ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃអង្គារនេះថា ក្រសួងពុំទាន់បានទទួលការស្នើសុំណាមួយពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី TESLA របស់សហរដ្ឋអាមេរិកបោះទីតាំងនៅកម្ពុជានៅឡើយទេ។
ការអះអាងរបស់មន្ត្រីអ្នកនាំពាក្យរូបនេះធ្វើឡើងប៉ុន្មានថ្ងៃក្រោយមានការផ្ទុះការចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទិនទៅនឹងវត្តមានរបស់ការិយាល័យតាំងបង្ហាញ (Showroom) ដោយមានដាក់រូបរថយន្ត Tesla នេះនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ បានថ្លែងថា៖ «ចំពោះករណីដែលលេចឮព័ត៌មានក្នុងសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មានថា ក្រុមហ៊ុន TESLA ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានមកបោះទីតាំងនៅកម្ពុជា ដោយមានការលើកស្លាកសញ្ញា TESLA នៅទីតាំងតាមមហាវិថីសហព័ន្ធរុស្សី ជាដើម។ តាមការពិនិត្យជាក់ស្តែងក្នុងបញ្ជីពាណិជ្ជកម្ម ក្រុមហ៊ុន TESLA របស់មហាសេដ្ឋី Elon Musk មិនទាន់មាននៅក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងនៅឡើយទេ»។
«ចំពោះអ្នកទទួលសិទ្ធិផ្តាច់មុខក្នុងការចែកចាយលក់រថយន្ត TESLA នេះ ក្រសួងក៏បានពិនិត្យបញ្ជីទទួលតម្កល់សិទ្ធិផ្តាច់មុខខាងកម្មសិទ្ធិបញ្ញាដែរ ហើយបានរកឃើញថា ពុំទាន់មានបុគ្គល ឬក្រុមហ៊ុនណាបានទទួលសិទ្ធិផ្តាច់មុខ និងបានយកមកតម្កល់នៅក្រសួងពាណិជ្ជកម្មនៅឡើយទេចំពោះទំនិញម៉ាក TESLA នេះ»។ នេះបើយោងតាមការអះអាងរបស់លោក សុវិជាតិ៕
វីដេអូ៖