុងក្រុងភ្នំពេញប៉ុណ្ណោះ ហើយលើសពីនេះ ប្រាកដជាបាត់ទាំង Drone និងអីវ៉ាន់ហើយភ្ញៀវ»។
ដោយភ្ជាប់ជាមួយសំណេរ វីដេអូឃ្លីបដ្រូនហោះដឹកមី ១ កេស និងអីវ៉ាន់ ១ ស្បោងខ្មៅ ជូនដល់ដៃអ្នកទទួលនៅលើដំបូលផ្ទះក្នុងបុរីមួយនេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យចេញមកចុចទស្សនា បញ្ចេញមតិ និងចែករំលែកជាហូរហែ។
អ្នកប្រើប្រាស់ហ្វេសប៊ុកបានសរសេរបែបលាន់មាត់ថា «ចុំ! ទំនើបម្ល៉េះ» អ្នកខ្លះបន្ដថា «ផ្ញើឱ្យបងដល់ស្ទឹងមានជ័យផង» ខណៈអ្នកខ្លះទៀត បង្ហាញពីការកោតស្ញប់ស្ញែងចំពោះសមត្ថភាពបញ្ជា Drone ក៏ដូចជាការបារម្ភអំពីការបាត់បង់ឧបករណ៍មានតម្លៃនេះផងដែរ។
បើទោះបីជារូបភាព Drone ដឹកទំនិញបានផុសឡើងចំពេលដែលកម្ពុជាកំពុងជួបវិបត្ដិកូវីដ ដែលទទួលបានការស្វាគមន៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងណាក៏ដោយ ក៏វាគ្រាន់តែជាសកម្មភាពកម្សាន្ដពញ្ញាក់អារម្មណ៍ថ្មីមួយអំឡុងពេលបិទខ្ទប់ទីក្រុងប៉ុណ្ណោះ។
លោក រុំ ប៊ុនទិត្យ ម្ចាស់គណនីហ្វេសប៊ុក ទិត្យ បងប៊ី ដែលបង្កការភ្ញាក់ផ្អើលចំពោះសេវាកម្មដឹកជញ្ជូនរបស់ខ្លួនបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «បាទ! តាមពិតទៅ វាគ្រាន់តែជាសកម្មភាពកម្សាន្ដលេងប៉ុណ្ណោះ។ វាមិនមែនជាមុខរបរអីមែនទែននោះទេ»។
យុវជនវ័យ ៣៤ ឆ្នាំ ដែលបង្ហាញសកម្មភាពដឹកជញ្ជូនអីវ៉ាន់តាមផ្លូវអាកាសក្នុងបរិវេណបុរីដែលខ្លួនកំពុងរស់នៅឯចំការដូងរូបនេះ បានបន្ដថា៖ «ខ្ញុំគ្រាន់តែចង់លើកគំនិតថ្មីៗឡើង និងបង្កើតកម្មវិធីសប្បាយខ្លះលើបណ្ដាញសង្គមអំឡុងពេលបិទខ្ទប់នេះប៉ុណ្ណោះ»។
លោក ទិត្យ មិននឹកស្មានថា ប្រជាជនកម្ពុជាមានការចាប់អារម្មណ៍ខ្លាំងចំពោះវត្ដមាន Drone ដឹកទំនិញក្នុងគ្រាដែលពួកគេមិនអាចចេញពីផ្ទះបាននេះ ហើយលោកក៏បានប្រាប់អំពីសមត្ថភាពបញ្ជា Drone ផងដែរ។
លោកបានឱ្យដឹងថា៖ «ខ្ញុំរីករាយខ្លាំងណាស់ដែលបានឃើញប្រតិកម្មតបរបស់បងប្អូនជាច្រើនក្នុងការចាប់អារម្មណ៍ និងមានមោទនភាពចំពោះគំនិតនេះ។ ខ្ញុំមានបទពិសោធបញ្ជា Drone ២ ឆ្នាំ»។
លោកបានប្រើ Drone ម៉ូដែល DJI PHANTOM 4 ដែលមានសមត្ថភាពហោះហើរចន្លោះពី ៥ ទៅ ៨ គីឡូម៉ែត្រ និងកម្ពស់ ៥០០ ម៉ែត្រ ដោយភ្ជាប់សេនស័រចំនួន ៦ ការពារប៉ះទង្គិច និងវិលមកចំណុចចាប់ផ្ដើមវិញដោយស្វ័យប្រវត្ដិ ពេលបាត់ទំនាក់ទំនង ឬជួបឧបសគ្គក្នុងពេលហោះហើរ។
លោក ទិត្យ បានអះអាងថា៖ «យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា យើងមិនអាចបង្ហោះ Drone បានទេ ហើយក្រុមហ៊ុន Drone ក៏បានបង្ហាញសញ្ញាព្រមាននៅតាមតំបន់ហាមឃាត់នានាផងដែរ។ ជាក់ស្ដែង ដូចជានៅក្បែរតំបន់អាកាសយានដ្ឋានជាដើម»។
លោកដឹងថា ច្បាប់បានចែងថា ការបង្ហោះ Drone ត្រូវបានហាមឃាត់ក្នុងរាជធានីភ្នំពេញ លុះត្រាតែមានការអនុញ្ញាត។
យ៉ាងណាមិញ គំនិតលេងសើចសប្បាយនេះអាចជាការផ្ដួចផ្ដើមត្រួសត្រាយផ្លូវក្នុងការបង្កើតសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសប្រភេទថ្មីនៅកម្ពុជាផងដែរ។
ដោយមើលឃើញពីបច្ចេកវិទ្យាកំពុងតែអភិវឌ្ឍឥតឈប់ឈរ ជាពិសេសក្នុងបរិបទបិទខ្ទប់ការធ្វើដំណើររបស់មនុស្ស សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាអាចនឹងកើតមានឡើង។ នេះ បើយោងតាមក្ដីរំពឹងរបស់លោក រុំ ប៊ុនទិត្យ។
លោក ទិត្យ ដែលជាម្ចាស់ភោជនីយដ្ឋានមួយផងនោះបានឱ្យដឹងទៀតថា៖ «ច្បាស់ណាស់ នាពេលអនាគត វានឹងអាចកើតឡើងមែន ពីព្រោះយើងដឹងថា ការថតកាមេរ៉ានៅលើឧទ្ធម្ភាគចក្របានរលាយនៅពេលមានវត្ដមាន Drone នេះឯង។
ក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់អាមេរិក អាម៉ាហ្សូន និង UPS ក៏បានដំណើរការសាកល្បងដែរ បន្ទាប់ពីក្រុមហ៊ុន FedEx បានទទួលជោគជ័យក្នុងឆ្នាំ ២០១៩ កន្លងទៅ៕