ភ្នំពេញ៖ ផែនការផ្គត់ផ្គង់ស្វាយចន្ទីចំនួន ៩ តោន នៅក្នុងខែឧសភា របស់សិប្បកម្មកែច្នែគ្រាប់ស្វាយចន្ទី ជ័យសំបូរ ទៅឱ្យក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីនាំចេញទៅប្រទេសជប៉ុន នឹងត្រូវលើកទៅខែមិថុនា។ នេះបើយោងតាមអ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នែគ្រាប់ស្វាយចន្ទីជ័យសំបូរ។
កាលពីដើមខែឧសភានេះ សិប្បកម្មទើបបានបញ្ជូនស្វាយចន្ទីចំនួន ៨ តោន ទៅឱ្យក្រុមហ៊ុនបញ្ជាទិញ Top Planning Japan Co., Ltd សម្រាប់កិច្ចសន្យាខែមេសា។ ភាពយឺតយ៉ាវនេះ ត្រូវបានម្ចាស់សិប្បកម្មលើកឡើងថា ដោយសារការកាត់បន្ថយចំនួនកម្មករធ្វើការប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
អ្នកស្រី អ៊ឹន ឡៃហួត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១០ ខែឧសភាថា ព្រឹត្តិការណ៍សហគម ២០ កុម្ភៈ បានជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដោយនៅពេលនេះ ចំនួនបុគ្គលិកធ្វើការក្នុងសិប្បកម្មត្រូវបែងចែងជា ២ ក្រុមធ្វើការឆ្លាស់គ្នា។ ការបែងចែកកម្លាំងពលកម្មបានធ្វើឱ្យសមត្ថភាពផលិតរបស់រោងចក្រធ្លាក់ចុះមួយកម្រិត។
លោកស្រីបន្តថា ជាក់ស្តែងបរិមាណដែលក្រុមហ៊ុន Top Planning Japan Co., Ltd បញ្ជាទិញ ៨ តោន សម្រាប់នាំចេញក្នុងខែមេសា សិប្បកម្មទើបតែផ្តល់ឱ្យកាលពីសប្តាហ៍មុនប៉ុណ្ណោះ ខណៈបរិមាណ ៩ តោនក្នុងខែឧសភា អាចនឹងឈានទៅដល់ដើមខែមិថុនា។
លោកស្រីអះអាងថា៖ «ទោះបីសិប្បកម្មមិនមានអ្នកធ្វើការគ្រាប់គ្រាន់ ប៉ុន្តែយើងនឹងខិតខំផលិតឱ្យបានគ្រប់ ៩ តោន ទោះអាចយឺតបន្តិចក្តី។ បញ្ហានេះខ្ញុំបានប្រាប់ទៅក្រុមហ៊ុនបញ្ជាទិញឱ្យយោគយល់រួចហើយ»។
យោងតាមលោកស្រី ឡៃហួត ស្វាយចន្ទីដែលសិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូ ទើបបញ្ជូនឱ្យក្រុមហ៊ុននាំចេញទៅប្រទេសជប៉ុន ជាលើកដំបូងកាលពីសប្តាហ៍មុន មានចំនួន ៣ ប្រភេទ (មិនបែក បែកតិចតួច និងបែកខ្លាំង)។ សិប្បកម្មនេះ មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានពី ២-៣ តោន ក្នុង ១ ថ្ងៃ និងមានលទ្ធភាពបកគ្រាប់ស្វាយចន្ទីស្រស់ ១០ តោនក្នុង ១ ថ្ងៃ។
Top Planning Japan Co., Ltd គឺជាក្រុមហ៊ុនដែលបានផ្តល់ប្រាក់ចំនួន ២០ ម៉ឺនដុល្លារសម្រាប់ជួយសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ យោងតាមកិច្ចសន្យាសិប្បកម្មនេះ ត្រូវផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឱ្យក្រុមហ៊ុនជប៉ុន Top Planning Japan Co., Ltd ចំនួន ៩០ តោន ក្នុង ១ ឆ្នាំនៅដំណាក់កាលដំបូង។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីបានចំនួន ២១៨ ៩៨១ តោន កើនឡើងពីចំនួន ២០២ ៣១៨ តោន ក្នុងឆ្នាំ ២០១៩។គ្រាប់ស្វាយចន្ទីត្រូវបាននាំទៅប្រទេសវៀតណាម ជប៉ុន រុស្ស៊ី ចិន ហុងកុង ថៃ បារាំង កូរ៉េខាងត្បូង តួកគី និង បង់ក្លាដែស ម៉ាឡេស៊ី ហូឡង់ និងប្រទេសឡាវ៕