ភ្នំពេញ: ការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ៣ លានតោន ត្រឹមពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២០ ខណៈកសិករបានអះអាងពីតម្រូវការទីផ្សារល្អក្នុងពេលប្រមូលផលកន្លងមក ទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ កំពុងបន្តក៏ដោយ។
ទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា គិតត្រឹមថ្ងៃទី ១១ ខែកញ្ញា កម្ពុជាបាននាំចេញផលិតផលកសិកម្មសម្រេចបានចំនួន ៣ ០៣៩ ០៣០ តោន ដែលមានភាពប្រកៀកប្រកិតគ្នានឹងរយៈពេល ៩ ខែពេញនៃឆ្នាំ ២០១៩ ដែលមានចំនួន ៣ ០៦៥ ៥៥៥ តោន។
ផលិតផលកសិកម្មនាំចេញសំខាន់ៗរួមមាន អង្ករ ដំឡូងមី ម្រេច កៅស៊ូ ផ្លែស្វាយស្រស់ ចន្ទី ចេក ពោត សណ្តែកសៀង បន្លែ និងថ្នាំជក់ ជាដើម។
របាយការណ៍នោះបានបង្ហាញថា ការនាំចេញអង្ករសម្រេចបាន ៤៦៣ ៨០៥ តោន ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមីជាង ១,៧ លានតោន គ្រាប់ស្វាយចន្ទី ២០២ ២០៧ តោន ចេកអំបូងលឿងស្រស់ ២១៣ ៤៨៦ តោន ស្វាយស្រស់ និងដំណាប់ស្វាយ ៥៦ ៥៩០ តោន ម្រេច ៣ ៩៥៩ តោន ដូងប្រេង ៤១ ៩៧០ តោន ថ្នាំជក់ ៥ ៣៧៦ តោន។
ការនាំចេញគ្រាប់សណ្តែកបាយសម្រេចបាន ៣ ៨៧៦ តោន គ្រាប់ពោត ១៩៣ ៦៦០ តោន បន្លែ ៨៤ តោន ដំឡូងជ្វា ២ ៨៦៥ តោន ម្ទេសស្រស់ និងម្ទេសក្រៀម ៥២ ៦២១ តោន ក្រូចត្លុង ១៥ ១៥០ តោន និងផលិតផលផ្សេងៗទៀតចំនួន ៥៥ ៤២០ តោន។
ប្រទេសដែលនាំចូលផលិតផលកសិកម្មពីកម្ពុជាដូចជា ប្រទេសថៃ វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា ស្រីលង្កា អូស្ត្រាលី ប៉ាគីស្ថាន រុស្សី បារាំង បែលហ្ស៊ិក អ៊ីតាលី ឆែក ក្រូអាស៊ី ស្វ៊ីស ហូឡង់ អាល្លឺម៉ង់ អាមេរិក អង់គ្លេស បេឡារុស នូវែលសេឡង់ ស៊ុយអែត ក្រិក និងហុងគ្រី។
លោក សួន សុផល ជាកសិករដាំពោតក្រហមលើផ្ទៃដីជាង ២ ហិកតានៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោកបានប្រមូលផលពោតក្រហមលើកទី ១ រួចរាល់ហើយដោយទទួលបានទិន្នផលចន្លោះពី ៨ ទៅ ១០ តោន ពីទំហំដី ២ ហិកតានោះ ដោយឈ្មួញកណ្តាលមកកក់ទិញទាំងអស់សម្រាប់លក់បន្តទៅឲ្យឈ្មួញមកពីប្រទេសថៃ និងវៀតណាម។
លោកនិយាយថា៖ «តម្លៃពោតក្រហមឆ្នាំនេះប្រហាក់ប្រហែលឆ្នាំមុនដែរគឺចន្លោះពី ៧៥០ រៀលទៅ ៨០០ រៀល ក្នុង ១ គីឡូ»។
តាមកសិកររូបនេះពោតក្រហមត្រូវប្រមូលផលចំនួន ២ លើកគឺ លើកទី ១ ចាប់ពីចុងខែមិថុនា ដល់ខែសីហា និងលើកទី ២ ចាប់ពីចុងខែតុលា ដល់ខែកុម្ភៈ។
លោក Sebastien Lesieur អគ្គនាយកក្រុមហ៊ុន Farm Link Ltd ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញផលិតផលពីម្រេចប្រាប់ភ្នំពេញប៉ុស្តិ៍កន្លងមកថា ក្រុមហ៊ុនលោកបាននាំចេញម្រេចកំពតដែលផលិតផលសម្គាល់ភូមិសាស្ត្រ (GI) សម្រេចបានប្រមាណ ១០ តោន ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២០ ដែលទីផ្សារសំខាន់គឺសហគមន៍អឺរ៉ុបរួមមាន ប្រទេសអេស្ប៉ាញ បារាំង និងអាល្លឺម៉ង់ ជាដើម។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងជំរុញផលិតកម្មស្បៀងនៅក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលស្បៀងនៅក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែការទប់ស្កាត់ក៏ប្រឈមឧបសគ្គដែរ។
លោកថ្លែងថា៖ «ក្រសួងកត់សម្គាល់ឃើញថាមានបុគ្គលមួយចំនួនតូចបាននិងកំពុងជួយការពារឈ្មួញមួយចំនួនតូចក្នុងការនាំចូលផលិតផលកសិកម្មពីខាងក្រៅ ប៉ុន្តែករណីនេះក្រសួងកំពុងខិតខំធ្វើការទប់ស្កាត់យ៉ាងយកចិត្តទុកដាក់»។
បើយោងតាមលោក សាខុន ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃ ១ ៥០០ លានដុល្លារ កាលពីឆ្នាំ ២០១៩ កើនពីជិត ១ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៣។
យោងតាមទិន្នន័យពីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទប្រទេសកម្ពុជាបានចេញផលិតផលកសិកម្មចំនួន ៦១ មុខទៅ ៥៩ ប្រទេស ដោយអង្ករជាផលិតផលលេចធ្លោក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ៕ LA