កម្ពុជា​ជា​ប្រទេស​ចុងក្រោយ​គេ​ដែល​បាន​ក្លាយជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន​នៅ​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ​ ១៩៩៩​។

សម្តេច​អគ្គមហាសេនាបតី​​តេជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺជា​អ្នក​ដែល​នាំ​កម្ពុជា​ចូល​អាស៊ាន​បានលើកឡើង​នូវ​កត្តា​ចម្បង​ ៤ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន៖ (១)- ​កត្តា​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​ទៅវិញទៅមក​ដែល​តាមរយៈ​នេះ អាស៊ាន​បាន​ក្លាយជា​របាំង​ដ៏សំខាន់​សម្រាប់​ការពារ​អធិបតេយ្យ​នៃ​រដ្ឋ​ជា​សមាជិក​, (២)-​ កត្តា​ស្មារតី​សហគមន៍​គឺ​របៀប​នៃ​ការធ្វើ​សេចក្តី​សម្រេចចិត្ត​របស់​អាស៊ាន គឺ​ផ្អែកលើ​គោលការណ៍​កុងសង់ស៊ីស​គឺ​សិទ្ធិ​ស្មើគ្នា​ក្នុង​ការធ្វើ​សេចក្តី​សម្រេចចិត្ត ដោយ​មិន​គិតថា សមាជិក​ចាស់ ឬ​សមាជិក​ថ្មី ឬ​ប្រទេស​អ្នកមាន ឬ​ប្រទេស​អ្នកក្រ​, (៣)- ​កត្តា​សមាហរណកម្ម​តំបន់ ពោល​គឺជា​ស្នូល​នៃ​និម្មាបនកម្ម​តំបន់​ទាំង​ផ្នែក​​នយោបាយ សេដ្ឋកិច្ច និង​សង្គម និង​ (៤)-​ អាស៊ាន​ជា​ច្រកទ្វារ​ការទូត​ដ៏សំខាន់​សម្រាប់​កម្ពុជា​។

ចាប់តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​ ១៩៩៩ ​មក អាស៊ាន​តែងតែ​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​។

រយៈពេល​ ២០ ​ឆ្នាំ​កន្លងមកនេះ​ កម្ពុជា​បាន​ចាប់យក​នូវ​ឱកាស​ជាច្រើន​ពី​សមាជិកភាព​របស់ខ្លួន​នៅក្នុង​អាស៊ាន ហើយ​កម្ពុជា​ក៏បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ផងដែរ​ ក្នុង​ការកសាង​សហគមន៍​អាស៊ាន​និយាយ​ជារួម និង​ការកសាង​សហគមន៍​នយោបាយ​សន្តិសុខ​អាស៊ាន​និយាយ​ដោយឡែក​។

ចាប់តាំងពី​ពេល​ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​ ១៩៩៩ ​មក កម្ពុជា​ធ្លាប់បាន​ធ្វើជា​ប្រធាន​អាស៊ាន​ចំនួន​ ២ ​លើក​រួចមកហើយ គឺ​លើក​ទី​១ ​នៅ​ឆ្នាំ​ ២០០២ និង​លើក​ទី​២ ​នៅ​ឆ្នាំ​ ២០១២ ហើយ​នៅ​ឆ្នាំ​ ២០២២ ខាងមុខនេះ កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​អាស៊ាន​ជាថ្មី​ម្តងទៀត​។ ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ តើ​អ្វី​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ដំណើរការ​កសាង​សហគមន៍​នយោបាយ​សន្តិសុខ​អាស៊ាន​?

តើ​កម្ពុជា​គួរ​ត្រៀមលក្ខណៈ​បែបណាខ្លះ ដើម្បី​ចាប់យក​ឱកាស​ទាំងនោះ​?

ជា​ការពិតណាស់ តួនាទី​ជា​ប្រធាន​អាស៊ាន​អាចជា​មោទនភាព​ផង ហើយក៏​អាចជា​សម្ពាធ​​ផង ជា​ឱកាស​ផង ហើយក៏​អាចជា​បញ្ហា​ប្រឈម​ផងដែរ​។

ក៏ប៉ុន្តែ​ជាបឋម អ្វី​ដែលជា​ឱកាស​សម្រាប់​កម្ពុជា​នៅពេលនេះ គឺជា​ពេលវេលា​ដែល​យើង​អាច​បង្ហាញ​ប្រកបដោយ​ក្តី​មោទនភាព​ថា កម្ពុជា​ដែល​ពី​​មុន​ជា​ប្រទេស​ត្រូវ​ទទួលរង​ការហ៊ុមព័ទ្ធ និង​ឯកោ​ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច ឥឡូវ​បាន​ក្លាយ​ជា​ប្រទេសមួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម​ទៅក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​តំបន់ និង​ពិភពលោក និង​ជា​ប្រទេស​ដែល​កំពុងតែ​ដើរតួនាទី​យ៉ាងសកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ និង​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍​ពហុភាគី​និយម​។

ជាមួយ​គ្នា​នេះដែរ តួនាទី​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ វា​ជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​ពី​សមត្ថភាព​​ខាង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏ធំ​បែបនេះ​។ ប៉ុន្តែ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​គឺជា​រឿង​ដែល​មិនអាច​មើលរំលង​បាន​។

​ប្រសិនបើ​កម្ពុជា​ស្ថិតក្នុង​ចលាចល​ខាង​នយោបាយ និង​ការហែកហួរ​ដោយ​សង្គ្រាម​​គឺ​យើង​ពិតជា​មិនមាន​ឱកាស​ទទួល​ភារកិច្ច​ដ៏ធំ​បែបនេះ​បាន​នោះទេ​។ ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​លើក​មុខមាត់​របស់ខ្លួន ទាំង​វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច ប្រតិបត្តិការ​សន្តិភាព និង​ការងារ​មនុស្សធម៌​អន្តរជាតិ​។

នៅក្នុង​តំបន់​ក៏ដូចជា ពិភពលោក បញ្ហា​ប្រឈម​ខាង​សន្តិសុខ​ជា​ប្រពៃណី និង​មិនមែន​ប្រពៃណី​ជាច្រើន​កំពុង​កើតឡើង​ដូចជា ការប្រកួតប្រជែង​រវាង​មហាអំណាច​,​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​,​ បញ្ហា​ការប្រើប្រាស់​ទឹក​នៅក្នុង​តំបន់​មេគង្គ​,​ ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ និង​បញ្ហា​ការទូត​វ៉ាក់សាំង​,​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​កូវីដ​ ១៩, គ្រោះមហន្តរាយ​ធម្មជាតិ​, ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត,​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, ការជួញដូរ​មនុស្ស​, ជន​បាត់បង់​លំនៅ​ក្នុងស្រុក​,​ ពលករ​ចំណាកស្រុក​,​ ការផ្លាស់ប្តូរ​អាកាសធាតុ ជាដើម​នឹង​បន្ត​ក្លាយ​​ជា​បញ្ហា​ប្រឈម​ដែល​កាន់តែ​ស្មុគស្មាញ​ឡើង​។

បញ្ហា​ទាំងអស់​នេះ​មិនមាន​កំណត់​ព្រំដែន​​ ឬ​ជាការ​ទទួលខុសត្រូវ​ដាច់​ដោយឡែក​របស់​ប្រទេស​ណាមួយ​នោះទេ តែ​វា​ជាការ​ទទួលខុសត្រូវ​រួម​របស់​សហគមន៍​អន្តរជាតិ ដែល​ក្នុងនោះ កម្ពុជា​ក៏​មាន​ចំណែក​មួយ​ក្នុងនោះដែរ​។ ដូច្នេះ​តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ​ខាងមុខ គឺជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ក្នុង​ការរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏ស្មុគស្មាញ​ខាងលើ​។

កម្ពុជា​ដែល​ពីមុន​ល្បី​ថា ជា​វាលពិឃាត​,​ជា​តំបន់​អសន្តិសុខ​, ជា​ចម្ការមីន​ដែល​គេ​ភ័យខ្លាច​គ្រប់គ្នា​, ឥឡូវនេះ​បានក្លាយ​ទៅជា​ «​កោះសន្តិភាព​» ​និង​ជា​តំបន់​ទេសចរណ៍​ប្រកប​ដោយ​ប្រជាប្រិយភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ទទួល​បាន​ភ្ញៀវទេសចរ​រាប់លាន​នាក់​ក្នុង​ ១ ​ឆ្នាំ​។

កម្ពុជាដែល​ពីមុន​ល្បី​ក្នុង​ការប្រើប្រាស់​អាវុធ​ ដើម្បី​ដណ្តើម​អំណាច​គ្នា និង​ក្នុង​ការផ្លាស់ប្តូរ​រដ្ឋាភិបាល ឥឡូវនេះ​បានក្លាយ​ទៅជា​ប្រទេស​មួយ​ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​តាមរយៈ​ការរៀបចំ​យ៉ាង​ទៀងទាត់​នូវ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ជ្រើសតាំង​តំណាង​ដឹកនាំ​ប្រទេស ជា​នីតិរដ្ឋ​ដែល​គោរព​គោលការណ៍​ច្បាប់​ដោយ​​ឥតងាករេ និង​ជា​រដ្ឋ​អធិបតេយ្យ​ដែលមាន​បូរណភាព​ទឹកដី​ពេញលេញ​។​

ទាំងនេះ​ជា​មេរៀន និង​បទពិសោធ​នៃ​ការកសាង​សន្តិភាព ការបង្រួបបង្រួម​ជាតិ និង​ការអនុវត្ត​នយោបាយ​ឈ្នះ-ឈ្នះ ដែល​កម្ពុជា​អាច​ចែករំលែក​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ទៀត​ក្នុងឱកាស​ដែល​កម្ពុជា​​ធ្វើជា​ប្រធាន​អាស៊ាន​នាពេល​​ខាងមុខ​។

ការជំរុញ​ដំណើរ​សមាហរណកម្ម​តំបន់​ពេញលេញ​របស់​អាស៊ាន និង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ខាងក្រៅ​របស់​អាស៊ាន​ជា​កិច្ចការ​ដ៏សំខាន់​ដែល​ប្រធាន​អាស៊ាន​ផ្តោត​ការយកចិត្ត​ទុកដាក់​។ ​ដូច្នេះ​ឆ្នាំ​ ២០២២ ​ខាងមុខនេះ ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការជំរុញ​ការយល់ព្រម​លើ​សមាជិកភាព​របស់​ប្រទេស​ទីម័រ​ខាង​កើតជា​សមាជិក​ទី​ ១១ របស់​អាស៊ាន និង​ការពង្រីក​ដៃគូ​សន្ទនា​ដទៃ​ទៀត​របស់​អាស៊ាន​។

ទន្ទឹមនឹង​នោះដែរ ចុងក្រោយ​ជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​​ពី​សក្តានុពល​នៃ​ការអភិវឌ្ឍ​​ និង​ការទាក់ទាញ​ការវិនិយោគ​​ផ្ទាល់​ពី​បរទេស និង​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​របស់​​ខ្លួន​ប្រសិនបើ​យើង​អាច​រៀបចំ​ប្រជុំ​នានា​ដោយផ្ទាល់​បាន​។

ខាងលើ​ជា​ឱកាស​ខ្លះៗ​ដែល​កម្ពុជា​អាច​ទទួល​បាន​ក្នុង​​ឋានៈ​ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​ ២០២២ ខាងមុខនេះ​។ ប៉ុន្តែ​សំណួរ​សួរថា តើ​កម្ពុជា​គួរ​ត្រៀមលក្ខណៈ​បែបណាខ្លះ​ ដើម្បី​ចាប់​​យក​ឱកាស​ទាំងនោះ​?

ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹង​មាន​ទាំង​ឱកាស​ទាំង​បញ្ហា​ប្រឈម​។ ​ក្នុងន័យ​​នេះ​កម្ពុជា​ត្រូវ​ត្រៀមលក្ខណៈ​ទាំង​ខាងក្នុង និង​ខាងក្រៅ​ឱ្យ​​បាន​គ្រប់គ្រាន់ ​ដើម្បី​ចាប់យក​ឱកាស​ផង និង​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ផង​។ ខាងក្រោម​នេះ ជាការ​ពិចារណា​ខ្លះៗ​អំពី​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​។

ពិត​ហើយ កម្ពុជា​ជា​របស់​យើង​ទាំងអស់​គ្នា មិនមែន​ជា​របស់​រាជរដ្ឋាភិបាល​ ឬ​ស្ថាប័ន​​រដ្ឋ​ណាមួយ​ដាច់ដោយឡែក​នោះទេ​។ ​ភាពជោគជ័យ​ ឬ​បរាជ័យ​របស់​កម្ពុជា​ជា​ការទទួល​ខុសត្រូវ​របស់​យើង​ទាំងអស់​គ្នា​រាប់ទាំង​ប្រជាពលរដ្ឋ​គ្រប់រូប​របស់​កម្ពុជា​ផងដែរ​។ ​

ក្នុងន័យ​​នេះ ជា​ទិដ្ឋភាព​ផ្ទៃក្នុង​គឺ​ត្រូវ​ធានាថា មាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​គាំទ្រ​ដល់​ការទទួល​ធ្វើជា​ប្រធាន​អាស៊ាន​ជា​ប្រវត្តិសាស្ត្រ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​គឺ​ត្រូវ​ត្រៀមលក្ខណៈ​ទាំង​ធនធាន​មនុស្ស​, សម្ភារ​,​ ថវិកា​,​ បច្ចេកទេស​,​ ការងារ​សន្តិសុខ​,​ ការងារ​ពិធីការ និង​បដិសណ្ឋារកិច្ច ជាពិសេស​ការងារ​ឯកសារ​សម្រាប់​បម្រើ​ដល់​កិច្ចប្រជុំ​កំពូល​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​ដែល​​ជា​ការងារ​ដ៏មាន​សារៈ​សំខាន់បំផុត​សម្រាប់​ព្រឹតិ្តការណ៍​នេះ​។

ទន្ទឹមនឹង​នោះដែរ គណបក្ស​​នយោបាយ​នានា គួរតែ​មាន​ជំហរ​រួម​ទៅលើ​គោលបំណង​ និង​អាទិភាព​គោលនយោបាយ​​ការបរទេស​របស់​ជាតិ ដើម្បី​អធិបតេយ្យ បូរណភាព​ទឹកដី​​ និង​ផលប្រយោជន៍​ជាតិ​, ស្ថាប័ន​​សិក្សា​ស្រាវជ្រាវ ធនាគារ​ខួរក្បាល​ជាតិ ក៏ដូចជា អ្នកសិក្សា​ស្រាវជ្រាវ​ដទៃទៀត គួរ​រួម​ចំណែក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការផ្តល់​យុទ្ធសាស្ត្រ និង​អនុសាសន៍​គោលនយោបាយ​នានា​ ដើម្បី​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​នូវ​ផលប្រយោជន៍​ដ៏លើសលប់​ពី​តួនាទី​របស់ខ្លួន​ជា​ប្រធាន​អាស៊ាន​,​ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​តួនាទី​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​អំពី​កម្ពុជា​ជូន​ទៅដល់​សាធារណជន​ទាំង​ក្នុង និង​ក្រៅប្រទេស​,​ អង្គការ​សង្គម​ស៊ីវិល​នានា​ក៏ត្រូវ​រួមចំណែក​លើកកម្ពស់​មុខ​មាត់​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​នេះដែរ ហើយ​ត្រូវ​រួមចំណែក​ផ្តល់​អនុសាសន៍​ក្នុងន័យ​ស្ថាបនា​ដល់​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​ចុងក្រោយ ពលរដ្ឋ​កម្ពុជា​ក៏​មាន​ចំណែក​ក្នុង​ភាពជោគជ័យ​របស់​កម្ពុជា​ផងដែរ ត្រូវ​រៀបចំខ្លួន​ជា​ពលរដ្ឋ​ដែលមាន​វិន័យ ជា​ពលរដ្ឋ​ដែល​មាន​ការទទួល​ខុសត្រូវ​ជា​ពលរដ្ឋ​ប្រកប​ដោយ​​ពុទ្ធិ និង​ជា​ពលរដ្ឋ​ដែល​សកម្ម​។

ជា​ទិដ្ឋភាព​ខាងក្រៅ តំបន់​ និង​ពិភពលោក​កំពុង​ពើបប្រទះ​​បញ្ហា​ប្រឈម​ធំៗ តួយ៉ាង ការប្រកួតប្រជែង​នៃ​ពួក​មហា​អំណាច បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​​ និង​បញ្ហា​ក្នុង​តំបន់​មេគង្គ ក៏​ដូចជា​ការប្រជែង​គ្នា​រវាង​យុទ្ធសាស្ត្រ​​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative -BRI) និង​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​ (Indo-Pacific Strategy) ជាដើម​។ ក្នុងស្ថានភាព​នេះ គឺ​ទាមទារ​ឱ្យ​កម្ពុជា​អនុវត្ត​ការទូត​ស្ងាត់ស្ងៀម និង​ការពិគ្រោះ​យោបល់ ដើម្បី​ស្វែងរក​មូលដ្ឋាន​រួម​សម្រាប់​កិច្ចសហប្រតិបត្តិការ​តំបន់​ក្នុង​ចំណោម​ប្រទេស​នានា​នៅក្នុង​តំបន់​ ដើម្បី​កុំឱ្យ​សមាជិក​អាស៊ាន​បែកបាក់​ដែល​ម្ខាង​រត់ទៅរក​សហរដ្ឋអាមេរិក ម្ខាង​រត់ទៅរក​ចិន ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​។

​ពោលគឺ​ជំរុញ​របៀបវារៈ​ទាំងឡាយ​ណា​ដែល​ចងភ្ជាប់​អាស៊ាន​ជាជាង​បញ្ហា​ដែល​ធ្វើឱ្យ​អាស៊ាន​បែកបាក់ ជាពិសេស​គឺ​រក្សា​សាមគ្គីភាព ឯកភាព និង​អព្យាក្រឹតភាព​អាស៊ាន ​និង​បង្ហាញ​ឱ្យ​ឃើញថា អាស៊ាន​ជា​កម្លាំង​ទប់​ក្នុង​ការគ្រប់គ្រង​ការប្រកួតប្រជែង​អំណាច​រវាង​ចិន និង​សហរដ្ឋអាមេរិក​ ដើម្បី​រក្សា​ និង​គ្រប់គ្រង​ស្ថានភាព​ ឬ​បរិស្ថាន​ដែល​អំណោយផល​ដល់​សន្តិភាព និង​ស្ថិរភាព​ដើម្បី​ទ្រទ្រង់​ការជំរុញ​វិបុលភាព​ក្នុង​តំបន់​។

លើសពីនេះ​ទៀត កម្ពុជា​ត្រូវ​ដាក់ចេញ​នូវ​របៀបវារៈ​ដែល​អាច​ផ្តល់នូវ​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ពលរដ្ឋ​អាស៊ាន​​ ដើម្បី​ឱ្យ​ពលរដ្ឋ​អាស៊ាន​មាន​មោទនភាព និង​ក្តីសង្ឃឹម​សម្រាប់​​អនាគត និង​មាន​ទំនុកចិត្ត​សម្រាប់​សុខុមាលភាព​របស់​មនុស្ស​ជំនាន់ក្រោយ និង​ព្យាយាម​ធ្វើឱ្យមាន​តុល្យភាព​ផងដែរ រវាង​សសរស្តម្ភ​ទាំង ​៣ ​របស់​អាស៊ាន រួមមាន សហគមន៍​នយោបាយ​សន្តិសុខ​, សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​សង្គម វប្បធម៌​។

ក្នុង​ឱកាស​ដ៏ពិសេស​នោះ​កម្ពុជា​គួរ​ផ្តួចផ្តើម​គំនិត​បង្កើត​ «​ក្រុមប្រឹក្សា​ត្រួតពិនិត្យ និង​សម្របសម្រួល​អាស៊ាន​» មួយ​ដែល​ដើរតួនាទី​ជា​ស្ថាប័ន​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​សេចក្តី​ថ្លែងការណ៍ និង​លិខិតូបករណ៍​នានា​របស់​អាស៊ាន ព្រោះ​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​នានា​រាប់មិនអស់ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​ហាក់ដូចជា នៅ​មាន​កម្រិត​នៅឡើយ ហើយ​អាស៊ាន​មិនទាន់​មាន​យន្តការ​អចិន្រៃ្តយ៍ និង​អាណត្តិ​ពេញលេញ​ក្នុង​កិច្ចការ​នេះនោះ​ទេ​។

ទន្ទឹមនឹង​នេះដែរ ក្រុមប្រឹក្សា​នេះ​នឹង​ដើរតួនាទី​ជា​យន្តការ​សម្រាប់​សម្រប​សម្រួល​ ឬ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​នៃ​រដ្ឋ​ជា​សមាជិក ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​ធ្វើ​បុរេសកម្មភាព​ដើម្បី​ទប់ទល់​ការជ្រៀតជ្រែក​ពី​មហាអំណាច​ខាងក្រៅ​។

ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា​គួរ​បង្កើត​ក្រុមការងារ​ពិសេស​មួយ​ ដើម្បី​ធ្វើការ​ជាមួយ​បណ្តា​គូ​ជម្លោះ​នៅ​មីយ៉ាន់ម៉ា​ដោយ​ស្ងាត់ស្ងៀម ឬ​ការទូត​ទ្វារ​ក្រោយ​ ដើម្បី​ចែករំលែក​មេរៀន និង​បទពិសោធ​នៃ​ការកសាង​សន្តិភាព​ និង​ការអនុវត្ត​នយោបាយ​ឈ្នះ-ឈ្នះ សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា ហើយ​វា​ក៏​ជា​ឱកាស​ដើម្បី​បង្ហាញថា កម្ពុជា​មាន​សមត្ថភាព​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូចគ្នា​។ ​

ការជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា មិនមែន​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នេះ​នោះទេ ប៉ុន្តែ​ជា​ការបង្ហាញ​សាមគ្គីភាព​អាស៊ាន​ និង​ការជួយ​គ្នា​ទៅវិញ​ទៅមក​ដោយ​ឈរលើ​ការគោរព​អធិបតេយ្យ​គ្នា​ទៅវិញ​ទៅមក​។

កម្ពុជា​ត្រូវ​បន្ត​លើកកម្ពស់​តួនាទី​ និង​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​តាមរយៈ​ការជំរុញ​បន្ថែមទៀត​នូវ​ដំណើរការ​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន ដែល​ជា​ផ្នែក​មួយ​នៃ​ការទូត​សាធារណៈ​របស់​កម្ពុជា ដែល​​ជា​ប្រទេស​ធ្លាប់​រងគ្រោះ​ដោយសារ​មីន​ទៅ​ជា​ប្រទេស​ដែលមាន​សកម្មភាព​លេចធ្លោ​ក្នុង​ការបោសសម្អាត​មីន​, ចូលរួម​យ៉ាងសកម្ម​ថែមទៀត​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព និង​ការងារ​មនុស្សធម៌​អន្តរជាតិ​,​ការប្រកាន់​ខ្ជាប់​នូវ​នីតិរដ្ឋ អភិបាលកិច្ច​ល្អ គោលការណ៍​ប្រជាធិបតេយ្យ ក៏ដូចជា ការលើកកម្ពស់​នូវ​ការគោរព និង​ការការពារ​សេរីភាព សិទ្ធិមនុស្ស និង​ការលើកកម្ពស់​យុត្តិធម៌​សង្គម​ជាដើម ដើម្បី​កសាង​មុខមាត់ និង​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​។

កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​សកម្មភាព​ចាប់ពី​ពេល​នេះ​តទៅ​ក្នុង​ការជំរុញ​ការគាំទ្រ​ការបញ្ចូល​សមាជិកភាព​ប្រទេស​ទីម័រ​ខាងកើត​ទៅក្នុង​អាស៊ាន​។

ទីម័រ​ខាង​កើតជា​រដ្ឋ​មួយ​ដូច​កម្ពុជា​ដែរ​ដែល​បាន​ឆ្លងកាត់​ជម្លោះ និង​អំពើ​ប្រល័យពូជសាសន៍​ពី​អតីតកាល កម្ពុជា​បាន​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​ការចូល​របស់​ទីម័រ​ខាងកើត​ទៅក្នុង​អាស៊ាន​។ ​ក្នុង​នាម​ជា​សមាជិក​ចុងក្រោយ​របស់​អាស៊ាន កម្ពុជា​បាន​​ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​ពី​​សមាជិកភាព​របស់ខ្លួន​នៅក្នុង​អាស៊ាន​។

ដូច្នេះ​វា​ជា​កាតព្វកិច្ច​របស់​​កម្ពុជា​ក្នុង​ការគាំទ្រ និង​ជួយ​ដល់​ទីម័រ​ខាងកើត​ក្នុង​ការចូល​ជា​សមាជិក​អាស៊ាន​ដើម្បី​ធ្វើឱ្យ​សមាហរណកម្ម​តំបន់​អាស៊ាន​មាន​លក្ខណៈ​ពេញលេញ​។ ​ទន្ទឹម​នឹងនោះ កម្ពុជា​ក៏ត្រូវ​ជំរុញ​ការពង្រីក​ដៃគូ​សហប្រតិបត្តិការ​ខាងក្រៅ​របស់​អាស៊ាន ដើម្បី​ផលប្រយោជន៍​អាស៊ាន​ផង និង​ដើម្បី​តុល្យភាព​ផង​។

កម្ពុជា​ត្រូវ​បន្តធ្វើ​ពិពិធកម្មការ​ទូត​ជា​យុទ្ធសាស្ត្រ​គាំទ្រ​គោលការណ៍​ពហុភាគី​និយម​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​មហាអំណាច​ទាំងអស់ ពង្រឹង​តួនាទី​សំខាន់​របស់​អាស៊ាន​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ទំនាក់ទំនង​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់ និង​លើកកម្ពស់​សន្តិភាព​តាមរយៈ​ការសន្ទនា និង​ការចរចា​។

ប្រទេស​កម្ពុជា​ត្រូវតែ​ប្រកាន់​ជំហរ​អព្យាក្រឹត​ដាច់ខាត​ចំពោះ​ជម្លោះ និង​អធិបតេយ្យភាព​អន្តរជាតិ​។ ​កម្ពុជា​​ក៏​អាច​ដើរតួ​ជា​មេអណ្តើក​ក្នុង​ការសម្របសម្រួល​បន្ធូរបន្ថយ​កម្ដៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។

ចុងក្រោយ ទន្ទឹមនឹង​កិច្ចប្រជុំ​នានា កម្ពុជា​គួររៀបចំ​វេទិកា​ធុរកិច្ច​ និង​វិនិយោគ​ដើម្បី​បង្ហាញ​សក្តានុពល និង​ភាពទាក់ទាញ​របស់​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដែល​ស្រប​នឹង​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​។

ប៉ុន្តែ​ដើម្បី​ធានា​ឧត្តមភាព​ប្រកួតប្រជែង​របស់ខ្លួន​កម្ពុជា​ចាំបាច់​ត្រូវ​បន្តធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​ទៅលើ​ស្ថាប័ន​របស់​រដ្ឋ​,​ បន្ត​ពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ដែល​អាច​កាត់បន្ថយ​ថ្លៃ​សេវា​ដឹកជញ្ជូន និង​ថ្លៃដើម​ចង្វាក់​ផលិតកម្ម​, ​ការផ្គត់ផ្គង់​អគ្គិសនី និង​ទឹក​ក្នុងតម្លៃ​ទាប​,​ កាត់បន្ថយ​ ឬ​លុបបំបាត់​ការិយាធិបតេយ្យ​ក្នុង​នីតិវិធី​វិនិយោគ​ និង​ចុងក្រោយ​គឺ​ពង្រឹង​អភិវឌ្ឍ​ធនធាន​មនុស្ស​ ដើម្បី​ធានាថា កម្ពុជា​មាន​កម្លាំង​ពលកម្ម​ជំនាញ​ និង​ពាក់កណ្តាល​ជំនាញ​សម្រាប់​បំពេញ​តម្រូវការ​ទីផ្សារ​ទាំង​ក្នុងស្រុក តំបន់ និង​អន្តរតំបន់​។

ជារួម​ទៅ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹង​អាច​ទទួលបាន​នូវ​ឱកាស​យ៉ាងច្រើន​ក្នុង​ការបង្ហាញ​មុខមាត់ និង​កិត្យានុភាព​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ និង​សមត្ថភាព​ក្នុង​ការរួមចំណែក​ដោះស្រាយ​បញ្ហា​តំបន់ និង​អន្តរជាតិ និង​ជា​មោទនភាព​ដ៏ធំធេង​របស់​កម្ពុជា​ដែល​បានទទួល​តួនាទី​ដ៏ត្រចះត្រចង់​នេះ​។ ​

ប៉ុន្តែ​ភាពជោគជ័យ​ ឬ​បរាជ័យ​របស់​កម្ពុជា វា​អាស្រ័យ​លើ​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា ទាំង​កិច្ចការ​ខាងក្នុង​ និង​កិច្ចការ​ខាងក្រៅ និង​ការចូលរួម​ដោយ​ស្មារតី​គិតគូរ​ផលប្រយោជន៍​ជាតិ​ខ្ពស់​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​ពី​គ្រប់​សមាសភាព​សង្គម​កម្ពុជា​រាប់​ចាប់ពី​គណបក្ស​នយោបាយ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ ធនាគារ​ខួរក្បាល​ជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន អង្គការ​សង្គម​ស៊ីវិល អ្នកសិក្សា​ស្រាវជ្រាវ និង​ពលរដ្ឋ​កម្ពុជា​ទូទៅ​ដែល​ម្នាក់ៗ​សុទ្ធតែមាន​ចំណែក​ចំពោះ​ភាពជោគជ័យ​ ឬ​បរាជ័យ​នៃ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នេះ​៕

គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា