វាមិនមែនជាអាថ៌កំបាំងថា តើនារីមានគុណសម្បត្ដិអ្វីខ្លះដែលបុរសប្រាថ្នាចង់បានជាភរិយានោះទេ។ ក្រៅពីភាពស្មោះត្រង់ និងការយកចិត្ដទុកដាក់ចំពោះគ្នាបុរសត្រូវការកត្ដាមួយចំនួនទៀតពីភរិយារបស់ខ្លួន។ ការស្រាវជ្រាវមួយបានបង្ហាញថាបុរសដែលស្វែងរកភរិយាត្រូវចិត្ដ មិនសូវគិតគូររឿងភារកិច្ចចង្ក្រានជើងឆ្នាំងប៉ុន្មានទេ។ ខាងក្រោមនេះជាកត្ដារួមចំណែកមួយចំនួន ដែលបុរសត្រូវការពីនារីជាភរិយា។
១. ការពឹងពាក់
បុរសប្រហែលជាត្រូវការនារីដែលពួកគេអាចពឹងអាស្រ័យបានទាំងកត្ដាផ្លូវចិត្ដ រាងកាយ និងថែមទាំងហិរញ្ញវត្ថុទៀតផង។ បុរសលែងស្ថិតក្នុងរជ្ជកាលដែលពួកគេត្រូវតែជាអ្នកផ្គត់ផ្គង់ក្នុងគ្រួសារតែម្នាក់ឯងទៀតហើយ តែពួកគេត្រូវការភរិយាចេះចូលរួមចំណែកទទួលខុសត្រូវក្នុងផ្ទះសំបែង។
២. ភាពចាស់ទុំខាងចិត្ដគំនិត
នារីចរិតមិននឹងធឹងមិនអាចគាប់ចិត្ដបុរសបានយូរអង្វែងទេ។ ពេលភាគីបុរសគិតពីរឿងអាពាហ៍ពិពាហ៍ ពួកគេមានគំនិតចង់រស់នៅជាមួយនារីដែលមានភាពចាស់ទុំផ្នែកចិត្ដគំនិត។ អ្នកដែលមិនអាចដោះស្រាយ និងធ្វើការសម្រេចចិត្ដលើកិច្ចការលំបាកនៅក្នុងវ័យអាចរៀបការបាន មិនមែនជាភរិយាល្អឡើយ។
៣.ប្រវត្ដិការអប់រំល្អ
បុរសផ្ដល់ភាពទាក់ទាញទៅលើនារី ដែលជាមនុស្សវៃឆ្លាតនិងមានប្រវត្ដិការអប់រំជ្រៅជ្រះ។ ពួកគេប៉ងប្រាថ្នាលើនារីដែលមានអាជីពការងារល្អមានការសិក្សាខ្ពស់ និងមិនមែនត្រឹមតែចេះការងារចង្ក្រានជើងឆ្នាំងឡើយ។
៤. មានទំនាក់ទំនងក្នុងសង្គមល្អ
តើនរណាមិនចង់ឱ្យដៃគូ និងខ្លួនឯងចូលរួមក្នុងកម្មវិធីសប្បាយៗនៅខាងក្រៅ? បុរសស្រឡាញ់នារីដែលអាចចុះសម្រុងល្អក្នុងសង្គមជាមួយអ្នកដទៃ ជជែកលេងសើច និងរាប់អានមិត្ដភក្ដិទូលំទូលាយ។ បុរសចូលចិត្ដសម្ញែងភរិយាខ្លួនដែលអាចបង្កើតការប្រាស្រ័យទាក់ទងល្អគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ។
៥. សុខភាពល្អ
បុរសប្រាថ្នាភរិយាដែលចេះគិតគូរពីសុខភាពខ្លួនឯង។ ការធ្វើលំហាត់ប្រាណ ឬយោគៈ គឺជាវិធីថែរក្សាសុខភាព និងរបៀបរបបនៃការរស់នៅល្អ ដែលស្ទួយទាំងសុខភាពទំនាក់ទំនងក្នុងជីវិតទំនើបថែមទៀតផង។
៦. មហិច្ឆតា
បុរសប្រាថ្នាភរិយា ដែលមានភាពហ្មត់ចត់ចំពោះក្ដីស្រមៃនិងមហិច្ឆតារបស់ខ្លួន។ បុរសចង់បានការគាំទ្រពីភរិយារបស់ខ្លួន បើពួកគេត្រូវរត់ប្រដេញក្ដីសុបិន។ បុរសចង់បានភរិយាមានមហិច្ឆតាខ្ពស់ជាងខ្លួន ហើយបើអាចកាន់តែខ្ពស់ខ្លាំង រឹតតែប្រសើរ៕ HR