ក្រុងញូវយ៉ក៖ វិបត្ដិកូវីដប៉ះពាល់ជីវិតមនុស្សគ្រប់ទិដ្ឋភាព រួមទាំងចំណង់ផ្លូវភេទផងដែរ។ បើអ្នកមើលឃើញថា ចំណង់ផ្លូវភេទធ្លាក់ចុះ អ្នកជំនាញសុខភាពផ្លូវភេទបាននិយាយថា អ្នកមិនឯកោនោះទេ។
ទោះបីជាចំណង់ផ្លូវភេទទាបខ្ពស់អាចបណ្ដាលមកពីបុគ្គលម្នាក់ៗ និងបញ្ហាសុខភាពរៀងៗខ្លួនយ៉ាងណាក៏ដោយ ក៏ជាក់ស្ដែង វិបត្តិកូវីដកំពុងចូលរួមចំណែកយ៉ាងសំខាន់មួយផងដែរ។
លទ្ធផលសិក្សាលើពលរដ្ឋអាមេរិក ៣ ពាន់នាក់បានរកឃើញថា មនុស្សភាគច្រើនមិនព្យាយាមចាប់យកជម្រើសសិច ដើម្បីជួយដោះស្រាយបញ្ហាស្ដ្រេស និងបារម្ភទាក់ទងនឹងជំងឺកូវីដនេះទេ។
ការសិក្សាលើមនុស្ស ៤៥៩ នាក់ផ្សេងទៀតក្នុងប្រទេសចិន ដែលចុះផ្សាយក្នុងព្រឹត្ដិបត្រ Sexual Medicine បានរកឃើញថា ម្នាក់ក្នុងចំណោម ៤ នាក់ បានជួបបទពិសោធធ្លាក់ចំណង់ផ្លូវភេទទាក់ទងនឹងវិបត្ដិកូវីដពេលមានការបិទខ្ទប់ខ្លាំងក្នុងខែមីនា។
អ្នកចូលរួមក្នុងការសិក្សាប្រមាណ ៣៧ ភាគរយបានរាយការណ៍ពីការធ្លាក់ចុះចំណង់ផ្លូវភេទ ខណៈបុរស ៣២ ភាគរយ និងស្ដ្រី ៣៩ ភាគរយអះអាងថា ខ្លួនថមថយកាមតម្រេក។
មូលហេតុដែលវិបត្តិកូវីដអាចប៉ះពាល់ចំណង់ផ្លូវភេទ
លោក Ian Kerner អ្នកជំនាញព្យាបាលផ្លូវចិត្ដក្នុងចំណងអាពាហ៍ពិពាហ៍ និងគ្រួសារក៏ជាអ្នកឯកទេសផ្លូវភេទក្នុងទីក្រុងញូវយ៉ក និងជាអ្នកនិពន្ធ She Comes First បានមើលឃើញពីការធ្លាក់ចុះទាំងបញ្ហាសិច និងចំណង់ផ្លូវភេទជាមួយដៃគូ តាំងពីចាប់ផ្ដើមផ្ទុះរោគរាតត្បាតនេះ។ សំខាន់ត្រូវដឹងថា ទោះបីជាគ្មានវិបត្ដិកូវីដ ក៏ដូចជាបញ្ហាសង្គម និងនយោបាយយ៉ាងណាក៏ដោយ ក៏ចំណង់ផ្លូវភេទអាចប្រែប្រួលផងដែរ។
លោក Kerner និយាយថា៖ «ខ្ញុំគិតថា យើងរមែងយល់ថា ចំណង់ផ្លូវភេទរមែងមានភាពស្ថិតស្ថេរ ហើយវាមិនមានចីរភាពនោះទេ។ វាជាមុខងារដំណើរការដោយមានកត្ដាចូលរួមជាច្រើន»។
យោងតាមលោកវេជ្ជបណ្ឌិត បានឱ្យដឹងថា បញ្ហាផ្សេងៗដែលជំរុញឱ្យចំណង់ផ្លូវភេទធ្លាក់ចុះ រួមមាន អាយុ ការប្រើប្រាស់ឱសថ ជក់បារី និងគ្រឿងស្រវឹងជាទម្លាប់ ជំនឿចិត្ដ រូបរាងកាយ និងទំនាក់ទំនងបច្ចុប្បន្នជាមួយដៃគូរួមភេទ។ ទាំងអស់នេះ ធ្វើឱ្យប៉ះពាល់ដល់ថាមពលផ្លូវភេទទោះមាន ឬមិនមានវិបត្ដិកូវីដ។
ស្ដ្រេស និងអារម្មណ៍ក្រេវក្រោធ
ចាប់ពីបញ្ហាជីវសាស្ដ្រ វិបត្ដិកូវីដសកលបានបង្ហាញសញ្ញាណអវិជ្ជមានថា វាមិនមែនជាវេលាសុវត្ថិភាព និងស្ថិរភាពក្នុងការពពោះឡើយ។ នេះយោងតាមអ្នកជំនាញផ្នែកអាពាហ៍ពិពាហ៍ និងគ្រួសារ អ្នកស្រី អាលីស រូប៊ីបាស មកពីទីក្រុងម៉ាលីប៊ូ រដ្ឋកាលីហ្វ័រនីញ៉ា។
អ្នកស្រីបាននិយាយថា៖ «សរុបមក លុះតែអ្នកស្ថិតក្នុងដំណាក់កាលនៃរាត្រីទឹកឃ្មុំជាមួយដៃគូ ឬមានអារម្មណ៍ត្រេកត្រអាលខ្លាំងចង់រួមភេទ សល់ពេលចំណង់ផ្លូវភេទហាក់មានការប្រែប្រួលហើយ»។
ស្ដ្រេស ភាពក្រេវក្រោធ និងជំងឺធ្លាក់ទឹកចិត្ដអាចកាត់បន្ថយចំណង់។ វិបត្ដិកូវីដបានក្លាយជាដើមចមសំខាន់មួយលើកត្ដាទាំង ៣ ចាប់ពីភាពភ័យខ្លាចតាំងពីថ្ងៃការផ្ទុះឡើងនៃជំងឺដំបូងរហូតដល់ស្ដ្រេសក្រោមសម្ពាធនៃវិធានការរបស់រដ្ឋអំណាច បន្ថែមដោយព័ត៌មានបុកពោះស្ទើរតែរៀងរាល់ថ្ងៃទៀត។
ការរស់នៅជុំគ្រួសារ
អ្នកខ្លះរើមករួមរស់ជាមួយក្រុមគ្រួសារវិញ ដើម្បីរង់ចាំដល់ចប់កូវីដ ដែលជារនាំងឱកាសនៃការរួមភេទផងដែរ។ ថ្វីដ្បិតតែរស់នៅជុំគ្នាអាចជួយធានាលុយក្នុងកាបូប តែវាអាចបង្កការលំបាកដល់ជីវភាពលើគ្រែ។
ដូចលោកវេជ្ជបណ្ឌិត Kerner ពន្យល់ថា ប្ដីប្រពន្ធជាច្រើនគូអាចមានអារម្មណ៍ថា ពួកគេគ្មានឯកជនភាពដូចកាលគ្រានៅផ្ទះខ្លួនឯង។ អ្នកខ្លះត្រូវដោះស្រាយការរំខានជាមួយកូនៗ ឬមនុស្សចាស់នៅផ្ទះថែមទៀត។
ខ្វះភាពសម្បូរបែប
ធាតុផ្សំធំមួយនៃសកម្មភាពលើគ្រែគឺអ្វីដែលបានកើតឡើងក្រៅបរិវេណគ្រែដេកផងដែរ។ មនុស្សជាច្រើនគ្មានឱកាសបង្កើតភាពរ៉ូមេនទិកនៅខាងក្រៅ និងពង្រឹងនូវចំណងស្នេហាក្នុងការជំរុញដល់ផ្លូវអារម្មណ៍ ឬចំណង់។
លោក Kermer បានបន្ដថា៖ «សេចក្ដីស្រឡាញ់ និងចំណង់ផ្លូវចិត្ដហាក់បីដូចជាថាមពលជីវិត និងថាមពលកាមតម្រេក ហើយមនុស្សជាច្រើនមិនបានប្រើអានុភាពរបស់ខ្លួនអស់នោះទេ»។
អត់សូវធ្វើលំហាត់ប្រាណ តែសម្ញែងខោកីឡា។ ថ្វីដ្បិតតែវាគ្មានអ្វីខុសចំពោះបញ្ហានេះយ៉ាងណាក៏ដោយ ក៏វាអាចធ្វើឱ្យប៉ះពាល់ដល់ចំណង់អ្នកដែរ។
ខ្វះឱកាសរួមភេទ
អ្នកដែលនៅលីវអាចមានអារម្មណ៍ឯកា កណ្ដោចកណ្ដែង និងបារម្ភពីការរកដៃគូ ក៏ដូចជាសម្ព័ន្ធមេត្រីភាពអំឡុងពេលវិបត្ដិកូវីដនេះ។ ទោះបីជាអ្នកនៅលីវអាចមិនសូវមានឱកាសរួមភេទ នោះមិនមែនមានន័យថា ចំណង់របស់ពួកគេធ្លាក់ចុះឡើយ។
លោក Kerner បានយាយថា៖ «បើអ្នកនៅលីវ ហើយអ្នកធ្លាប់សេពគប់ដៃគូស្នេហា អ្នកប្រហែលជាត្រូវធុញថប់ខ្លាំង»។ មិនមែនមានន័យថា មានដៃគូរួមភេទច្រើនអាចបញ្ចប់ថា ជាបុគ្គលមានចំណង់ផ្លូវភេទខ្ពស់នោះទេ វាគ្រាន់តែជាការបំពេញសេចក្ដីត្រូវការជាមួយដៃគូប៉ុណ្ណោះ៕ HR