អ្នកជំនាញខាងមីក្រូជីវសាស្ត្រជនជាតិបារាំងលោក Louis Pasteur បានបង្កើតវ៉ាក់សាំងជំងឺឆ្កែឆ្កួតដំបូងគេនៅលើពិភពលោកក្នុងឆ្នាំ ១៨៨៥ ហើយ ១៣៥ ឆ្នាំ ក្រោយមកវិទ្យាស្ថានដែលដាក់ឈ្មោះតាមឈ្មោះរបស់លោក កំពុងតែខិតខំប្រឹងប្រែងដឹកនាំការប្រយុទ្ធប្រឆាំងជំងឺមួយនេះ។
មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត (RPC) នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងរាជធានីភ្នំពេញត្រូវបានបើកជាផ្លូវការក្នុងឆ្នាំ ១៩៩៥។ អស់រយៈពេល ២៥ ឆ្នាំមកនេះ RPC បានផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតដល់មនុស្សជាង ៥០០ ០០០ នាក់ដែលរងរបួសដោយសារសត្វខាំមកពីទូទាំងប្រទេស។
សារៈសំខាន់នៃសេវាកម្មដែលមជ្ឈមណ្ឌលផ្តល់ឱ្យនេះគឺធំធេងណាស់ដោយគិតជាមធ្យមមានអ្នកជំងឺថ្មី ២០ ០០០ នាក់ ក្នុង ១ ឆ្នាំគិតចាប់តាំងពីឆ្នាំ ២០០០ មក តែចំនួននេះបានកើនឡើងដល់ជិត ៨០ ០០០ នាក់កាលពីឆ្នាំមុន។
«ការបង្ការជំងឺឆ្កែឆ្កួត នៅឯ RPC យើងមានផ្តល់សេវាកម្មទាំងសម្រាប់ការពារក្រោយរងរបួសដោយសត្វខាំ ដែលជាសេវាកម្មអាទិភាពរបស់យើង ហើយក៏មានផ្តល់សេវាកម្មបង្ការមុនសត្វខាំផងដែរ»។
«គោលដៅនៃការស្រាវជ្រាវដ៏សំខាន់មួយគឺដើម្បីលើកកម្ពស់ការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត បន្ទាប់ពីមានរបួសដោយសត្វខាំ។ យោងតាមការស្រាវជ្រាវដ៏ធំមួយរបស់ IPC, អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍សម្រាប់ដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតឱ្យបានឆាប់រហ័ស»។
វេជ្ជបណ្ឌិត Peng Yiksing ប្រធានមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបានថ្លែងថា៖ «អនុសាសន៍នេះគឺមានអត្ថប្រយោជន៍ណាស់ ការចាក់វ៉ាក់សាំងត្រូវបញ្ចប់ក្នុងរយៈពេលតែ ១ សប្តាហ៍ ប៉ុណ្ណោះហើយបរិមាណវ៉ាក់សាំងដែលត្រូវប្រើគឺមានតិចសម្រាប់អ្នកជំងឺម្នាក់។ ការសិក្សាស្រាវជ្រាវដទៃទៀតក៏ត្រូវបានធ្វើឡើងផងដែរ»។
មជ្ឈមណ្ឌលបាននិយាយថា ការឆ្លងជំងឺឆ្កែឆ្កួតនៅក្នុងប្រទេសកម្ពុជាជាចម្បងទាក់ទងនឹងសត្វឆ្កែ។ ចំនួនសត្វឆ្កែធំៗនៅក្នុងប្រទេសគឺឆ្កែ ១ ក្បាលសមាមាត្រមនុស្ស ៣ ទៅ ៤ នាក់ដែលធ្វើឱ្យមានការចម្លងវីរុស។ កត្តាមួយទៀតគឺអវត្តមាននៃកម្មវិធីចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្កែ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួតបន្ថែមទៀត RPC បានធ្វើការអភិវឌ្ឍជាច្រើនរួមមានការបើកមជ្ឈមណ្ឌលព្យាបាលជំងឺឆ្កែឆ្កួតចំនួន ២ បន្ថែមទៀតគឺនៅក្នុងខេត្តបាត់ដំបងកាលពីខែកក្កដា ឆ្នាំ ២០១៨ និងនៅខេត្តកំពង់ចាមកាលពីខែកក្កដាឆ្នាំមុនដើម្បីបង្កើនលទ្ធភាពទទួលបានការព្យាបាលនៅទូទាំងប្រទេសកម្ពុជា។ សមាជិកភាពរបស់បេឡាជាតិរបបសន្តិសុខសង្គមត្រូវបានអនុវត្តនៅមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតចំនួន ៣ នៅកម្ពុជា។
«ក្នុងឆ្នាំ ២០១៩ ប្រជាជនចំនួន ១៥ ០៧០ នាក់បានទទួលការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្គួត (PEP) នៅមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនៅខេត្តបាត់ដំបង ហើយមនុស្ស ១១ ១២៣ នាក់ផ្សេងទៀតទទួលបានការចាក់វ៉ាក់សាំងនៅមណ្ឌលខេត្តកំពង់ចាម»។
លោក Yiksing ថ្លែងថា៖ «ទិន្នន័យបានបង្ហាញថា សេវាកម្មនេះអាចទទួលបានកាន់តែងាយស្រួលដោយសារមានមនុស្សកាន់តែច្រើនអាចទទួលបានសេវានេះ ហើយមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតកំពុងបង្ហាញថាវាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាជនក្នុងតំបន់។
RPC បាននិយាយថា ក្នុងករណីមានឆ្កែខាំ មុខរបួសត្រូវសម្អាតឱ្យបានត្រឹមត្រូវក្នុងរយៈពេល ១០ ទៅ ១៥ នាទីដោយប្រើទឹក និងសាប៊ូ និងថ្នាំសម្លាប់មេរោគ។ ការប្រើប្រាស់ឱសថបុរាណគួរតែត្រូវចៀសវាង។
ដើម្បីកាត់បន្ថយការស្លាប់ដោយជំងឺឆ្កែឆ្កួតលោក Yiksing ថ្លែងថា វិទ្យាស្ថានប៉ាស្ទ័របានដាក់ចេញនូវផែនការសកម្មភាពរយៈពេល ៥ ឆ្នាំសម្រាប់ឆ្នាំ ២០១៨-២៣ ដោយមានការសហការជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអប់រំ។
អង្គការសុខភាពពិភពលោក អង្គការសុខភាពសត្វ (OIE) អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធសកលសម្រាប់ការត្រួតពិនិត្យជំងឺឆ្កែឆ្កួតបានដាក់គោលដៅលុបបំបាត់ការស្លាប់ដោយជំងឺឆ្កែឆ្កួតនៅត្រឹមឆ្នាំ ២០៣០ ហើយវិទ្យាស្ថានប៉ាស្ទ័រនៅតែជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។
លោក Yiksing បន្តថា៖ «ប្រទេសកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនជាផ្នែកមួយនៃសហគមន៍អាស៊ាន និងជាផ្នែកមួយនៃវិធីសាស្ត្រសកលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួតឆ្ពោះទៅរកគោលដៅលុបបំបាត់ការស្លាប់ដោយជំងឺឆ្កែឆ្កួតត្រឹមឆ្នាំ ២០៣០។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងបន្តចូលរួមក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីឆ្ពោះទៅរកការសម្រេចបានគោលដៅនេះ»៕