អង្គការ​សកម្មភាព​កំចាត់មីន​ជប៉ុន​នៅ​កម្ពុជា (JMAS) កំពុង​ប្រែក្លាយ​ចម្ការ​មីន​ដ៏​គ្រោះថ្នាក់​ទៅ​ជា​ដី​កសិកម្ម​ខៀវ​ស្រងាត់ ដើម្បី​លើក​កម្ពស់​ស្ថានភាព​សេដ្ឋកិច្ច​របស់​សហគមន៍​ជនបទ។

ចម្ការមីន​នៅ​ខេត្ត​កំពង់ធំ បាត់ដំបង និង​បន្ទាយមានជ័យ ឥឡូវ​នេះ​ប្រជាពលរដ្ឋ​អាច​ធ្វើ​កសិកម្ម​បាន​ជា​ថ្មី សូម​អរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ JMAS។

ទីភ្នាក់ងារ​ជប៉ុន​ដែល​បាន​ដឹកនាំ​សកម្មភាព​កម្ទាត់​មីន​នៅ​កម្ពុជា​អស់​រយៈពេល ២ ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​ចូលរួម​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ (UXO) គ្រាប់​មីន​ប្រឆាំង​មនុស្ស និង​ប្រឆាំង​រថក្រោះ ដែល​វា ​គឺ​ជា​ការ​បោះ​ជំហាន​មួយ​ទៀត ​ដើម្បី​ជួយ​សហគមន៍​ក្នុង​មូលដ្ឋាន។

«ចាប់​ពី​ឆ្នាំ​នេះ JMAS នឹង​ចាប់​ផ្តើម​សកម្មភាព​គាំទ្រ​កសិកម្ម​បន្ថែម​លើ​ការ​ដោះមីន និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​កសិករ​ក្នុង​មូលដ្ឋាន និង​ជីក​ស្រះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​ក្នុង​រដូវប្រាំង»។

លោក Suenaga Noriyoshi ប្រធាន​អង្គការ JMAS ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា៖ «JMAS នឹង​បន្ត​សកម្មភាព​ផ្សេងៗ​ទៀត ​ដើម្បី​ប្រែក្លាយ​ចម្ការ​មីន​ឱ្យ​ទៅ​ជា​ដី​កសិកម្ម​បៃតង ដើម្បី​នាំយក​ស្នាម​ញញឹម​ជូន​ដល់​ប្រជាជន​កម្ពុជា»។

លោក​​ Suenaga Noriyoshi ប្រធានអង្គការ JMAS ប្រចាំកម្ពុជា។

JMAS បាន​ចាប់​ផ្តើម​សកម្មភាព​សម្អាត​មីន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០០២ ក្រោម​ភាព​ជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) ហើយ​ឆ្នាំ​នេះ ​គឺ​ជា​ខួប ២០ ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គិត​ត្រឹម​ខែ​កញ្ញា ​ឆ្នាំ ២០២០ JMAS បោសស​ម្អាត​បាន​ប្រមាណ ៤ ១០០ ហិកតា ក្នុង​នោះ​សម្អាត​មីន​ប្រឆាំង​មនុស្ស​បាន​ជាង ២ ម៉ឺន​គ្រាប់ គ្រាប់​មីន​ប្រឆាំង​រថក្រោះ​បាន​ចំនួន ៦៥០ គ្រាប់ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន ៣៩០ ០០០ គ្រាប់ ហើយ​បាន​ឆ្លើយតប ៣៧ ០០០ សំណើ ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​រក​ឃើញ​នៅ​ជុំវិញ​តំបន់​ពួកគេ​រស់នៅ។

«យើង​ផ្ទេរ​បច្ចេកទេស​បោស​សម្អាត មីន​ទៅ​ឱ្យ​ស៊ីម៉ាក់ ហើយ​យើង​ក៏​ផ្តល់​ការ​អប់រំ​ស្តីពី​គ្រោះថ្នាក់​នៃ​​គ្រាប់​មីន​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន ដល់​កុមារ និង​គាំទ្រ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​ការ​សាងសង់​ផ្លូវ​សហគមន៍ និង​សាលារៀន​ឡើង​វិញ​ផង​ដែរ»។

មីនប្រឆាំងរថក្រោះ anti-tank mine។

លោក Suenaga បាន​បន្ត​ថា៖ «យើង​ក៏បាន​សាងសង់​សាលារៀន​ចំនួន ១១ ខ្នង និង​ផ្លូវ​ប្រវែង​ជាង ៨០ គីឡូម៉ែត្រ។ បច្ចុប្បន្ន JMAS កំពុង​ដំណើរការ​គម្រោង​ចំនួន ២ សម្រាប់​សកម្មភាព​កម្ចាត់​មីន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​កំពង់ធំ និង​គម្រោង​មួយ​ទៀត ​គឺ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដោយ​មាន​បុគ្គលិក JMAS ចំនួន ២៥ នាក់ ក្នុង​នោះ​មាន​ជនជាតិ​ជប៉ុន​ចំនួន ៧ នាក់ និង​មន្ត្រី​ដោះមីន​របស់​ស៊ីម៉ាក់​ប្រមាណ ១០០ នាក់»។

JMAS មាន​ម៉ាស៊ីន​ជាច្រើន​ប្រភេទ​សម្រាប់​សកម្មភាព​កម្ចាត់​មីន ដូចជា​ម៉ាស៊ីន​ដោះមីន មីន​ចង្កោម និង​ម៉ាស៊ីន brush cutter សម្រាប់​ការ​សាងសង់ ហើយ​ម៉ាស៊ីន​របស់​យើង​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​កម្លាំង​ដោះមីន​របស់​មនុស្ស។ យើង​ចង់​ធ្វើ​ឱ្យ​សកម្មភាព​របស់​យើង​កាន់​តែ​មាន​ផលិតភាព​ខ្ពស់ តាមរយៈ​ការ​តភ្ជាប់ ​ឬ​បញ្ចូល​ថាមពល​ម៉ាស៊ីន និង​កម្លាំង​ដោះមីន​របស់​មនុស្ស»។

JMAS ពន្យល់មន្ត្រីស៊ីម៉ាក់អំពីការប្រើម៉ាស៊ីន Brush Cutter machine។

អង្គការ​មាន​សមត្ថភាព​បោស​សម្អាត​ចម្កា​មីន​ប្រមាណ ២០០ ហិកតា ​ក្នុង ១ គម្រោង ហើយ​នៅ​ឆ្នាំនេះ​អង្គការ​កំណត់​គោលដៅ​បោស​សម្អាត ៤០០ ហិកតា ​សម្រាប់ ២ គម្រោង។

«យើង​ចង់​ជួយ​ប្រទេស​កម្ពុជា ​ក្នុង​ការ​ដោះមីន​ ឬ​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​នៅ​តែ​ជា​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត ហើយ​យើង​ចង់​ឃើញ​ប្រជាជន​កម្ពុជា​រស់នៅ​ដោយ​សុខ​ក្សេមក្សាន្ត​គ្មាន​គ្រាប់មីន»។ លោក Suenaga បាន​បន្ថែម​ថា៖ «ក្រៅ​ពី​សកម្មភាព​សម្អាត​មីន យើង​ក៏​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ ហើយ​ចាប់​ផ្តើម​នៅ​ឆ្នាំ​នេះ យើង​នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​កសិកម្ម ​ដើម្បី​ជួយ​ដល់​សហគមន៍​មូលដ្ឋាន»៕

​មន្ត្រីស៊ីម៉ាក់កំពុងផ្តល់ការអប់រំអំពីគ្រោះថ្នាក់នៃគ្រាប់មីនដល់កុមារក្នុងមូលដ្ឋាន។

​JMAS ធ្វើបទបង្ហាញជំនាញបច្ចេកទេសដោះមីនដល់មន្ត្រីស៊ីម៉ាក់នៅខេត្តកំពង់ធំ។