ភ្នំពេញៈ កម្ពុជា​គ្រោង​នឹង​សាងសង់​ខ្សែបណ្តាញ​រង​បញ្ជូន​អគ្គិសនី​ដែលមាន​ប្រវែង​ជិត ៣ ០០០ ​គីឡូម៉ែត្រ​ដើម្បី​ឲ្យ​គ្របដណ្តប់​គ្រប់​ភូមិ​ទាំងអស់​នៅ​ទីជនបទ ដោយ​គម្រោង​នេះ​មាន​តម្លៃ​ប្រមាណ ៨២ ​លាន​ដុល្លារ​ជា​កម្ចី​ពី​រដ្ឋាភិបាល​ចិន​។

ការបង្ហើប​ពី​គម្រោង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ការអនុវត្ត​ផែនការ​សកម្មភាព​ក្នុង​ការបង្កើត​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន រវាង​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​សហប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិន​ជាមួយ​ភាគី​ចិន​ដឹកនាំ​ដោយ​លោក វ៉ាង យី តាមរយៈ​វីដេអូ ខន ហ្វឺរិន​កាលពី​សប្តាហ៍​មុន​។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ដែល​បាន​ចូល​កិច្ចប្រជុំ​នេះ​បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​របស់​កម្ពុជា​គឺ​មាន​គម្រោង​ចាំបាច់ និង​អាទិភាព​ ១ គឺ​គម្រោង​ពង្រីក​បណ្តាញ​អគ្គិសនី​ភាវរូបនីយកម្ម​ជនបទ​ជំហាន​ទី​ ៧​។

លោក​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​នឹង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​រង​អគ្គិសនី​តង់ស្យុង ២២ ​គីឡូវ៉ុល និង ៣៥ ​គីឡូវ៉ុល​ដែល​មាន​ប្រវែង​សរុប ២ ៩៧០ ​គីឡូម៉ែត្រ​នឹង​គ្របដណ្តប់​លើ​ភូមិ​ចំនួន ១៣៣ ក្នុង​ខេត្ត​ចំនួន ១៤ រួមមាន ឧត្តរមានជ័យ សៀមរាប ក្រចេះ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ស្ទឹងត្រែង តាកែវ និង​ខេត្តកំពត​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ថ្ងៃអាទិត្យ​ថា បច្ចុប្បន្ន​ការសាងសង់​បណ្តាញ​តង់ស្យុង​ខ្ពស់​របស់​កម្ពុជា​បាន​គ្របដណ្តប់​គ្រប់ ២៥ ​ខេត្ត​ក្រុង​ហើយ ប៉ុន្តែ​នៅ​មិនទាន់​មាន​បណ្តាញ​រង​ភ្ជាប់​ទៅដល់​ទីជនបទ ដូច្នេះ​គម្រោង​នេះ​នឹង​ជួយ​បំពេញ​កង្វះ​ថាមពល​អគ្គិសនី​ចំនួន ២ ​ភាគរយ​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

លោក​បន្តថា តាម​ផែនការ​គម្រោង​នេះ​នឹងមាន​ទឹកប្រាក់​ប្រមាណ ៨២ ​លាន​ដុល្លារ ដែល​ជា​សម្បទាន​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​សម្រាប់​វិស័យ​ថាមពល​របស់​កម្ពុជា ដោយ​នឹង​ចុះហត្ថលេខា​នៅ​ខែក្រោយ​នេះ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ទៅ​តាម​ផែនការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ​ទីក្រុង​ប៉េកាំង​ក្នុង​រង្វង់​ខែសីហា ដែល​នឹង​មាន​ការចុះ​ហត្ថលេខា​លើក​ម្ចី​នេះ​។ គម្រោង​នេះ​នឹង​ជួយ​ពង្រីក​បណ្តាញ​អគ្គិសនី​ដល់​ទីជនបទ​គ្រប់​ភូមិ​ទាំងអស់​»​។

លោក ហោ ណាំហុង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ​កាល​សប្តាហ៍​មុន​ថា គម្រោង​សម្បទាន​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ចិន​នឹង​ជួយ​ដល់​គម្រោង​បន្ទាន់​ចំនួន​ ៨ នៅ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។ គម្រោង​ទាំងនោះ​រួមមាន ការតភ្ជាប់​បណ្តាញ​អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អណ្តូងទឹក និង​ស្រះទឹក ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡសម្ងួត ព្រម​ទាំង​កសាង​មន្ទីរពេទ្យ​នៅ​តាម​ទីជនបទ​ផង​ដែរ​។

លោក​ថ្លែងថា​៖ «​ក្រោយពី​ប្រជុំ​នេះ ភាគី​ចិន​បាន​ឆ្លើយ​យល់ព្រម​តាម​សំណើ​យើង​ទាំងអស់ ហើយ​ភាគី​ចិន​បាន​ធ្វើជា​បញ្ជី​ការងារ​ភ្លាមៗ​សម្រាប់​ធ្វើ​ការងារ​រួមគ្នា​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​យើង​»​។

លោក​បន្តថា​៖ «​សម្បទាន​ហិរញ្ញប្បទាន​ជា​ប្រាក់​យន់​របស់​ចិន និង​ដុល្លារ សរុប​ទាំងអស់​មាន ៨ ​គម្រោង​សម្រាប់​ឆ្នាំ​ ២០២០-២០២៥​។ ក្នុងនោះ​ភាគី​ចិន​នឹង​ជួយ​លើ​គម្រោង​តភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅ​ជនបទ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​យើង​»៕ LA